មេដឹកនាំសហជីពនាំគ្នា ស្នើសុំដោយទទូចឱ្យផ្ដល់យុត្តិធម៌ដល់លោក ជា វិជ្ជា
ភ្នំពេញ៖ មេដឹកនាំសហជីពនាំគ្នា ស្នើសុំដោយទទូចឱ្យផ្ដល់យុត្តិធម៌ដល់លោក ជា វិជ្ជា និងក្រុមគ្រួសាររបស់លោក នៅថ្ងៃរំលឹកខួបនៃឃាតកម្មលើលោក ជា វិជ្ជា។ នេះបើតាមការផ្សាយរបស់អង្គការលីកាដូ។
នាព្រឹកទី២២មករានេះ មនុស្សប្រមាណជា១០០នាក់ រួមមានសហជីព គ្រូបង្រៀន កម្មករ និងអ្នកបើកបររឺម៉កកង់បី បានជួបជុំគ្នានៅកណ្ដាលរាជធានីភ្នំពេញ ដើម្បីរំលឹកខួប១៥ឆ្នាំនៃអំពើឃាតកម្មលើប្រធានសហជីពល្បីឈ្មោះមួយរូបគឺលោក ជា វិជ្ជា។
កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ លោក ជា វិជ្ជា ត្រូវបានឃាតករបាញ់សម្លាប់ទាំងកណ្ដាលថ្ងៃ នៅតូបលក់កាសែតក្បែរវត្តលង្កា។ សកម្មជនសហជីព និងសមាជិកសង្គមស៊ីវិល បានជួបជុំគ្នានៅព្រឹកនេះ នៅជិតទីតាំងដែលលោកត្រូវបានបាញ់សម្លាប់ ដើម្បីប្រារព្ធពិធីតាមបែបព្រះពុទ្ធសាសនា និងថ្លែងសុន្ទរកថាជាកិត្តិយសដល់អតីតមេដឹកនាំសហជីព ដែលធ្លាប់បម្រើការជាប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា(FTUWKC)។
ភាពអយុត្តិធម៌នៃឃាតកម្មរបស់លោក ជា វិជ្ជា ក្រោយមក ត្រូវបានកើនឡើងដោយការផ្ដន្ទាទោសមិនត្រឹមត្រូវលើបុរសគ្មានកំហុសចំនួន២រូប គឺលោក ប៊ន សំណាង និងលោក សុខ សំអឿន ដែលត្រូវបានចោទប្រកាន់ដោយមិនត្រឹមត្រូវលើករណីឃាតកម្មនេះ។ អ្នកទាំងពីរត្រូវបានជាប់ពន្ធនាគារអស់រយៈពេល៥ឆ្នាំ មុនពេលដែលការផ្ដន្ទាទោសលើអ្នកទាំងពីរត្រូវបានតុលាការកំពូលបដិសេធចោលវិញ។ អ្នកចូលរួមនៅក្នុងការរំលឹកខួបនេះ បានស្នើសុំដោយទទូចឱ្យអាជ្ញាធរជួយស្វែងរកជនប្រព្រឹត្តបទល្មើសពិតប្រាកដ និងផ្ដល់យុត្តិធម៌ដល់លោក ជា វិជ្ជា ក៏ដូចជាក្រុមគ្រួសារនិងមិត្តភក្ដិរបស់លោក៕