រថយន្តយីឌុប បុកកិនបុរសម្នាក់ ជិះម៉ូតូ អូសជាប់ច្រើនម៉ែត្រ របួស២នាក់ ដាច់ដៃដាច់ជើងខ្ទេច
ភ្នំពេញ ៖ បុរស២នាក់រងរបួសធ្ងន់ធ្ងរ ដាច់ដៃដាច់ជើងខ្ទេច ក្នុងគ្រោះថ្នាក់ចរាចរ រថយន្តដឹកដី បើកកិនអូសម៉ូតូ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ ។
ជនរងគ្រោះ ឈ្មោះ អ៊ឹង ណុយ ភេទប្រុស អាយុ៣៨ឆ្នាំ កសិករ រស់នៅភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី ខេត្តតកែវ របួសក្នុងសភាពដាច់ដៃ ជើងខ្ទេច ។ ជនរងគ្រោះជិះម៉ូតូ មួយគ្រឿងម៉ាក ហុងដា សេ១២៥ សេរី២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1Z-1370 និងរួមដំណើរដោយឈ្មោះ រឿន កញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅ ជាមួយគ្នា បែកដាច់ប្រអប់ជើង ។ ចំណែករថយន្តបង្ក ម៉ាក ហ៊ីយ៉ាន់ដាយ បែន យីឌុប ដឹកដី ពណ៌ ស ពាក់ស្លាកលេខ បាត់ដំបង 3A-1851 ជារថយន្ត របស់ករុមហ៊ុន ការដ្ឋានធ្វើផ្លូវជាតិលេខ៣ ។
តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ជិះម៉ូតូឌុបគ្នា ពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ត្រូវបានរថយន្តបង្កបើកច្រាសទិស បុកកិនអូសជាច្រើនម៉ែត្រ បណ្តាលឲ្យជនរងគ្រោះ ដាច់ដៃ ដាច់ជើងខ្ទេច ។
តាមពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ ក្នុងសភាពមើលទៅគួរឲ្យរន្ធត់ មានរថយន្តគ្លីនិកឯកជនច្រើនគ្រឿង ប្រជែងគ្នា បំណងទៅដឹកយកជនរងគ្រោះដែរ តែដល់មើលឃើញ ក្នុងសភាពបែបនេះ នាំគ្នាបើករតគេចចេញបាត់អស់ ទើបពលរដ្ឋទូរស័ព្ទហៅ រថយន្តសង្រ្គោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ទៅជួយអន្តរាគមន៍ ដឹកយកជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យព្រះកុសុមៈ ។
ជនរងគ្រោះបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ឯរថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ក្រុងភ្នំពេញ ដើម្បីកសាងសំណុំរឿង តាមនីតិវិធី ៕