ឃុំខ្លួនឈ្មោះ គង់ ម៉ាស់ សកម្មជន អតីតបក្សប្រឆាំង ពាក់ព័ន្ធការប្រមាថប្រមុខរាជរដ្ឋាភិបាល
ភ្នំពេញ ៖ នៅថ្ងៃព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩នេះ លោកចៅក្រម ម៉ុង មុនីសោភា បានសម្រេចចេញដីកាឃុំខ្លួនជនជាប់ចោទឈ្មោះ គង់ ម៉ាស់ ដែលសកម្មជនបក្សប្រឆាំង អតីតសកម្មជនក្រុមប្រឆាំង ដាក់ពន្ធធនាគារ។
លោក អ៊ុ សុភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមករា បានចោទប្រកាន់ជននេះចំនួន២បទល្មើស ពាក់ព័ន្ធការប្រមាថសម្តេចតេជោ ហ៊ុន សែន និងញុះញង់បង្កចលាចលក្នុងសង្គម ។
យោងតាមសមត្ថកិច្ចបានឱ្យដឹងថា ក្រោយឃាត់ខ្លួនជននេះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីធ្វើការសាកសួរ តាមការស្រាវជ្រាវ វត្ថុតាងក្នុងកុំព្យូទ័រ គឺមានឯកសារសំខាន់ៗជាច្រើនដែលទាក់ទងនឹងផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល តាមបញ្ជារបស់បុគ្គល សម រង្សី ។
លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនសង្ស័យរូបនេះ ត្រូវបានចោទប្រកាន់ពីបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទប្រមាថ តាមមាត្រា៤៩៥ និងមាត្រា៥០២ នៃក្រមព្រហ្មទណ្ឌ ។
គួររំលឹកថា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ កន្លងទៅ លោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឲ្យបុគ្គល គង់ ម៉ាស់ បង្ហាញខ្លួននៅនាយកដ្ឋានសន្ដិសុខផ្ទៃក្នុងនៃក្រសួងមហាផ្ទៃ ឲ្យបានមុនថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីសាកសួរលើបណ្ដឹងព្រហ្មទណ្ឌពីបទ ៖ ធ្វើសកម្មភាពប្រមាថប្រមុខរាជរដ្ឋាភិបាល និងញុះញង់ដោយប្រើខ្សែអាត់វីដេអូផ្សព្វផ្សាយនាពេលកន្លងមក តាមប្រព័ន្ធហ្វេសប៊ុកក្នុងគោលបំណងឲ្យសាធារណជន និងប្រជាពលរដ្ឋទូទៅមានការស្អប់ខ្ពើមបង្កជាភាពចលាចល អសន្ដិសុខក្នុងប្រទេស ចំពោះរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ៕