ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាំខ្លួនអតីតចៅហ្វាយខេត្តតាកែវ ឡើងសវនាការ លើសំណុំរឿងសម្លាប់ស្រីម្នាក់

105


ភ្នំពេញ​៖ ​ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ បានចាប់ផ្តើមលើកយកសំណុំរឿង លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ដែលជាប់ចោទលើករណីឃាតកម្ម សម្លាប់ស្រ្តីម្នាក់ដែលជាសង្សាររបស់ខ្លួន មកជំនុំជម្រះ។

បើតាមមន្ត្រីតុលាការបញ្ជាក់ថា សវនាការនេះ ធ្វើឡើង បន្ទាប់ពី​បើក​ការ​ស៊ើបសួរ​ អស់​រយៈពេល​ជាង​៩​ខែ​រួច​មក ក្នុងសំណុំរឿង​ឃាតកម្ម​សម្លាប់​នារី ចេវ សុ​វឌ្ឍនា ហើយមាន​លោក​ឡាយ វណ្ណៈ អតីត​អភិបាលខេត្ត​តាកែវ​និង​បក្ខពួក​៣​នាក់​ជា​ជនជាប់ចោទ​បាន​ត្រូវ​តុលាការ​លើក​យកមក​បើក​សវនាការ​ជំនុំជម្រះ​នៅ​ថ្ងៃ​ទី​២៣​ខែ​មករា​ឆ្នាំ​២០១៩នេះ​។

លោក កូយ សៅ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី​៣ ខែ​មេសា ឆ្នាំ​២០១៨ បាន​សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​លោក ឡាយ វណ្ណៈ អតីត​អភិបាលខេត្ត​តាកែវ និង បក្ខពួក​៣​នាក់​ទៀត ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​។

​ជនសង្ស័យ​ត្រូវ​ចោទ​ទាំង​៤​នាក់​រួមមាន​៖ ទី​១៖ លោក ឡាយ វណ្ណៈ អតីត​អភិបាលខេត្ត​តាកែវ​, ទី​២៖ លោក ឡាយ ណា​រិទ្ធ ស្នងការរង​នគរបាល​ខេត្តតាកែវ ត្រូវជា​បងប្រុស លោក ឡាយ វណ្ណៈ​, ទី​៣៖​ឈ្មោះ ម៉េន សា​ម៉ៃ អ្នក​បើក​ឡាន​ឲ្យ​លោក ឡាយ វណ្ណៈ និង​ទី​៤៖ ឈ្មោះ ជឹម វុ​ធ ហៅ ថូត ជា​អ្នកបំរើ​នៅ​ផ្ទះ​នាង ចេវ សុ​វឌ្ឍនា​។ ចំណែក​មនុស្ស​ពីរ​នាក់​ទៀត​ត្រូវបាន​អនុញ្ញាត​ឱ្យ​ត្រឡប់ទៅផ្ទះ​វិញ​មានឈ្មោះ ចាន់ រី ភេទ​ស្រី និង​ឈ្មោះ តាក់ រតនា ជា​អ្នក​បើក​ឡាន​ឱ្យ​លោក ឡាយ ណា​រិទ្ធ​។​ លោក ឡាយ វណ្ណៈ អាយុ​៤៥​ឆ្នាំ និង លោក ឡាយ ណា​រិទ្ធ អាយុ​៤៦​ឆ្នាំ ជាប់​ចោទប្រកាន់​ពីបទ​ឃាតកម្ម ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះជួល ភូមិ​ផ្សារ​តា​កោ សង្កាត់រ​កា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៨ តាម​មាត្រា​១៩៩ នៃ​ក្រម​ព្រហ្មទណ្ឌ​។​ ​ឈ្មោះ ម៉េន សា​ម៉ៃ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ និង ឈ្មោះ ជឹម វុ​ធ ហៅ​ថូត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជាប់​ចោទប្រកាន់​ពីបទ​លាក់​បំបាំង​តម្រុយ ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះជួល ភូមិ​ផ្សារ​តា​កោ សង្កាត់រ​កា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៨ តាម​មាត្រា​៥៣២ នៃ​ក្រម​ព្រហ្មទណ្ឌ​៕

អត្ថបទដែលជាប់ទាក់ទង