ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បាល់ទាត់២១ក្រុមចូលរួមប្រកួតដណ្ដើមពានរង្វាន់ រដ្ឋមន្ត្រីក្រសួងអប់រំឆ្នាំ២០១៩នេះ

108

​ភ្នំពេញ:ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់លោករដ្ឋមន្ត្រីក្រសួងអប់រំយុវជន និង កីឡាហង់ជួន ណារ៉ុនឆ្នាំនេះមានចំនួន២១ក្រុមចូលរួម ។

​ការចាប់ឆ្នោត និង ប្រជុំបច្ចេកទេសបានធ្វើឡើងនៅល្ងាចថ្ងៃទី១៥មករាក្រោម ការចូលរួមរបស់លោកអ៊ុកសិទ្ធជាតិអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំយុវជន និង កីឡា ។
នេះជាការប្រកួតលើកទី២ដែលកាលពីលើកទី១មានតែ៧ក្រុមប៉ុណ្ណោះចូលរួមគឺក្រុមទាំង៧ចំណុះអគ្គនាយកដ្ឋានក្រសួងអប់រំតែម្ដង ។កាលនោះការប្រកួតមានចំនួន២១ប្រកួតហើយក្រុមអគ្គនាយកដ្ឋានកីឡាបានចំណាត់ថ្នាក់លេខ ១ អគ្គនាយកដ្ឋានអប់រំបានចំណាត់ថ្នាក់លេខ ២ និង អគ្គនាយកដ្ឋានឧត្តមសិក្សាបានចំណាត់ថ្នាក់លេខ ៣ ។

សម្រាប់ការប្រកួតលើកទី២ឆ្នាំ២០១៩នេះមាន២១ក្រុមចូលរួម គឺក្រុមទាំង៧ពីឆ្នាំចាស់ និង១៤ក្រុមមកពីរាជធានី-ខេត្តគឺមន្ទីរអប់រំយុវជន និង កីឡាខេត្តស្វាយរៀង ប៉ៃលិន ព្រៃវែង កំពង់ធំ ព្រះវិហារ កំពង់ឆ្នាំង រាជធានីភ្នំពេញគណ្ដាល ត្បូងឃ្មំ កែប ស្ទឹងត្រែង តាកែវ កំពង់ស្ពឺ និង កោះកុង ។

​ការប្រកួតចែកចេញជា៤ពូលដែលពូលAមាន៦ក្រុម ឯ ៣ពូលទៀតមានតែ៥ក្រុមប៉ុណ្ណោះ ។ ការប្រកួតមាន
ចំនួន៥៣ប្រកួតហើយការប្រកួតមានរយៈពេល៩០នាទីមិនតែប៉ុណ្ណោះក្រុមនីមួយៗមានសិទ្ធចុះបញ្ជីកីឡាករចំនួន៣៥
រូបហើយការផ្លាស់ប្ដូរកីឡាករគឺប្ដូរបានដោយមិនកំណត់ ។​

ដោយសារកីឡាករសុទ្ធតែមានវ័យចំណាស់នោះមិនមានការប្រកួតបន្ថែមម៉ោងឡើយតែក្នុងករណីស្មើគ្នាត្រូវកំណត់ការចាញ់-ឈ្នះដោយទាត់បាល់១១ម៉ែត្រតែម្ដង ។កីឡាករត្រូវតែស្ថិតក្នុងក្របខ័ណ្ឌអគ្គនាយដ្ឋាន និង មន្ទីរដែល
ចំណុះក្រសួងអប់រំយុវជន និង កីឡា ។
មិនអនុញ្ញាតឲ្យអតីតកីឡាករជម្រើសជាតិបាល់ទាត់លេងឡើយហើយក្នុងករណីបន្លំកីឡាករនឹងត្រូវទទួលលិខិតស្ដីបន្ទោសពីក្រសួងអប់រំយុវជន និង កីឡាព្រមទាំងកំណត់ឲ្យចាញ់គ្រប់ការប្រកួត ។ក្នុងករណីបោះបង់ចោល
ការប្រកួតនោះនឹងត្រូវពិន័យជាប្រាក់ចំនួន២.០០០.០០០រៀលព្រមទាំងមិនអនុញ្ញាតឲ្យដាក់ពាក្យចូលរួមប្រកួតនាឆ្នាំ
ក្រោយទៀតឡើយ ។

​ក្រុមណាដែលដណ្ដើមពាន៣ឆ្នាំជាប់ៗគ្នានោះនឹងបានទទួលពាននេះផ្ដាច់តែម្ដង ។ ការប្រកួតនឹងចាប់ផ្ដើមនៅអម្លុងសប្ដាហ៍ទី២នៃខែកុម្ភៈ ។

អត្ថបទដែលជាប់ទាក់ទង