តើកង្កែបយក្យនៅតំបន់អាម៉ាហ្សូន អាចជួយជីវិត រាប់លាន បានយ៉ាងដូចម្តេច?
ក្រសួងបរិស្ថាន បានផ្សាយកាលពីថ្ងៃទី១៧ខែមករាថា ភាពស៊ាំនឹងថ្នាំប្រឆាំងមេរោគ ដែលធ្វើឱ្យថ្នាំអង់ទីប៊ីយ៉ូទិចគ្មានប្រសិទ្ធភាព ជាវិបត្តិដ៏ធំបំផុតមួយប្រចាំសតវត្សរ៍ទី២១។ នេះបើយោងតាមលោក Juan Carlos Castilla-Rubio ដែលជានាយកក្រុមហ៊ុន Space Time Ventures ដែលបានលើកឡើង ដូច្នេះនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំ របស់វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) នៅទីក្រុង Davos ប្រទេសស្វីស។
ភាពស៊ាំនេះ មួយផ្នែកធំបណ្តាលមកពី ការប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទិចក្នុងថ្នាំ និងកសិកម្មច្រើនលើសកម្រិត។ ម្យ៉ាងវិញទៀត វាបណ្តាលមកពីគ្មានថ្នាំអង់ទីប៊ីយ៉ូទិចថ្មីៗ ណាមួយ ត្រូវបានគេរកឃើញឡើយ ចាប់តាំងពីឆ្នាំ១៩៨៧មក ជាហេតុធ្វើឱ្យការស្លាប់ ដោយសារភាពស៊ាំនឹងថ្នាំ ប្រឆាំងមេរោគ អាចនឹងកើនឡើងរហូតដល់ទៅ ១0លាននាក់ក្នុងមួយឆ្នាំ គិតត្រឹមឆ្នាំ២0៥0។ នេះបើយោងតាមការស្រាវជ្រាវមួយ ដែលធ្វើឡើងដោយរដ្ឋាភិបាលរបស់ចក្រភពអង់គ្លេស ដែលផ្សាយលើវេបសាយ www.weforum.org។
ថ្មីបើយ៉ាងនេះក្តី លោក Castilla-Rubio បានលើកឡើងថា ការរុករកឃើញថ្មីផ្នែកជីវសាស្ត្រ អាចជួយស្រោចស្រង់ជីវិតមនុស្សបាន។ លោកបានពន្យល់បន្ថែមថា កង្កែបយក្យ (Giant Monkey Frogs) អាចជាប្រភពថ្មីសម្រាប់ការបង្កើតថ្នាំអង់ទីប៊ីយ៉ូទិចថ្មីៗ។ ទិន្នន័យទទួលបានពីមជ្ឈមណ្ឌលជាតិ សម្រាប់ព័ត៌មានជីវបច្ចេកវិទ្យា (National Center for Biotechnology Information) បង្ហាញថា ស្បែកកង្កែប ជាប្រភពសម្រាប់ផលិតសមាសធាតុអាមីណូអាស៊ី ប្រឆាំងនឹងពពួកមីក្រុបបានចំនួន ៣00ប្រភេទខុសៗគ្នា ដែលផ្តោតសំខាន់លើពពួកវីរុស និងបាក់តេរី។
យោងតាមការសិក្សាដែលបោះពុម្ភផ្សាយដោយទស្សានាវដ្តី The Royal Society មិនមែនមានតែកង្កែបប៉ុណ្ណោះទេ ដែលអាចដោះស្រាយវិបត្តិទាក់ទង នឹងថ្នាំអង់ទីប៊ីយ៉ូទិច។ ដំណោះស្រាយនេះ ក៏អាចរកឃើញនៅលើសត្វស្រមោចភាគច្រើនដែរ។ ស្រមោចជាច្រើនប្រភេទ អាចផលិតសារធាតុប្រឆាំង នឹងថ្នាំអង់ទីប៊ីយ៉ូទិច ដែលអាចមានប្រយោជន៍ដល់មនុស្ស។
លោក Castilla-Rubio បានបន្ថែមថា ព្រៃទាក់ទាញទឹកភ្លៀងនៅតំបន់អាម៉ាហ្សូន ជាប្រភពសម្រាប់បង្កើតថ្នាំថ្មីៗ រាប់បញ្ចូលទាំងថ្នាំអង់ទីប៊ូយ៉ូទិចថ្មីរហូតដល់ទៅ ២៥ភាគរយ។ លោកបានបន្ថែមថា ការប្រើពិភពធម្មជាតិ ជាប្រភពសម្រាប់បង្កើតថ្នាំអង់ទីប៊ីយ៉ូទិចថ្មី អាចជួយដោះស្រាយបញ្ហាសេដ្ឋកិច្ចផ្អែកលើជីវចម្រុះ បានរាប់ម៉ឺនលានដុល្លារអាមេរិក៕