បញ្ជរបង់លុយចតរថយន្តនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ធ្វើឲ្យយឺត
ភ្នំពេញ៖ លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រតិកម្ម រឿងប្រព័ន្ធគិតលុយកន្លែងចតយានយន្ត ដែលមានសាំញ៉ាំ ធ្វើឲ្យយឺតយ៉ាវខាតពេញវេលា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។ ករណីនេះ ត្រូវបានលោករដ្ឋមន្រ្តីិយាយថា ម៉ាពិភពលោកមានតែស្រុកខ្មែរ ដែលបង់លុយបែបនេះ។
លោកបានបញ្ជាក់តាមរយៈផេកហ្វេសប៊ុកនៅថ្ងៃទី១៦មករានេះថា “ភ្ញៀវកាន់តែច្រើន ប្រព័ន្ធបង់លុយចតរថយន្តនៅអាកាសយានដ្ឋានភ្នំពេញ កាន់តែប្រឹងធ្វើឲ្យយឺត ។ ធម្មតាគេបង់លុយនៅបញ្ជរចេញ តែនេះអ្នកបេីកឡានត្រូវឈប់ឡាននៅបញ្ជរចេញហេីយរត់ទៅបង់លុយនៅកន្លែងផ្សេង ។ ដេីរម៉ាពិភពលោក ទេីបឃើញក្បាច់នេះមួយ !”។
សូមបញ្ជាក់ថា លោកស្រី CHLOE LAPEYRE អគ្គនាយកក្រុមហ៊ុន CAMBODIA Airports មានប្រសាសន៍ថា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដាក់ឱ្យដំណើរការនូវប្រព័ន្ធប្រភេទថ្មី ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ចេញ-ចូល នៅក្នុងព្រលានយន្តហោះ ជាពិសេសដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ នៅមុខព្រលានយន្តហោះ។
លោកស្រីមានប្រសាសន៍ថា ការដាក់ឱ្យដំណើរការនូវប្រព័ន្ធប្រភេទថ្មីនេះ នឹងផ្តល់ភាពងាយស្រួល ក្នុងការធ្វើចរាចរណ៍ ចេញ និងចូល នៅក្នុងព្រលានយន្តហោះរហូតដល់ទៅ ៣ដង។ នេះគឺចង់សំដៅទៅដល់រថយន្ត ដែលបានចរាចរនៅក្នុងព្រលានយន្តហោះ អាចចេញ-ចូល បានឆាប់រហ័សជាងមុន និងដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ជាពិសេសប្រព័ន្ធថ្មីនេះ មានប្រព័ន្ធសុវត្ថិភាពខ្ពស់លើការគ្រប់គ្រងថវិកា ដោយតម្រូវឱ្យអ្នកចេញ-ចូល ត្រូវបង់ថវិកាតាមរយៈម៉ាស៊ីនប្រភេទថ្មីនេះ មានភាពងាយស្រួលជាងមុន។ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បើកឱ្យដំណើរកាចំណតម៉ូតូសាធារណៈ និងចំណតតាក់ស៊ី។ ក្រុមហ៊ុនចាប់ផ្តើមដាក់ឱ្យដំណើរការកាតពណ៌ស្វាយ ដែលមានសារសំខាន់ចំនួន៣ សំខាន់ៗ ដែលធ្វើឱ្យរថយន្តអាចចេញចូល បានលឿនដើម្បីដាក់ភ្ញៀវចុះ និងអត្ថប្រយោជន៍ច្រើនទៀត ដោយមិនតម្រូវឱ្យអ្នកដែលមានកាតប្រភេទនេះ ចុះទៅបង់ប្រាក់ ប៉ុន្តែត្រូវបានអនុញ្ញាតឱ្យប្រព័ន្ធប្រភេទថ្មីនេះ បើកច្រកទាំងចេញ-ទាំងចូល ដោយស្វ័យប្រវត្តិតែម្តង។ តម្លៃចូលចតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ម៉ូតូកង់បី និងម៉ូតូតម្លៃ ២០០០រៀល គឺបង់នៅបញ្ជរបង់ប្រាក់ របៀបទំនើបគ្មានបុគ្គលិករង់ចាំទទួល គឺបង់លុយក្នុងម៉ាស៊ីនស្វ័យប្រវត្តិ។ ចំណែករថយន្តធុនតូចចតនៅព្រលានយន្តហោះ តម្លៃក្នុង ១៥នាទី តម្លៃ ៤០០០រៀល ចូលចតលើសពី ១៥នាទីឡើងទៅ ត្រូវគិតបន្ថែមទៀត៕