ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្ទះបណ្តែតទឹកមួយចំនួន មិនព្រមឡើងគោក ហើយមួយចំនួន បានត្រឡប់ទៅកាន់កន្លែងចាស់វិញ នៅក្នុងឃុំឆ្នុកទ្រូ

95


ភ្នំពេញ៖ ប្រជាពលរដ្ឋនៅស្រុកបរិបូរណ៍ ក៏ដូចជា បណ្តាញសង្គមហ្វេសប៊ុក និងបណ្តាញសារព័ត៌មាន បានផ្សាយក្នុងរយៈពេលចុងក្រោយនេះថា ការធ្វើបម្លាស់ទីផ្ទះបណ្តែតទឹក របស់បងប្អូនជនជាតិវៀតណាម នៅក្នុងឃុំឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំងនោះ មករស់នៅលើដីគោក មិនបានប្រព្រឹត្តទៅដោយរលូន តាមការកំណត់របស់សមាគមន៍វៀតណាម និងអាជ្ញាធរខេត្តនោះទេ។

ផ្ទះបណ្តែតទឹកមួយចំនួនមិនបានធ្វើបម្លាស់ទីទេ ដោយមានសមត្ថកិច្ចកាង និងមួយចំនួនទៀត ឡើងមកហើយត្រឡប់ទៅកាន់កន្លែងចាស់វិញ ដោយសារត្រូវដងត្រូវផ្លែគ្នា ជាមួយសមត្ថកិច្ច និងអាជ្ញា
ធរនៅទីនោះ ។ ដោយឡែក ចំពោះផ្ទះដែលគេសង់រកេតរកូតនៅខាងលើនោះ មួយចំនួនគ្មានមនុស្សនៅទេ គឺគេសង់ដើម្បីចាប់យកដីតែប៉ុណ្ណោះ ។

សូមរំលឹកថា កាលពីខែមីនា ឆ្នាំ ២០១៨កន្លងទៅ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ សរុប​មាន​ចំនួន​១.៨៤៨​គ្រួសារ​ ក្នុងនោះ​ខ្មែរ​មាន​ចំនួន​១.៤០៤​គ្រួសារ​វៀតណាម​ចំនួន​៣៧២​គ្រួសារ និង ខ្មែរ​អ៊ីស្លាម​ចំនួន​៧២​គ្រួសារ​ ដែលមួយចំនួនធំ ​បាន​ឡើងមក​រស់នៅ​លើគោក​ តាម​ផែនការ​របស់​អាជ្ញាធរ​ខេត្ត​រួចហើយ ។

យ៉ាងនេះក្តីអាជ្ញាធរ ក៏ដូចជាមន្ទីរពាក់ព័ន្ធ ក៏សូមសំណូមពរដល់ការបន្លាស់ទី របស់អ្នករស់នៅផ្ទះបណ្ដែតទឹក ឡើងមកលើគោក ។

ការរស់នៅលើផ្ទះបណ្តែតទឹក បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់បរិស្ថានទឹក បង្កឲ្យស្ទះចរាចរណ៍ផ្លូវទឹក បាត់បង់សណ្តាប់ធ្នាប់ និងសោភ័ណភាពផងដែរ។
ម្យ៉ាងទៀតការធ្វើអាជីវកម្ម លើផ្ទះបណ្តែតទឹក ដូចជា កន្លែងជួសជុលម៉ាស៊ីន ជាងក្រឡឹង សិប្បកម្មធ្វើទូក កាណូត អាជីវករលក់ប្រេងឥន្ធនៈ អាជីវកម្មបញ្ចូលអាគុយ​​ ការចោលសំរាម ថង់ប្លាស្ទិក និងកាកសំណល់ផ្សេងៗទៀត ទៅក្នុងទឹកបានធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន ទឹកយ៉ាងធ្ងន់ធ្ងរ ។

ចំពោះអ្នករស់នៅលើផ្ទះបណ្តែតទឹកមានចំនួន ២៣៩៧គ្រួសារ កំពុងរស់នៅតាមដងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ។ ដូចជា នៅតំបន់ចុងកោះ ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង តំបន់ឆ្នុកទ្រូ ស្ថិតក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ និង មាននៅតាមតំបន់ផ្សេងៗ មួយចំនួនទៀត ៕

អត្ថបទដែលជាប់ទាក់ទង