អគ្គិភ័យឆាបឆេះផ្ទះពីរកន្លែងផ្សេងគ្នា ស្ថិតក្នុងខណ្ឌសែនសុខ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង
(ភ្នំពេញ)៖ មានករណីអគ្គីភ័យឆាបឆេះផ្ទះពីរកន្លែងផ្សេងគ្នា ស្ថិតក្នុងខណ្ឌសែនសុខ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោងជាង៧រហូតដល់ម៉ោង១១នឹង៣០នាទីយប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។
អគ្គិភ័យទី១៖ ស្ថិតនៅក្នុងភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ នាវេលាម៉ោងជាង៧យប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩។
អគ្គិភ័យនេះបានលេបត្របាក់ រោងចំនួន៥បន្ទប់ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញអណ្ដាតភ្លើង កំពុងតែឆាបឆេះ ចេញពីក្នុងរោងទីមួយ យ៉ាងសន្ធោសន្ធៅបាត់ទៅហើយ ភ្លាមៗនោះអ្នកដែលឃើញហេតុការណ៍ បាននាំគ្នារត់ទៅយកបំពង់ពន្លត់អគ្គិភ័យ ជាច្រើនបំពង់ មកធ្វើការបាញ់ពន្លត់តែដោយសារអណ្ដាតភ្លើងឆេះ ខ្លាំងពេក នឹងមានផ្ទុះជាច្រើនផង រហូតដល់រាលដាល ឆេះទាំងស្រុងតែម្ដង ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋាន បានមកដល់ហើយធ្វើការទាក់ទង ទៅកម្លាំងពន្លត់អគ្គិភ័យដើម្បីឲ្យចេញមកជួយអន្តរាគមន៍ ភ្លាមៗផងដែរ។
សូមបញ្ជាក់ផងដែរថា សម្រាប់គ្រោះអគ្គិភ័យមួយនេះ បានបំផ្លាញរោងទាំងស្រុង អស់ចំនួន៥បន្ទប់ ធ្វើអំពីស័ង្កសី ប៉ុន្ដែមិនបណ្ដាលឲ្យប្រពលរដ្ឋណាម្នាក់ រងគ្រោះថ្នាក់នោះទេ។ យ៉ាងណាមិញ សម្រាប់ប្រតិបត្តិការ នៃការជួយសង្គ្រោះនេះ ត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋាន បញ្ជាក់ថា រថយន្ដពន្លត់អគ្គិភ័យចំនួន១៥គ្រឿង បានចេញបាញ់ពន្លត់ឲ្យរលត់ជាស្ថាពរនៅវេលាម៉ោង៩យប់ ។
ដោយឡែក សម្រាប់ដើមចម ដែលបង្កឲ្យមានគ្រោះអគ្គិភ័យ នេះមិនទាន់ត្រូវបានសមត្ថកិច្ចឲ្យដឹងនោះទេ ព្រោះកំពុងធ្វើការស្រាវជ្រាវ។
អគ្គិភ័យទី២៖ ស្ថិតនៅក្នុងបុរីពិភពថ្មី(អីអន២) ផ្ទះលេខ១១ ផ្លូវ១៩ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នាវេលាជាង១០យប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩។
អគ្គិភ័យឆាបឆេះផ្ទះវិឡាភ្លោះមួយកន្លែង ស្ថិតបុរីពិភពថ្មី បណ្ដាលឲ្យមានការឆាបឆេះស្ទើរតែទាំងស្រុង ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឮសំឡេងផ្ទុះពីផ្ទះកើតហេតុ តែគាត់មិនបានចាប់អារម្មណ៍ឡើយ ព្រោះគាត់គិតថា ម្ចាស់ផ្ទះប្រហែលជាធ្លាក់របស់របរប្រើប្រាស់ ភ្លាមៗនោះស្រាប់តែមានក្លិនឆ្ងៀមហើយគាត់បានដើរចេញមកមើល ឃើញផ្ទះខាងលើ ស្រាប់តែឃើញទ្វារជាប់សោបាត់ទៅហើយ។ ចំណែកឯក្នុងផ្ទះវិញ មានផ្សែងខ្មួលខ្មាញ់ ចេញមកខាងក្រៅ ហើយគាត់បានស្រែកហៅឆោឡោ ដើម្បីឲ្យអ្នកជិតខាងជួយ ទាក់ទងទៅសមត្ថកិច្ចដើម្បីឲ្យចេញមកជួយអន្តរាគមន៍ ភ្លាមៗនោះរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានចេញមកជួយអន្តរាគមន៍ ដើម្បីជួយទប់ស្កាត់នៃការឆាបឆេះនេះផងដែរ។ ហេតុការណ៍នេះដែរ ក៏មិនបណ្តាលឲ្យមាននរណាម្នាក់រងរបួសឡើយ គឺគ្រាន់តែខូចខាតសម្ភារៈមួយចំនួនធំប៉ុណ្ណោះ។ ហើយសម្រាប់ប្រតិបត្តិការ នៃការជួយសង្គ្រោះនេះ ត្រូវបានកម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យ បានបញ្ជាក់ថា រថយន្ដពន្លត់អគ្គិភ័យ ជាច្រើនគ្រឿង បានចេញមកជួយបាញ់ពន្លត់រលត់ ជាស្ថាពរនៅវេលាម៉ោង១១នឹង៣០នាទីយប់ ។
ចំពោះករណីនេះដែរ សមត្ថកិច្ចនៅមិនទាន់ដឹងថា បណ្ដាលមកពីមូលហេតុអ្វីឲ្យច្បាស់នៅឡើយទេ គ្រាន់តែសង្ស័យថា អាចនឹងបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី ទើបបណ្ដាលឲ្យមានអណ្តាតភ្លើងឆាបឆេះ យ៉ាងសន្ធោសន្ធៅបែបនេះ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាកម្លាំងសមត្ថកិច្ចជំនាញ នៃស្នងការនគរបាលរាជធានីភ្នំពេញ កំពុងតែធ្វើការសាកសួរ និងស្រាវជ្រាវ រកមូលហេតុ នៃការឆាបឆេះដោយអគ្គិភ័យស្ថិតនៅក្នុងបុរីពិភពថ្មីនេះផងដែរ៕