ក្រុមអធិការកិច្ចខេត្តកំពង់ឆ្នាំង ដោះស្រាយបញ្ចប់ ករណីទំនាស់ដីធ្លី ស្ថិតនៅភូមិច្រកសង្កែ
ខេត្តកំពង់ឆ្នាំង៖ ករណីទំនាស់ដីធ្លី ស្ថិតនៅភូមិច្រកសង្កែ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្រុមការងារចម្រុះខេត្ត បានចុះទៅធ្វេីការសម្របសម្រួល និងដោះស្រាយបញ្ចប់ទំនាស់ដោយជោគជ័យ។
រដ្ឋបាលខេត្តកំពង់ឆ្នាំង បាឲ្យដឹងថា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ លោក សោម សុជាតា ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត នឹងជាប្រធានក្រុមការងារចម្រុះខេត្ត បានអនុវត្តតាមលិខិតបង្គាប់ការលេខ ៦៩៣ល.ប.ក ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដឹកនាំក្រុមការងារចម្រុះខេត្ត បានចុះត្រួតពិនិត្យទីតាំងដីទំនាស់ជាក់ស្តែង និងធ្វេីការសម្របសម្រួលដោះស្រាយ បញ្ចប់ទំនាស់ដោយជោគជ័យ។
ជាលទ្ធផល ភាគីទាំងពីរបានទទួលយកការសម្របសម្រួលរបស់ក្រុមការងារចម្រុះដូចខាងក្រោម៖ ភាគី (ក) ទទួលស្គាល់ជីកកាយព្រំដីលេីសចូលដីភាគី(ខ)និងយល់ព្រមកាយលប់ព្រំដីនេះវិញ។ ភាគី(ខ)យល់ព្រមដកពាក្យបណ្តឹងពីតុលាការបន្ទាប់ពីភាគី(ក)កាយលប់ព្រំដីរួច។
ក្នុងកិច្ចប្រជុំសម្របសម្រួលនេះ មានការចូលរួមពីមន្ទីររឿបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្ត រដ្ឋបាលស្រុកសាមគ្គីមានជ័យ ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត ទីចាត់ការអន្តរវិស័យសាលាខេត្ត អធិការដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យ រដ្ឋបាលឃុំស្វាយជុក មេភូមិច្រកសង្កែ និងភាគីពាក់ព័ន្ធ ៕