ក្នុងបេសកកម្មមនុស្សធម៌រយៈពេល ២ថ្ងៃ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅលើទឹកដីខេត្តប៉ៃលិន
ក្នុងបេសកកម្មមនុស្សធម៌រយៈពេល ២ថ្ងៃនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងគណៈប្រតិភូអមដំណើរ បានជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជូនដល់ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយកូនច្រើន កុមារកំព្រា ជនពិការ និងអ្នករស់នៅជាមួយមេរោគអេដស៍ សរុបចំនួន ៥,០៧៧គ្រួសារ (ក្នុងនោះមានជនជាតិខ្មែរ-ឥស្លាមចំនួន ៧៣គ្រួសារ) រស់នៅក្នុងក្រុង/ស្រុកទាំង ២ នៃខេត្តប៉ៃលិន។
កម្មវិធីនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី ២៤ ខែមករា ឆ្នាំ២០១៩ នេះ បានប្រារព្ធធ្វើឡើងនៅភូមិអូរតាវ៉ៅ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន សម្រាប់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ២,៦៧៤គ្រួសារ។ ដោយឡែក កម្មវិធីពេលព្រឹកថ្ងៃទី ២៣ បានប្រារព្ធធ្វើឡើងនៅភូមិអូរកន្ធាងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ សម្រាប់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ១,២៥១គ្រួសារ និងពេលរសៀលថ្ងៃទី ២៣ បានប្រារព្ធធ្វើឡើងនៅភូមិដូង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ សម្រាប់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ១,១៥២គ្រួសារ។
ក្នុងពេលជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋទាំងអស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្តែងក្តីសប្បាយរីករាយ និងពាំនាំនូវព្រះរាជបណ្តាំសួរសុខទុក្ខ ក្តីនឹករលឹក និងអាណិតស្រឡាញ់ពី សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ពីសុខទុក្ខរបស់ប្រជានុរាស្រ្តរបស់ព្រះអង្គ។
ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានថ្លែងអំណរគុណដល់សប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ដែលបានឧបត្ថម្ភគាំទ្រជាស្បៀង សម្ភារ និងថវិកា ដល់កាកបាទក្រហមកម្ពុជា ជាពិសេសក្នុងឱកាសនៃទិវា ៨ ឧសភា និងឱកាសផ្សេងៗ។ សម្រាប់អំណោយដែលចែកជូនប្រជាពលរដ្ឋនាពេលនេះ គ្រាន់តែជាការជួយសម្រាលការលំបាកបានមួយចំណែកប៉ុណ្ណោះ ដូចនេះ សូមបងប្អូនប្រជាពលរដ្ឋ ខិតខំបង្កបង្កេីនផល ដាំដំណាំផ្សេងៗទៀត ដើម្បីជួយលើកស្ទួយជីវភាពគ្រួសារ។
ទន្ទឹមនឹងនេះ សម្តេចប្រធាន បានថ្លែងអំណរគុណ និងកោតសរសើរប្រកបដោយមោទនភាពចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងទឹកដីប្រទេសកម្ពុជា ទោះសញ្ជាតិណាក៏ដោយ តែបងប្អូនចេះស្រឡាញ់គ្នា សាមគ្គី រស់នៅជាមួយគ្នាដោយភាពសុខដុមរមនាក្រោមដំបូលនៃសុខសន្តិភាព។
ក្នុងបរិយាកាសដ៏ស្និទ្ធស្នាលនេះដែរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តាំផ្ញើ និងផ្ដល់នូវអនុសាសន៍សំខាន់ៗមានខ្លឹមសារថា ៖
– សូមយុវជនកាកបាទក្រហមកម្ពុជា ដើរតួធ្វើជាគំរូល្អដល់អ្នកដទៃ និងជួយអូសទាញ ណែនាំមិត្តភក្តិ បងប្អូនឱ្យដើរផ្លូវត្រូវ ជៀសវាងការប្រព្រឹត្តអំពើអបាយមុខផ្សេងៗ ដូចជាប្រេីប្រាស់គ្រឿងញៀន គ្រឿងស្រវឹង ឬល្បែងស៊ីសងគ្រប់ប្រភេទ ដែលជាមូលហេតុបង្កឱ្យមានអំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ សម្លាប់មនុស្ស និងធ្វើឱ្យបាត់បង់កិត្តិយសគ្រួសារ។
– សូមប្រជាពលរដ្ឋ ថែទាំសុខភាពឱ្យបានល្អ ដោយត្រូវមានអនាម័យក្នុងការរស់នៅ ជាពិសេស ត្រូវបរិភោគទឹកដាំឆ្អិនជានិច្ចដើម្បីជៀសវាងការកើតនូវជំងឺដង្កាត់ផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចគ្រួសារ។
– សូមប្រជាពលរដ្ឋ ប្រុងប្រយ័ត្នរាល់ពេលបើកបរ និងចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន។
– សូមស្ត្រីមានផ្ទៃពោះ អញ្ជើញទៅពិនិត្យសុខភាពឱ្យបានទៀតទាត់ និងអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ ហេីយត្រូវទៅសម្រាលកូននៅមណ្ឌលសុខភាព និងមន្ទីរពេទ្យដែលមានពេទ្យឆ្មបជំនាញ ដើម្បីសុខភាពម្តាយនិងទារក។
– សូមជៀសវាងឱ្យបានដាច់ខាតនូវការដែលនាំឱ្យឆ្លងមេរោគអេដស៍ដល់ខ្លួន។ ដោយឡែកចំពោះអ្នកដែលរស់នៅជាមួយមេរោគអេដស៍ សូមទៅពិនិត្យសុខភាព និងលេបឱសថប្រឆាំងមេរោគឱ្យបានទៀតទាត់ ទៅតាមវេជ្ជបញ្ជាគ្រូពេទ្យ ជាពិសេស មិនត្រូវបន្តចម្លងទៅអ្នកដទៃ និងក្រុមគ្រួសារ ហើយត្រូវណែនាំអ្នកដទៃឱ្យចេះការពារខ្លួនជៀសវាងមានវិប្បដិសារីនៅថ្ងៃអនាគត។
- សូមប្រយ័ត្នគ្រោះអគ្គិភ័យដែលនាំឱ្យអន្តរាយដល់អាយុជីវិត ទ្រពសម្បត្តិ ព្រោះរដូវនេះ ជារដូវរាំងស្ងួត។
សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបាន ៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត១ ទឹកសុទ្ធ១ដប និងនំបុ័ង១ដើម។ ជាមួយគ្នានេះ គ្រួសារនីមួយៗ នៅទទួលបាន ក្រណាត់ស ១ដុំ និងថវិកា១ម៉ឺនរៀលទៀត ជាអំណោយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ ដោយឡែក សម្រាប់ជនពិការ នៅទទួលបានរទេះជនពិការបន្ថែមចំនួន ១គ្រឿង និងថវិកា ១០០,០០០រៀល៕