បោសសំអាតគ្រាប់មីន រំដោះផ្ទៃដី ជូនប្រជាពលរដ្ឋ លើកកម្ពស់ខាងសេដ្ឋកិច្ចសង្គម
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រសកម្មភាពរបស់អង្គភាពស៊ីម៉ាក់ ក្នុងការបោសសំអាតគ្រាប់មីន រំដោះផ្ទៃដី ជូនប្រជាពលរដ្ឋ មិនត្រឹមតែការពារសុខសុវត្ថិភាពប៉ុណ្ណោះទេ តែថែមទាំងជួយជំរុញ លើកកម្ពស់ខាងសេដ្ឋកិច្ចសង្គម និងកាត់បន្ថយភាពក្រីក្រ។
បើតាមផេកហ្វេសប៊ុកផ្លូវការរបស់លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ បានកាលពីថ្មីនេះ បានសរសេរថា ផ្អែកលើការវាយតម្លៃការអនុវត្តគម្រោង “សមាហរណកម្មការបោសសំអាតគ្រាប់មីន និងជួយជនរងគ្រោះ ដោយសារមីនដំណាក់កាលទី៣” ដែលផ្តល់ថវិកា ដោយរដ្ឋាភិបាលជប៉ុន ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រសកម្មភាពរបស់អង្គភាពស៊ីម៉ាក់។ ការវាយតម្លៃសេដ្ឋកិច្ចសង្គមនេះ បានធ្វើនៅតំបន់គោលដៅ ចំនួន១១ភូមិ លើគ្រួសារចំនួន១.៣៧៥គ្រួសារ ជារួមឃើញថា ការបោសសំអាតគ្រាប់មីន ជូនគ្រួសាររងការគំរាមកំហែង ដោយសារតំបន់ចំការមីន អាចជួយបង្កើនប្រាក់ចំណូល ជាមធ្យមប្រចាំគ្រួសារ បានចំនួន៧៩,៥ភាគរយ ដោយកើនឡើងពី២.០៦៧ដុល្លារ ក្នុងឆ្នាំ២០១៥ ដល់៣.៧១០ដុល្លារក្នុងឆ្នាំ២០១៧ ហើយបើគិតដកកំណើនសេដ្ឋកិច្ចជាតិ កើនឡើងជាង៧ភាគរយ ក្នុងមួយឆ្នាំៗ ក្នុងរយៈពេល៣ឆ្នាំនោះ ឃើញថាគម្រោងនេះ បានជួយបង្កើនសេដ្ឋកិច្ចគ្រួសារទាំងនោះ ចំនួន ៥៧ភាគរយ ស្មើនឹងប្រមាណ១.១៧៨ដុល្លារអាមេរិកក្នុងមួយគ្រួសារ។
លោកអគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា ការវាយតម្លៃនេះ ធ្វើឡើងដោយឯករាជ្យពីក្រុមហ៊ុន Multi-Angles ដែលជួលដោយភាគីជប៉ុន។
ដូចនេះការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការបោសសំអាតគ្រាប់មីន រំដោះផ្ទៃដី ជូនប្រជាពលរដ្ឋ មិនត្រឹមតែការពារសុខសុវត្ថិភាពប៉ុណ្ណោះទេ តែថែមទាំងជួយជំរុញ លើកកម្ពស់ខាងសេដ្ឋកិច្ចសង្គម និងកាត់បន្ថយភាពក្រីក្រផងដែរ៕