ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភាគច្រើននៃស្រូវប្រាំង ធ្វើលើកទី ២ ប្រមាណ ១៣.០០០ ហិកតា នៅតំបន់អាងត្រពាំងថ្ម ប្រឈមនឹងការខូចខាត

94


បន្ទាយមានជ័យ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានផ្សាយថា បន្ទាប់ពីបានចុះពិនិត្យ និងដោះស្រាយទឹកសម្រាប់ការប្រើប្រាស់ នៅក្នុងស្រុកមង្គលបូរី រួចមក នៅរសៀលថ្ងៃចន្ទ ទី ២១ ខែមករា ឆ្នាំ ២០១៩ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានបន្តដំណើរចុះពិនិត្យស្ថានភាពទឹកនៅក្នុងអាងត្រពាំងថ្ម ស្ថិតនៅក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានរាយការណ៍ជូនឯកឧត្តមរដ្ឋលេខាធិការ ជ្រាបថា ចំពោះស្រូវប្រាំងលើកទី ១ បានប្រមូលផលស្ទើរតែទាំងស្រុងហើយ ។ ប៉ុន្តែអ្វីដែលជាការព្រួយបារម្ភ គឺស្រូវប្រាំងលើកទី ២ ដែលមានអាយុប្រមាណ ១ ខែ និងបានបង្កបង្កើនផលលើផ្ទៃដីប្រមាណ ១៣.០០០ ហិកតា ប្រឈមនឹងការខូចខាតច្រើន ។ លោក យឹម ប៊ុនរ៉ុម បន្តថា ក្នុងរដូវវស្សាឆ្នាំ ២០១៨ តំបន់អាងត្រពាំងថ្ម បានទទួលរបបទឹកភ្លៀងតែប្រមាណ ៨០០ មម ប៉ុណ្ណោះ ។ របាយទឹកភ្លៀងនេះ ជាកត្តាធ្វើឲ្យអាងត្រពាំងថ្ម ពុំមានទឹកស្តុកបរិបូណ៍ ដូចបណ្តាឆ្នាំកន្លងទៅទេ ។ ចំពោះបញ្ហានេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាឲ្យបើកទឹកពីអាងទឹកស្ទឹងស្រែង ២ ស្ថិតក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ បញ្ចូលមកអាងត្រពាំងថ្ម តាំងពីពាក់កណ្តាលខែមេសា ឆ្នាំ ២០១៨ មកម៉្លេះ ។ ប៉ុន្តែទឹកទាំងនោះ ក៏ត្រូវបានយកទៅប្រើប្រាស់ជាបន្តបន្ទាប់ក្នុងការអន្តរាគមន៍ស្រូវបង្កើនរដូវ ស្រូវវស្សា និងស្រូវប្រាំងលើកទី ១ ។

ដោយពិនិត្យឃើញ ស្ថានភាពទឹកនៅក្នុងអាង មន្ទីរបានធ្វើការផ្សព្វផ្សាយ មិនឲ្យប្រជាពលរដ្ឋបង្កបង្កើនផលស្រូវប្រាំងដូចឆ្នាំកន្លងទៅ តាំងពីពាក់កណ្តាលខែតុលា ឆ្នាំ ២០១៨ មកម៉្លេះ ប៉ុន្តែការជម្រាបជូនព័ត៌មាននេះ ពុំមានប្រសិទ្ធភាពទេ ។ ជាក់ស្តែងនៅពេលនេះ ផ្ទៃដីស្រូវប្រាំងប្រមាណ ១៣.០០០ ហិកតា ( ភាគច្រើនជាស្រូវប្រាំងលើកទី ២ ) ត្រូវបានដាំដុះ និងមានអាយុប្រមាណ ១ ខែប៉ុណ្ណោះ ។

លោក យឹម ប៊ុនរ៉ុម បានបន្ថែមថា មកដល់ថ្ងៃទី ២១ ខែមករា ឆ្នាំ២០១៩ នេះ ទឹកនៅក្នុងអាងត្រពាំងថ្ម នៅសល់ប្រមាណ ១៥ លានម៉ែត្រគូបប៉ុណ្ណោះ ពោលគឺមិនអាចឆ្លើយតបទៅនឹងតម្រូវការទឹករបស់ស្រូវប្រាំង ១៣.០០០ ហិកតា នោះបានទេ ។

ក្រោយពេលពិនិត្យឃើញស្ថានភាពជាក់ស្តែងបែបនេះ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាទៅមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ ដើម្បីបង្កើនការទម្លាក់ទឹកពីអាងទឹកស្ទឹងស្រែង ២ មកកាន់អាងត្រពាំងថ្ម ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ក៏អាចជួយបានតែក្នុងចំនួនណាមួយប៉ុណ្ណោះ ។ លោករដ្ឋលេខាធិការ បានរំលឹកដល់លោកប្រធានមន្ទីរបន្ថែមថា ទន្ទឹមនឹងការអន្តរាគមន៍សង្គ្រោះស្រូវ ក៏ត្រូវគិតគូឱ្យបានហ្មត់ចត់ផងដែរ ដល់ការថែរក្សាទឹកទុកក្នុងអាង សម្រាប់ទ្រទ្រង់ដល់ជីវៈចម្រុះគ្រប់ប្រភេទ ពិសេសពពួកសត្វស្លាបដែលជិតផុតពូជ៕

អត្ថបទដែលជាប់ទាក់ទង