ឆមាសទី១ នៃឆ្នាំ២០១៨ អាជ្ញាធរជាតិអប្សរា បានអនុញ្ញាតការជួសជុល សំណង់ស្រាល ចំនួន៦២៤ ករណី
សៀមរាប៖ ក្រុមការងារសហគមន៍ របស់អាជ្ញាជរជាតិអប្សរា បានប្រជុំបូកសរុបរបាយការណ៍ ក្នុងឆមាសទី១ នៃឆ្នាំ២០១៨ ដោយមានការអនុញ្ញាតសំណង់ស្រាល ចំនួន៦២៤ករណី ជូនប្រជាសហគមន៍ក្នុងតំបន់ រមណីយដ្ឋានអង្គរ។
យោងតាមរបាយការណ៍របស់ក្រុមការងារសហគមន៍បានលើកឡើងថា ក្រុមការងារសហគមន៍ទាំង៥ ក្រុង/ស្រុក ក្នុងនោះមានក្រុងសៀមរាប ស្រុកបន្ទាយស្រី ស្រុកប្រាសាទបាគង ស្រុកពួក ស្រុកអង្គរធំ បានចុះទៅដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ព្រមទាំងបានអនុញ្ញាតប្រភេទសំណង់ស្រាល តាមការស្នើសុំរបស់ពួកគាត់មកអាជ្ញាធរជាតិអប្សរា ដែលប្រភេទសំណង់ទាំងនោះគឺមាន តយ៉ាប ដូរសសរផ្ទះ ដូរជញ្ជាំងផ្ទះ ដូរដំបូលផ្ទះ ធ្វើបង្គន់ ធ្វើរបងផ្ទះ។ល។
លោក ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានលើកឡើងថា ការងារសហគមន៍ជារឿងចាំបាច់ដែលអាជ្ញាធរជាតិអប្សរា ត្រូវតែធ្វើ និងចុះជួបប្រជាពលរដ្ឋតាមខ្នងផ្ទះ និងតាមគោលដៅរៀងៗខ្លួន ដើម្បីបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយ និងសម្របសម្រួលជូនប្រជាពលដ្ឋ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ព្រោះវាទាក់ទងនឹងជីវភាព ជាពិសេស គឺសុខទុក្ខរបស់ពួកគាត់ជាចាំបាច់។
លោកអគ្គនាយក បានបន្តថា ដើម្បីឱ្យការងារសហគមន៍ កាន់តែមានប្រសិទ្ធភាពខ្ពស់ សូមក្រុមការងារសហគមន៍នីមួយៗ បង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការងារចុះតាមមូលដ្ឋាន ដើម្បីជួបប្រជាពលរដ្ឋ បន្តដោះស្រាយបញ្ហាប្រឈម របស់ពួកគាត់ ដែលនូវសេសសល់ឱ្យដាច់ស្រេច៕