ឃាត់រថយន្តធុនធំ១៥៤គ្រឿង ចេញ-ចូលរាជធានីភ្នំពេញខុសម៉ោង
ភ្នំពេញ ៖ ក្នុងរយៈអំឡុងពេលអនុវត្តច្បាប់ចរាចរណ៍១៥ថ្ងៃ ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី២៣ មករានេះសមត្ថកិច្ចចរាចរណ៍ផ្លូវគោក ឃាត់រថយន្តធុនធំ ធ្វើចរាចរណ៍ចេញ-ចូលក្នុងរាជធានីភ្នំពេញ ខុសពេលវេលាកំណត់ បានចំនួន១៥៤គ្រឿង ។
លោកវរសេនីយឯក សែម គន្ធា នាយការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ប្រាប់អ្នកសារព័ត៌មានក្នុងស្រុក ពេលចុះអនុវត្តច្បាប់ចរាចរណ៍ ទីតាំងបណ្តោយផ្លូវហាណូយ ខណ្ឌសែនសុខ កាលពីព្រឹកថ្ងៃទី២៣ មករាឆ្នាំ២០១៩ថា ការអនុវត្តធ្វើឡើងក្នុង៣គោលដៅធំៗក្នុងនោះរួមមាន ផ្លូវ៥៩៨ ផ្លូវហាណូយ និងផ្លូវជាតិលេខ៥ ។ ការអនុវត្តច្បាប់ចរាចរណ៍ចាប់ពីថ្ងៃទី៩ មករាដល់ថ្ងៃទី២៣មករានេះ កម្លាំងសមត្ថកិច្ចបានឃាត់រថយន្តធុនធំល្មើសច្បាប់ ចូលក្នុងរាជធានីភ្នំពេញខុសពេលវេលា បានចំនួន១៥៤គ្រឿង និងបន្តអនុវត្តបន្ថែមទៀត ចំពោះអ្នកបើកបរដែលមិនរាងចាល ល្មើសនឹងច្បាប់ចរាចរណ៍ ដែលបណ្តាលអោយមានការកកស្ទះ និងបង្កជាគ្រោះថ្នាក់ចរាចរក្នុងរាជធានីភ្នំពេញ។
លោកក៏បានសំណូមពរឲ្យអ្នកបើកបររថយន្តធំៗទាំងអស់គោរពច្បាប់ចរាចរណ៍ គឺរថយន្តត្រូវមានឈៀក ត្រួតពិនិត្យរថយន្តតាមលក្ខណៈបច្ចេកទេស របស់ក្រសួងសាធារណការ និងដឹកជញ្ជូន អ្នកបើកបរត្រូវមានបណ្ណបើកបរ ព្រមទាំងមានលិខិតអនុញ្ញាតិចេញ-ចូលក្នុងរាជធានី ទើបកម្លាំងសមត្ថកិច្ចមិនឃាត់ដើម្បីធ្វើការពិន័យ ។ មួយវិញទៀត រាល់យានយន្តដែលធ្វើចរាចរណ៍លើដងផ្លូវ ត្រូវមានស្លាកលេខសម្គាល់ផងដែរ បើមិនដូច្នោះទេ សមត្ថកិច្ចនឹងធ្វើការឃាត់ទុកជាបណ្តោះអាសន្ន រង់ចាំយកឯកសារគ្រប់គ្រាន់ ទើបធ្វើការដោះលែងវិញ។ ចំពោះរថយន្តធុនធំ ប្រភេទយីឌុប និងកុងតឺន័រ គឺមិនអនុញ្ញាតិឲ្យធ្វើចរាចរណ៍ដាច់ខាតនៅក្នុងខណ្ឌចំនួន៤គឺ ខណ្ឌទួលគោក ខណ្ឌដូនពេញ ខណ្ឌ៧មករា និងខណ្ឌចំការមន ។ សមត្ថកិច្ចនឹងរឹតបន្តឹងបន្ថែមទៀតចំពោះរថយន្តធុនធំទាំងអស់ គឺមិនអនុញ្ញាតឲ្យចរាចរណ៍ចេញ-ចូលក្នុងរាជធានីភ្នំពេញ ចាប់ពីម៉ោង៦ព្រឹកដល់ម៉ោង៩យប់ ៕