សិប្បកម្មកែច្នៃ ស្ករត្នោតពីស្ករស មួយកន្លែង នៅខេត្តបន្ទាយមានជ័យ ត្រូវបានផ្អាកបណ្តោះអាសន្ន ហើយសំណុំរឿងទៅតុលាការ
(ខេត្តបន្ទាយមានជ័យ) ៖ អគ្គនាយកដ្ឋានកាំកុងត្រូល បានផ្សាយថា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩
មន្ត្រីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ដោយមានការសហការពី នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យទីតាំងកែច្នៃ ស្ករត្នោត ពីស្ករស មួយកន្លែង នៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងសកម្មភាពនៃការត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញ សមាសធាតុផ្សំរួមមាន៖ ១. ស្ករត្នោត ១០ គីឡូក្រាម ២. ស្ករសរ ៥០ គីឡូក្រាម ៣. ទឹក ១៤ គីឡូក្រាម និង៤. សាច់ជូរ ១០ ក្រាម។
បន្ទាប់មក ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានសម្រេចផ្អាក ទីតាំងកែច្នៃបណ្តោះអាសន្ន ហើយម្ចាស់ត្រូវបានឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងទៅតុលាការ។
ប្រតិបត្តិការនេះដឹកនាំដោយលោក តេង សាម៉ៃ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងចូលរួមពី កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តតបន្ទាយមានជ័យ និងមន្ត្រីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ
លោក ចាប សុផាឬទ្ធិ ស្នងការរងប្រឆាំងបទល្មើស នៃស្នងការនគបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ទីតាំងខាងលើនេះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ជាច្រើនថ្ងៃមកហើយ ទើបឈានមកដល់ការបង្ក្រាប ដោយបានដកហូតវត្ថុតាងមួយចំនូនធំ ដូចជា ៖ ស្ករសចំនួន៩០០គីឡូក្រាម ឆ្នាំងខ្ទះត្នោតសំរាប់រំងាស់ចំនួន២ ស្ករត្នោតមិនទាន់កែឆ្នៃចំនួន៣០ការ៉ុង ខ្ទះបំពាក់ម៉ូទ័រវាយស្ករត្នោតចំនួន១ សាច់ជូ ចំនួន៦០០ក្រាម ស្ករត្នោតកែឆ្នៃរួចចំនួន៥០គីឡូក្រាម និងសំភារៈមួយចំនួនទៀត ព្រមទាំងបានឃាត់ខ្លួនម្ចាស់សិប្បកម្មម្នាក់ឈ្មោះ ផៃ សំណាង ភេទប្រុស អាយុ២៦ឆ្នាំ ។
ជាមួយគ្នានេះលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ករណីនេះវាជាបទល្មើសជាក់ស្តែង តែទោះជាយ៉ាងណា មន្ត្រីជំនាញយើងនឹងយកគំរូស្ករត្នោតនេះ ទៅពិនិត្យនៅមន្ទីរពិសោធន៍ដើម្បី រកសារធាតុគីមី ដែលលាយក្នុងស្ករត្នោតនេះមានអ្វីខ្លះ ។
នៅមុខសមត្ថកិច្ច បុរសជាម្ចាស់សិប្បកម្ម បានប្រាប់ថា ខ្លួនចេះផលិតស្ករត្នោត ពីខ្មោចឪពុក រយៈពេល៨ឆ្នាំមកហើយ តែខ្លួនពុំដឹងថា វាប៉ះពាល់ដល់សុខភាពចំពោះអ្នកទិញទៅទទួលទានទេ ។ ហើយ ស្ករត្នោតកែឆ្នៃនេះ លាយផ្សំគ្នាចំនួន៤ប្រភេទ រួមមាន៖ ទឹកចំនួន១៤គីឡូក្រាម ស្ករស ៥០គីឡូក្រាម ស្ករត្នោតសុទ្ធចំនួន ១០គីឡូក្រាម និងសាច់ជូរចំនួន១០ក្រាម ៕