ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ កម្ពុជា បណ្ដេញជនបរទេស ចំនួន១៥.០០០នាក់

84


ភ្នំពេញ៖កិច្ចប្រជុំពិនិត្យការងារ ដកហូតឯកសាររដ្ឋបាលមិនប្រក្រតី ដែលជនបរទេស កំពុងកាន់កាប់ ប្រើប្រាស់ និងការទទួលពាក្យ សុំជាជនបរទេសអន្តោប្រវេសន្ត នាទីស្តីការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃចន្ទ ទី១២ ខែមករា ឆ្នាំ២០១៩ លោក សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន្ត អភិបាលរាជធានី-ខេត្ត ស្នងការ និងមន្រ្តីពាក់ព័ន្ធជាច្រើន ដើម្បីបូកសរុបលទ្ធផលការងារ ដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី និងការផ្តល់លិខិតស្នាម ឲ្យជនបរទេសអន្តោប្រវេសន្ត។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា​មកដល់ពេលនេះ យើងដកហូតបានប្រមាណជិត៩០ភាគរយ ហើយដែលឯកសារដែលគេកាន់ មានប្រមាណជាង៣ម៉ឺនក្បាល ក្នុងនោះមានសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ អត្ដសញ្ញាណប័ណ្ណ សំបុត្រកំណើត លិខិតឆ្លងដែនជាដើម ក្នុងនោះមាន១០ជនជាតិ ប៉ុន្ដែច្រើនជាងគេជនជាតិវៀតណាមប្រមាណ៩០ភាគរយ។ យុទ្ធនាការដកហូតឯកសារកម្ពុជា មិនប្រក្រតីដែលកាន់កាប់ ដោយជនបរទេសនេះ គឺនៅសល់តែ៦ខែទៀតប៉ុណ្ណោះ នឹងត្រូវបញ្ចប់ជាស្ថាពរហើយ ដែលនេះ ជាការកំណត់របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ។ តាំងពីឆ្នាំ២០១៤ រហូតមកដល់ពេលនេះកម្ពុជា បានបណ្ដេញជនបរទេសទាំងអស់ចេញ មានចំនួន១៥.០០០នាក់ ក្នុងឆ្នាំ២០១៨កន្លងទៅនេះ មានជាង៣.០០០នាក់ ភាគច្រើនចិន និងវៀតណាម។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា កាលពីខែសីហា ឆ្នាំ២០១៧ បានចេញអនុក្រឹត្យស្ដីពីការលុបចោល និងដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់៕

អត្ថបទដែលជាប់ទាក់ទង