ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពីបទហឹង្សាប្រព្រឹត្តដោយសហព័ទ្ធ វាយប្រពន្ធនិងម្តាយក្មេក ដោយខឹងមិនលើកទូរស័ព្ទ
(បន្ទាយមានជ័យ) ៖ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ១៣ និង ០០នាទី នៅចំណុចផ្លូវរថភ្លើង ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី ហឹង្សាប្រព្រឹត្តដោយសហព័ទ្ធ ប្រព្រឹត្តកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានអោយដឹងថា ៖ យោងបណ្តឹងរបស់ឈ្មោះ ជុំ ស៊ីណាត ភេទ ស្រី អាយុ ២៤ឆ្នាំ ត្រូវជាត្រូវជាប្រពន្ធរបស់ជនសង្ស័យ បច្ចុប្បន្នរស់នៅភូមិ/សង្កាត់កើតហេតុខាងលើ និងដោយទទួលបានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារអមសាលដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវរកមុខសញ្ញាប្រព្រឹត្តបទល្មើស រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ ឡាយ លាភ ភេទ ប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិ/សង្កាត់កើតហេតុខាងលើ ។
តាមការបំភ្លឺរបស់ជនរងគ្រោះ បានឲ្យដឹងថា ៖ ខ្លួនជាបុគ្គលិកធ្វើការនៅហាងលក់ទំនិញមួយកន្លែង ដោយខ្លួនរវល់ពេក ទូរស័ពញទអស់ថ្ម ក៏ដោតសាកថ្មទូរស័ព្ទចោលនៅហាង ហើយមិនបានដឹងថាប្តីរបស់ខ្លួន ហៅទូរស័ព្ទមកទេ លុះចប់ការងារទៅដល់ផ្ទះវិញក៏រករឿងខ្លួន និងយកដុំថ្មគប់មកលើខ្លួន និងម្តាយរបស់ខ្លួនថែមទៀតផង ហើយបម្រុងវាយដុំមកលើកូនទាំង ០២នាក់ទៀតផង តែខ្លួនបានដឹកដៃកូន និងនាំម្តាយរត់ចេញពីផ្ទះទាន់ ។
បន្ទាប់ពីធ្វើការឃាត់ខ្លួន និងទទួលបានចម្លើយសារភាពរបស់ជនសង្ស័យ លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។
ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានចាត់តាំងមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ឲ្យដឹងថា ៖ ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា នៅថ្ងៃកើតហេតុខ្លួនបានទូរស័ព្ទហៅប្រពន្ធឲ្យមកផ្ទះ តែប្រពន្ធមិនលើកទូរស័ព្ទសោះ ហើយលុះដល់ម៉ោង ១០យប់ ទើបមកផ្ទះវិញ ធ្វើឲ្យខ្លួនខឹងជាខ្លាំង ទើបប្រើហឹង្សាទៅលើប្រពន្ធ ដោយយកដុំថ្មគប់ទៅលើប្រពន្ធត្រូវចំខ្នងបណ្តាលឲ្យរងរបួស សូមបញ្ជាក់ថា ៖ (ជនសង្ស័យខាងលើ ធ្លាប់ជាប់ពន្ធនាគារម្តងរួចមកហើយ ពីបទ ហឹង្សារប្រព្រឹត្តដោយសហព័ទ្ធ ក្រោយចេញពីពន្ធនាគារវិញក៏នៅតែមិនរៀងចាលដដែល) ។ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ យោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថ និងយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ឃើញមានតម្រុយពិរុទ្ធភាពនៃបទល្មើសជាក់លាក់ ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ ហឹង្សាប្រព្រឹត្តដោយសហព័ទ្ធ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ។