កងទ័ព មានតួនាទី ទប់ស្កាត់មិនឲ្យមានការធ្វើបដិវត្តព័ណ៌
ភ្នំពេញ៖ ដើម្បីចូលរួមពង្រឹងវិស័យការពារជាតិ ឲ្យកាន់តែមានភាពល្អប្រសើរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ ឲ្យកងទ័ពខិតខំប្រយុទ្ធប្រឆាំងអំពើរភេវរកម្ម ទប់ស្កាត់អំពើប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ទប់ស្កាត់មិនឲ្យមានការធ្វើបដិវត្តព័ណ៌ តាមរូបភាពណាក៏ដោយ បើឃើញថាខុសច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាហើយ គឺត្រូវតែបង្ក្រាបឲ្យទាន់ពេលវេលា។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែមករា ឆ្នាំ ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីប្រារព្ធខួប២០ឆ្នាំ នៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ឆ្នាំ(១៩៩៩ – ២០១៩)។ ពិធីអបអរសាទរខួបលើកទី ២០ឆ្នាំនេះ គឺបានប្រារព្ធធ្វើឡើងនៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីតំណាងអង្គទូតនានា ព្រមទាំងមន្ត្រីសេនានុព័ន្ធយោធារបស់បណ្តាប្រទេសជាច្រើន និងនាយទាហាន ពលទាហាន អមដោយយុទ្ធោបករណ៍ទំនើបៗជាច្រើនដែលបានបង្ហាញក្នុងពិធីអបអរនេះយ៉ាងអាធិកអធម។
ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សប្បាយរីករាយ និងមានមោទនភាពយ៉ាងខ្លាំង ចំពោះការីកធំធាត់នៃកម្លាំងកងយោធពលខេមរភូមិន្ទ។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះផ្នែកពាក់ព័ន្ធទាំងអស់ ជាពិសេស លោកនាយឧត្តមសនីយ៍ មាស សុភា ដែលបានចូលរួមក្នុងសកម្មភាព នៃកងទ័ពជើងគោកកន្លងមក។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍រំលឹក ពីប្រវត្តិកម្ពុជានៃការបង្កើតកងយោធពលខេមរភូមិន្ទ ដែលបានបង្កើតក្រោយពីកម្ពុជា ទទួលបានឯករាជ្យពេញលេញបរិបូរនៅឆ្នាំ១៩៥៣ ហើយកងកម្លាំងយោធពលខេមរភូមិន្ទ ក៏បានបង្កើតឡើងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ នោះតែម្តង។
ក្រោយពីកម្ពុជាទទួលបានឯករាជ្យ គឺប្រទេសជាតិបានធ្លាក់ ក្នុងសង្រ្គាមស៊ីវិលជាបន្តបន្ទាប់រួមទាំងរបបប្រល័យពូជសាសន៍ប៉ុលពត នៅឆ្នាំ១៩៧៥ ដល់១៩៧៩។ ក្រោយពីកម្ពុជាបានដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ នៅឆ្នាំ១៩៩៨ គឺបានធ្វើប្រទេសជាតិទទួលបាននូវសុខសន្តិភាពពេញលេញ ហើយការកែសម្រួលតួនាទីភារកិច្ច និងរចនាសម្ព័ន្ធចាត់តាំងកងទ័ព ក៏បានកំណែទម្រង់ជាបន្តបន្ទាប់រួមទាំងការៀបចំបង្កើតទីបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដែលបានបង្កើតឡើងនៅថ្ងៃទី ២៤ ខែមករា ឆ្នាំ១៩៩៩ ដែលមានតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការពារឯករាជ្យ អធិបតេយ្យបូរណភាពទឹកដី ព្រមទាំងការពារផលប្រយោជន៍របស់ប្រទេសជាតិ ចូលរួមថែរក្សាការពារសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងចូលរួមចំណែកពង្រឹងនិងពង្រីកនូវកិច្ចសហប្រតិបត្តិការអន្តរជាតិ ចូលរួមកសាង និងអភិវឌ្ឍប្រទេសជាតិ ព្រមទាំងត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋ ពេលមានគ្រោះមហន្តរាយផ្សេងៗ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានវាយតំលៃខ្ពស់ ចំពោះការវិវឌ្ឍរីកចម្រើន នៃការងាបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការពារជាតិ និងរួមការអភិវឌ្ឍន៍សង្គមជាតិផងដែរ។ បច្ចុប្បន្នយើងមានបញ្ជាការដ្ឋាន សំខាន់ៗដូចជា បញ្ជាការដ្ឋានកងទ័ពជើងគោក បញ្ជាការដ្ឋានកងទ័ពជើងទឹក និងបញ្ជាការដ្ឋាកងទ័ពជើងអាកាស។
ក្នុងឱកាសនេះ ដើម្បីចូលរួមពង្រឹងវិស័យការពារជាតិឲ្យកាន់តែមានភាពល្អប្រសើរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍សំខាន់ៗចំនួន១០ចំណុចរួមមាន៖
១) ត្រូវអនុវត្តឲ្យខ្ជាប់ខ្ជួននូវខឿនការពារជាតិរបស់ប្រជាជន ព្រោះកងទ័ពកើតចេញពីប្រជាជន និងដើម្បីប្រជាជន។
២) ត្រូវចូលរួមជាមួយកម្លាំងផ្សេងៗទៀតដើម្បីរក្សាសន្តិភាព ទប់ស្កាត់អំពើអសកម្ម គ្រឿងញៀន ចោរកម្ម ការពារសុវត្ថិភាពភូមិឃុំ ដើម្បីឲ្យប្រទេសជាតិមានសេចក្តីសុខ ជាពិសេសរួមគ្នារក្សាសន្តិភាព។
៣) ខិតខំប្រយុទ្ធប្រឆាំងអំពើរភេវរកម្ម ទប់ស្កាត់អំពើប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ទប់ស្កាត់មិនឲ្យមានការធ្វើបដិវត្តព័ណ៌ តាមរូបភាពណាក៏ដោយ បើឃើញថាខុសច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាហើយ គឺត្រូវតែបង្ក្រាបឲ្យទាន់ពេលវេលា។
៤) កងទ័ពទាំងអស់មិនថានៅក្នុង ឬនៅក្រៅប្រទេសទេ គឺត្រូវចូលរួមជាមួយប្រជាពលរដ្ឋ ដែលជួបការលំបាក ក្រីក្រខ្វះខាត កុំធ្វើឲ្យប្រជាជនស្រក់ទឹកភ្នែក ដោយសារទង្វើអាក្រក់អ្វីមួយពីកងទ័ពយើង។
៥) កងទ័ពត្រូវគាំទ្រដល់ផ្នែកច្បាប់ ដូចជាចូលរួមការពារថែរក្សាព្រៃឈើ រក្សាធនធានធម្មជាតិផ្សេងៗ និងចូលរួមទប់ស្កាត់បទល្មើសនានា។
៦) គាំទ្រការប្រមូលចំណូលថិវការជាតិ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទប់ស្កាត់អំពើរពុករលួយ ដើម្បីជាប្រយោជន៍ជាតិ និងប្រទេសរីកចម្រើន ព្រមទាំងចូលរួមបង់ពន្ធបង្កើនដល់ចំណូលជាតិ ។
៧) ខិតខំបង្កើនវិន័យកងទ័ពឲ្យបានខ្ជាប់ខ្ជួន ជាពិសេសពេលដែលយើងមានឧបករណ៍សម្ភារគ្រប់គ្រាន់ហើយ តែបែរជាយើងមិនចេះប្រើប្រាស់ ត្រូវអនុវត្តតាមបទបញ្ជា និងត្រូវបង្កើនការហ្វឹកហាត់ ទាំងតាមក្បួនខ្នាតទ័ពត្រឹមត្រូវ និងហាត់ប្រាណដើម្បីរក្សាសុខភាព។
៨) ត្រូវយកចិត្តទុកដាក់ថែទាំសម្ភារៈដែលយើងមាន ដើម្បីធានាថា អាវុធរបស់យើង នៅតែអាចប្រើប្រាស់បាន នៅពេលដែលត្រូវការបន្ទាន់។ អង្គភាពទាំងអស់ ត្រូវតែថែទាំសម្ភារយុទ្ធភណ្ឌរបស់ខ្លួនឲ្យបានល្អ ដើម្បីធានាថាអាវុធយើងប្រើប្រាស់ បានចំគោលដៅនៅពេលត្រូវការ។
៩)យកចិត្តទុកដាក់ដល់ជីវភាពកងទ័ព ដូចជាជំរកស្នាក់នៅ ចំណីអាហារ សម្ភារ ត្រូវផ្គត់ផ្គង់សព្វបែបយ៉ាងសម្រាប់កងទ័ព ជាពិសេសត្រូវបង្កើនការសាងសង់ផ្ទះ ដល់កងទ័ពដែលកំពុងឈរជើង តាមព្រំដែន និងផ្តល់សេវាថែទាំសុខភាព និងបង្កើនការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន។
១០)កងទ័ពត្រូវដើរតួនាទីជាអ្នកការទូតយ៉ាងសំខាន់ ជាមួយប្រទេសជិតខាង គឺរក្សាទំណាក់ទំនងជាមួយមិត្តចាស់ និងបង្កើនទំនាក់ទង និងសហប្រតិបត្តិការល្អ ជាមួយដៃគូថ្មីៗជាមួយអង្គភាពប្រទេជិតខាង តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច គ្នាទៅវិញទៅមក និងតាមរយៈការផ្លាស់ប្តូរចំណេះដឹង និងយុទ្ធវិធីផ្សេងៗ ជាមួយយកងទ័ពនៃបណ្រាលប្រទេសនានា។
នៅក្នុងឱកាសនេះដែរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្ដល់កិត្តិយស ដ៏ខ្ពង់ខ្ពស់បំពាក់គ្រឿងឥស្សរិយយស ជូនដល់អង្គភាព និងនាយទាហាន និងពលទាហានជាច្រើនរូប ដែលមានគុណបំណាច់ ចំពោះជាតិមាតុភូមិកន្លងមក ៕