នគរបាលបញ្ជាក់ថា កុមារខ្មែរឥស្លាមពីរនាក់ ត្រូវអគ្គីភ័យឆេះស្លាប់ ទំនងជាដែកកេះបង្កាត់ភ្លើងឆុងមីហូប
ពោធិសាត់៖ នារសៀលថ្ងៃទី១៥ មករា ឆ្នាំ២០១៩នេះ កុមារខ្មែរឥស្លាមពីរនាក់បងប្អូនរស់ នៅភូមិរលាប ក្រុងពោធិ៍សាត់ ខេត្តពោធិសាត់ បានស្លាប់ដោយសារភ្លើងឆេះខ្ទមដែលស្នាក់នៅពេល ឪពុកម្តាយទៅស៊ីឈ្នួល មើលក្របីឲ្យគេ ដោយសារជីវភាពទីទ័លក្រីក្រ។ សមត្ថកិច្ច សន្និដ្ឋានថា អគ្គីភ័យនេះ គឺកើតឡើងប្រហែលជាក្មេងទាំងពីរនាក់ បានយកដែកកេះ បង្កាត់ភ្លើងដាំទឹកឆុងមី ទើបបណ្តាលឲ្យមានអគ្គិភ័យ កើតឡើង។
ក្មេងប្រុស-ស្រី២នាក់ ត្រូវបានស្លាប់ក្នុងភ្នក់ភ្លើង ក្នុងហេតុការណ៍ភ្លើងឆេះផ្ទះមួយខ្នង នៅចំណុចក្បាលខ្មោច ស្ថិតនៅក្នុងភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់។
ករណីនេះបណ្តាលឲ្យផ្ទះ១ខ្នង ទំហំ៣ម៉ែត្រគុណនឹង៤ម៉ែត្រ ដំបូលប្រក់ស្បូវ ជញ្ជាំងស័ង្កសី កម្ពស់ ២ម៉ែត្រ ជាផ្ទះរបស់ឈ្មោះ ត ឯល ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរឥស្លាម និងប្រពន្ធឈ្មោះ សី ធាង អាយុ៣១ឆ្នាំ រស់នៅម្តុំចំណុច អណ្តូងតាជុគ (ក្បាលខ្មោច ) ភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ ឆេះអស់ទាំងស្រុង។
ជនរងគ្រោះស្លាប់នៅក្នុងអគ្គិភ័យខាងលើ រួមមាន៖ទី១-ឈ្មោះ ឯល ម៉ាត់ ភេទប្រុស អាយុ៧ឆ្នាំ, ទី២-ឈ្មោះ ឯល ម៉ៃ ភេទស្រី អាយុ៣ឆ្នាំ បានស្លាប់ក្នុងភ្លើងឆេះផ្ទះនេះ។
ប្រភពព័ត៌មានពីឪពុក ម្តាយក្មេងជនរងគ្រោះ បានឲ្យដឹងថា នៅពេលដែលម្តាយ ទៅច្រូតស្បូវចំងាយពីផ្ទះប្រហែល ៥០០ម៉ែត្រ និងឪពុកទៅមើលក្របី ចំងាយប្រហែល ៣គីឡូម៉ែត្រ និងកូនប្រុសច្បង អាយុ ៩ឆ្នាំ ទៅចងគោ ហើយពួកគាត់បានទុកកូនតូចទាំងពីរ នៅផ្ទះ ហើយកន្លែងកើតហេតុ នៅឆ្ងាយដាច់ៗពីផ្ទះគេ ដូច្នេះហើយបានជាមិនមានអ្នកណាដឹង មិនអាចមកជួយទាន់ពេលវេលា។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ច និងប្រជាពលរដ្ឋ បានឲ្យដឹងថា អគ្គីភ័យនេះ គឺកើតឡើងប្រហែលជាក្មេងទាំងពីរនាក់ បានយកដែកកេះបង្កាត់ភ្លើងដាំទឹកឆុងមី ទើបបណ្តាលឲ្យមានអគ្គិភ័យ កើតឡើងដូច្នេះ។ រីឯសម្ភារៈខូចខាតមាន៖ស្រូវ១០ការ៉ុង អង្ករ២០ការ៉ុង នឹងសម្ភារៈមួយចំនួនទៀត ៕