ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បាល់ទាត់២១ក្រុមចូលរួមប្រកួតដណ្ដើមពានរង្វាន់រដ្ឋមន្ត្រីក្រសួងអប់រំឆ្នាំ២០១៩នេះ

106

​ភ្នំពេញ:ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់​​ លោករដ្ឋមន្ត្រីក្រសួងអប់រំយុវជន និង កីឡាហង់ជួន ណារ៉ុនឆ្នាំនេះមានចំនួន២១ក្រុមចូលរួម ។
​ការចាប់ឆ្នោត និង ប្រជុំបច្ចេកទេសបានធ្វើឡើង នៅល្ងាចថ្ងៃទី១៥មករាក្រោមការចូលរួមរបស់លោកអ៊ុកសិទ្ធជាតិ អគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំយុវជន និង កីឡា ។
នេះជាការប្រកួតលើកទី២ដែលកាលពីលើកទី១ មានតែ៧ក្រុមប៉ុណ្ណោះចូលរួមគឺក្រុមទាំង៧ ចំណុះអគ្គនាយកដ្ឋានក្រសួងអប់រំតែម្ដង ។កាលនោះការប្រកួត មានចំនួន២១ប្រកួតហើយក្រុមអគ្គនាយកដ្ឋានកីឡា បានចំណាត់ថ្នាក់លេខ ១ អគ្គនាយកដ្ឋានអប់រំបានចំណាត់ថ្នាក់លេខ ២ និង អគ្គនាយកដ្ឋានឧត្តមសិក្សាបានចំណាត់ថ្នាក់លេខ ៣ ។ ​សម្រាប់ការប្រកួតលើកទី២ឆ្នាំ២០១៩នេះ មាន២១ក្រុមចូលរួមគឺក្រុមទាំង៧ពីឆ្នាំចាស់ និង១៤ក្រុមមកពីរាជធានី-ខេត្តគឺមន្ទីរអប់រំយុវជន និង កីឡាខេត្តស្វាយរៀង ប៉ៃលិន ព្រៃវែង កំពង់ធំ ព្រះវិហារ កំពង់ឆ្នាំង រាជធានីភ្នំពេញ កណ្ដាល ត្បូងឃ្មំ កែប ស្ទឹងត្រែង តាកែវ កំពង់ស្ពឺ និង កោះកុង ។

​ការប្រកួតចែកចេញជា៤ពូលដែលពូលAមាន៦ក្រុម ឯ ៣ពូលទៀតមានតែ៥ក្រុមប៉ុណ្ណោះ ។ ការប្រកួតមានចំនួន៥៣ប្រកួតហើយការប្រកួត មានរយៈពេល៩០នាទីមិនតែប៉ុណ្ណោះ ក្រុមនីមួយៗមានសិទ្ធចុះបញ្ជីកីឡាករចំនួន៣៥រូប ហើយការផ្លាស់ប្ដូរកីឡាករគឺប្ដូរបានដោយមិនកំណត់ ។​
​ដោយសារកីឡាករសុទ្ធតែមានវ័យចំណាស់នោះមិនមានការប្រកួតបន្ថែមម៉ោងឡើយ តែក្នុងករណីស្មើគ្នាត្រូវកំណត់ការចាញ់-ឈ្នះ ដោយទាត់បាល់១១ម៉ែត្រតែម្ដង ។កីឡាករត្រូវតែស្ថិតក្នុងក្របខ័ណ្ឌអគ្គនាយដ្ឋាន និង មន្ទីរដែលចំណុះក្រសួងអប់រំយុវជន និង កីឡា ។
​មិនអនុញ្ញាតឲ្យអតីតកីឡាករជម្រើសជាតិបាល់ទាត់លេងឡើយ ហើយក្នុងករណីបន្លំកីឡាករនឹងត្រូវទទួលលិខិតស្ដីបន្ទោសពីក្រសួងអប់រំយុវជន និង កីឡាព្រមទាំងកំណត់ឲ្យចាញ់គ្រប់ការប្រកួត ។ក្នុងករណីបោះបង់ចោលការប្រកួតនោះ នឹងត្រូវពិន័យជាប្រាក់ចំនួន២.០០០.០០០រៀល ព្រមទាំងមិនអនុញ្ញាតឲ្យដាក់ពាក្យចូលរួមប្រកួត នាឆ្នាំក្រោយទៀតឡើយ ។
​ក្រុមណាដែលដណ្ដើមពាន៣ឆ្នាំជាប់ៗគ្នានោះ នឹងបានទទួលពាននេះផ្ដាច់តែម្ដង ។ ការប្រកួតនឹងចាប់ផ្ដើមនៅអម្លុងសប្ដាហ៍ទី២នៃខែកុម្ភៈ ។

អត្ថបទដែលជាប់ទាក់ទង