ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់រថយន្តពីរគ្រឿង ដឹកឈើប្រណីតកកោះ ជាង៥ម៉ែត្រគុប

104


ខេត្តស្ទឹងត្រែង: រថយន្តសាំយ៉ុង ចំនួនពីរគ្រឿង បានដឹកឈើកកោះចេញពីស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ក្នុងបំណងយកទៅលក់ នៅប្រទេសវៀតណាម ត្រូវបានកម្លាំងចម្រុះរបស់ខេត្តខេត្តស្ទឹងត្រែង ដែលបានឈរជើងនៅចំណុចភ្នំក្រហម ស្ទាក់ចាប់ កាលពីម៉ោងជាង៦ព្រឹក ថ្ងៃសុក្រ ទី១៨ ខេមករា។

សមត្ថកិច្ច បានបន្ថែមថា ម្ចាស់ឈើត្រូវគេស្គាល់ថាឈ្មោះ “ធីកាប៉ូ” នៅខេត្តក្រចេះ ដែលតែងតែរកស៊ីដឹកឈើ ឲ្យក្រុមឈ្មួញវៀតណាម ជាច្រើនឆ្នាំមកហើយ។ ម្យ៉ាងទៀតកូនចៅលោកធីកាប៉ូ ធ្លាប់បានបើករថយន្តដឹកឈើ ទៅបុករថយន្តសមត្ថកិច្ចជាច្រើនលើក។។

កម្លាំងសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា ក្រុមរថយន្តដឹកឈើកកោះនេះ បានធ្វើសកម្មភាពដឹកជញ្ជូនជាច្រើនលើក កន្លងមកហើយ ហើយក្រុមនេះ មានរថយន្តសាំយ៉ុងកែច្នៃចំនួនបួនគ្រឿង សម្រាប់ធ្វើសកម្មភាពដឹកឈើរាល់ថ្ងៃ ដោយមិនខ្លាចរអាអ្នកណាឡើយ។ ពេលក្រុមនេះ ដឹកឈើចេញម្តងៗ មានរថយន្តស៊េរីទំនើបជាច្រើនគ្រឿង បើកបិតគូទពីក្រោយ រថយន្តដឹកឈើ ដើម្បីការពារកាងកុំឲ្យមានគ្រោះថ្នាក់ ឬមានសមត្ថកិច្ច ស្ទាក់ចាប់។

លោក វ៉ា សុផាន់ នាយការិយាល័យសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងថា ទម្រាំតែចាប់រថយន្តដឹកឈើខាងលើនេះបាន មានការពិបាកណាស់ ព្រោះក្រុមឈ្មួញបានប្រើរថយន្តជាច្រើនគ្រឿង បិតស្ទាក់កម្លាំងចម្រុះរបស់លោក មិនឲ្យឃាត់ចាប់ពួកគេដោយងាយៗទេ។ លោក បានបន្តថា រថយន្តទាំងនេះ បានបើករត់គេចចូលចម្ការកៅស៊ូ ដែលនៅតាមដងផ្លូវ ជាច្រើនកន្លែង ប៉ុន្តែលុះមកដល់ចំណុចអូរច្រង់ ក្នុងស្រុកសៀមបូក ទើបឃាត់រថយន្តបាន។

លោក សុខ ស៊ីដា មន្រ្តីផ្នែករដ្ឋបាលព្រៃឈើស្ទឹងត្រែង បានឲ្យដឹងថា ឈើដែលរថយន្តខាងលើ ជាប្រភេទក្តាងឿកកោះ សរុបមានចំនួន៣៨ដុំ មានចំនួនជាង៥ម៉ែត្រគុប ដែលមានមុខកាត់ ចាប់ពី០,៦០ម៉ែត្រទៅ០,៧០ម៉ែត្រ កម្រាស់១តឹក ប្រវែង២ម៉ែត្រ ត្រូវបានយកទៅរក្សាទុក នៅខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង