ប្រធានាធិបតីចិន អះអាងថា កម្ពុជារីកចម្រើន កាន់តែខ្លាំង រយៈពេល៦០ឆ្នាំទៅមុខទៀត
ចិន ៖ លោក ស៊ី ជីនពីង ប្រធានាធិបតីប្រទេសចិន បានលើកឡើងថា បច្ចុប្បន្ននេះ ទោះបីជាទំនាក់ទំនងអន្តរជាតិ មានការប្រែប្រួលក៏ពិតមែន ប៉ុន្តែទំនាក់ទំនងរវាង ចិន និងកម្ពុជា គឺពិតជាបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ពីគ្នាទៅវិញទៅមក។
ប្រធានាធិបតីចិន បានបង្ហាញការគាំទ្រ ចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ហើយលោកបង្ហាញជំនឿជាក់ថា កម្ពុជានឹងរីកចម្រើន កាន់តែខ្លាំង ក្នុងរយៈពេល៦០ឆ្នាំ ទៅមុខ ក្នុងការធ្វើទំនាក់ទំនងដ៏ស៊ីជម្រៅ ជាមួយប្រទេសចិន។
ការអះអាងរបស់លោកប្រធានាធិបតីចិន បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងដំណើរបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ប្រទេសចិន នៅល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩នេះ។
ក្នុងជំនួបពិភាក្សានោះលោកប្រធានាធិបតីចិន ស៊ី ជីនពីង បានមានប្រសាសន៍ចាត់ទុកដំណើរទស្សនកិច្ចវផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន មកកាន់ប្រទេសចិន គឺពិតជាមានតម្លៃបំផុតសម្រាប់ទំនាក់ទំនង នៃប្រទេសទាំងពីរកាន់តែខ្ពស់ត្រដែតថែមទៀត។ លោកប្រធានាធិបតីក៏បានគូសបញ្ជាក់ពីខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូតប្រទេសទាំងពីរ។
លោកប្រធានាធិបតីក៏បានបញ្ជាក់បន្ថែមថា គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេស ក្នុងក្របខ័ណ្ឌ ខ្សែក្រវ៉ាត់មួយផ្លូវមួយ ក្នុងនោះភាគីទាំងសងខាង នឹងបន្តយកចិត្តទុកដាក់ ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការក្នុងកម្រិតតំបន់ និងអន្តរជាតិ។
លោក ស៊ី ជីនពីង បានលើកឡើងថា បច្ចុប្បន្ននេះទោះបីជាទំនាក់ទំនងអន្តរជាតិ មានការប្រែប្រួលក៏ពិតមែន ប៉ុន្តែទំនាក់ទំនងរវាងចិន និងកម្ពុជា គឺពិតជាបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ពីគ្នាទៅវិញទៅមក។ តាមរយៈនេះចិននឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា ពិសេសការចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា កាន់តែរឹងមាំទ្វេឡើងថែមទៀត។
លោកប្រធានាធិបតី បានថ្លែងថា កម្ពុជានឹងទទួលបាននូវភាពជោគជ័យថែមទៀត ក្នុងរយៈពេល៦០ឆ្នាំទៅមុខ។ ក្នុងនាមជាប្រទេសជិតខាងល្អ ចិនសូមគាំទ្រចំពោះសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី ពីការបោះឆ្នោតសកលកាលពីខែកក្កដា ឆ្នាំ២០១៨កន្លងទៅ។
ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សម្តេចពិតជាមានការរីករាយ ក្នុងដំណើរបំពេញទស្សនកិច្ច ផ្លូវការសាជាថ្មីម្តងទៀត ក្នុងប្រទេសចិន។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណ ជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលកន្លងមកតែងតែ ទទួលនូវព្រះរាជបដិសណ្ឋារកិច្ច ចំពោះព្រះវត្តមានព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព ក៏ដូចជាយាងបំពេញទស្សនកិច្ចផ្លូវរដ្ឋ។
ក្នុងជំនួបនេះ សម្តេចតេជោ ក៏បានលើកពីបញ្ហាមួយចំនួនពាក់ព័ន្ធ ទំនាក់តំនងនៃប្រទេសទាំងពីរ។ សម្តេចតេជោ បានជម្រាបប្រធានាធិបតីចិន អំពីសភាពការណ៍ក្នុងប្រទេសកម្ពុជា ពិសេសស្ថានការណ៍ក្រោយការបោះឆ្នោតសកល រួមនឹងកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល និងការទប់ស្កាត់ពីការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
សម្តេចតេជោ ក៏បានគូសបញ្ជាក់ពីការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ ដែលមានគណបក្សនយោបាយ ចូលរួមចំនួន១៩គណបក្ស។ ក្នុងជំនួបពិភាក្សានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើប្រធានាធិបតីចិន ជំរុញអ្នកវិនិយោគចិនបន្តមកវិនិយោគ និងការអភិវឌ្ឍប្រទេសកម្ពុជា ពិសេសការបង្កើតរោងចក្រថ្មីៗ ថែមទៀត។
ពាក់ព័ន្ធទៅនឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន សម្តេចតេជោ ចង់ឃើញទំនាក់ទំនងជាប្រពៃណី និងជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនោះ បន្តថែទាំ និងរក្សាឲ្យកាន់តែរឹងមាំថែមទៀត។
សម្តេចតេជោ បានលើកឡើងថា ឆ្នាំ២០១៩ គឺជាឆ្នាំនៃការផ្លាស់ប្តូរវប្បធម៌ និងជាឆ្នាំនៃការផ្លាស់ប្តូរទេសចរណ៍នៃប្រទេសទាំងពីរ។ សម្តេចតេជោ បានស្នើលោក ស៊ី ជីនពីង ធ្វើយ៉ាងណាឲ្យប្រទេសទាំងពីរ អាចមានកិច្ចព្រមព្រៀងសេដ្ឋកិច្ចសេរី ព្រោះប្រទេសទាំងពីរ មានភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយតាំងពីរឆ្នាំ២០១០មកម្ល៉េះ។
លោកប្រធានាធិបតីចិន ក៏បានលើកឡើងដែរថា ទំនាក់ទំនងរវាងចិន និងកម្ពុជា គឺមានលក្ខណៈពិសេសខ្លាំងណាស់ បើប្រៀបធៀបទៅនិងប្រទេសផ្សេងៗទៀត ពោលគឺទំនាក់ទំនងនៃប្រទេសទាំងពីរមានលក្ខណៈសំខាន់បំផុត។
លោកប្រធានាធិបតីអះអាងថា ចិននិងកម្ពុជា នឹងបន្តរួមគ្នាជាសហគមន៍តែមួយ ដើម្បីរៀបចំផែនការធ្វើកិច្ចសហការ លើគ្រប់វិស័យទាំងវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងរវាងប្រជាជនិងប្រជាជន។ លោក ស៊ី ជីនពីង ក៏បានប្រកាសស្វាគមន៍វត្តមានសម្តេចតេជោ ដែលនឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលលើកទី២ ស្តីពីផ្លូវមួយ ខ្សែក្រវ៉ាត់មួយ នៅប្រទេសចិន នាខែមេសាខាងមុខនេះ៕