ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ព្រះមហាក្សត្រ ត្រាស់បង្គាប់​លើកលែងទោស​​ លោក ឈឿន ចាន់ថន អតីត​មេ​អង្គរក្ស​សម្ដេច ជា ស៊ីម

109

ភ្នំពេញ​៖ លោក ឈឿន ចាន់ថន អតីត​មេ​អង្គរក្ស​សម្ដេច ជា ស៊ីម ត្រូវបាន​ព្រះមហាក្សត្រ សម្ដេចព្រះ​នរោត្តម បរមនាថ សីហមុនី ត្រាស់បង្គាប់​លើកលែងទោស ។ នេះ​បើតាម​ព្រះរាជក្រឹត្យ​ព្រះមហាក្សត្រ ចុះ​ថ្ងៃទី​១២ វិច្ឆិកា ឆ្នាំ​២០១៨ ហើយ​ទើប​ផ្សព្វផ្សាយ​នៅពេលនេះ​។​

យោងតាមព្រះរាជក្រឹត្យលើកលែងទោស ដែលព្រះមហាក្សត្រ ឡាយព្រះហត្ថលេខា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយទើបតែត្រូវបានផ្សព្វផ្សាយនាថ្មីៗនេះថា “ ត្រាស់បង្គាប់ ត្រូវបានលើកលែងទោសឲ្យទណ្ឌិតឈ្មោះ ឈឿន ចាន់ថន ហៅ ម៉ៅ ភេទប្រុស អាយុ៤១ឆ្នាំ ពីបទរំលោភលើទំនុកចិត្ត បំផ្លិចបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត លក់ដូរ និងចែកចាយអាវុធ បំផ្លិចបំផ្លាញសម្ភារយោធា សម្រាប់បម្រើការប្រយុទ្ធ និងខ្វះស្មារតីទទួលខុសត្រូវ ក្នុងការដឹកនាំគ្រប់គ្រងអង្គភាព តាមអំណាចសាលដីកាលេខ៣២២ ចុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ របស់តុលាការកំពូល ដែលបានផ្តន្ទាទោស តាមអំណាចសាលដីកាព្រហ្មទណ្ឌលេខ ៦៥ ក្រ IV អ/១២ ខែសីហា ឆ្នាំ២០១៤ របស់សាលាឧទ្ធរណ៍។ សម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា ត្រូវអនុវត្តន៍ឲ្យបានសម្រេចនូវព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខា”។

តុលាការ​ដាក់​បទ​ចោទ​លោក ឈឿន ចាន់ថន នេះ តាម​មាត្រា​៦០១ ៤៤៧ ៣៩២ នៃ​ក្រមព្រហ្មទណ្ឌ មាត្រា​២០ នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​អាវុធជាតិផ្ទុះ និង​រំសេវ និង​មាត្រា​៩ នៃ​ក្រឹត្យច្បាប់​លេខ​០៤ ឆ្នាំ​១៩៨១​។ តាមរយៈ​បទ​ចោទ​ទាំងនេះ តុលាការ​បានសម្រេច​ផ្តន្ទាទោស​អតីត​មេបញ្ជាការ​កង​អង្គរក្ស​សម្ដេច ជា ស៊ីម រូបនេះ ឲ្យ​ជាប់ពន្ធនាគារ​១៥​ឆ្នាំ​។

អតីតឧត្តមសេនីយ៍ឯក ឈឿន ចាន់ថន ហៅ ម៉ៅ ជាមេបញ្ជាការកងអង្គរក្សសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួន កាលពីព្រឹកព្រលឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១១ រួមជាមួយអង្គរក្ស៣នាក់ផ្សេងទៀត នៅក្នុងភូមិគ្រឹះរបស់លោក ដែលមានតម្លៃជិត១លានដុល្លារ លេខ៦៥ ផ្លូវលេខ៩៥ ស្ថិតក្នុងសង្កាត់បឹងកេងកទី៣ ខណ្ឌចំការមន រាចធានីភ្នំពេញ។

ការចាប់ខ្លួនគួរឲ្យភ្ញាក់ផ្អើលនេះ គឺបន្ទាប់ពីមានព្រះរាជក្រឹត្យ ដកហូតឋានន្តរស័ក្តិ និងតួនាទី ដែលព្រះមហាក្សត្រ ឡាយព្រះហស្តលេខា កាលពីថ្ងៃទី១២​ ខែសីហា ឆ្នាំ២០១១។ មានន័យថា ការចាប់ខ្លួននេះ ធ្វើឡើងជាបន្ទាន់តែម្ដង។ ជាមួយគ្នា ក៏មានអនុក្រឹត្យតែងតាំង​ លោកឧត្តមសេនីយ៍ឯក យឹម លាង ឲ្យទទួលតំណែង ជាមេបញ្ជាការកងអង្គរក្ស ជំនួសលោក ឈឿន ចាន់ថន វិញ។

ក្រោយការចាប់ខ្លួន លោក ឈឿន ចាន់ថន ហៅម៉ៅ ត្រូវតុលាការកម្ពុជា សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ១៥ឆ្នាំ ក្រោម​ការ​ចោទ​ប្រកាន់​ចំនួន៥ករណី ទី១-ចោទ​ពី​បទ​លក់​ដូរ ​និង​ក្លែង​លិខិត​ស្នាម ទី២-ចោទ​ពី​បទ​ខ្វះ​ស្មារតី​ទទួល​ខុស​ត្រូវ ​និង​មិន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ភារកិច្ច​របស់​ខ្លួន​ ទី៣-ចោទ​ពី​បទ​រំលោភ​លើ​សេចក្តី​ទុក​ចិត្ត ទី៤-ជាប់​ចោទ​ពី​បទ​បំផ្លិច​បំផ្លាញ ​និង​កិបកេង​សម្បត្តិ​រដ្ឋ​យក​ផ្ទាល់​ខ្លួន និងទី៥-ចោទ​ពី​បទ​បំផ្លាញ​សម្ភារ ​អាច​ធ្វើ​ឲ្យ​អន្តរាយ ​ដល់​ក្រសួង​ការពារ​ជាតិ និង​ពិន័យ​ប្រាក់១០លាន​រៀល ចូល​ថវិកា​ជាតិ៕

អត្ថបទដែលជាប់ទាក់ទង