ទាហ៊ានសឹករងស្រុកសំឡូតម្នាក់ របួសកែងជើងធ្ងន់ធ្ងរ ពេលដើរជាន់មីន
បាត់ដំបង៖ ទាហ៊ានសឹករងស្រុកសំឡូតម្នាក់ ដើរជាន់មីន បណ្ដាលឲ្យផ្ទុះរបួសកែងជើងធ្ងន់ធ្ងរ នៅប៉ុស្តិ៍សារិកា ភូមិពាមតា ឃុំតាតោក ស្រុកសំឡូត ។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ២៣៖១៥នាទី ។
បើតាមផេកហ្វេសប៊ុកផ្លូវការ លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ បានសរសេរថា “គ្រាប់មីនប្រឆាំងមនុស្សប្រភេទ៧២អា ប្រហារជើងកងទ័ពសឹករងស្រុកសំឡូត ទាំងព្រឹក នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ នៅភូមិសាស្ត្រនៃភូមិពាមតា ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។ គ្រាប់មីន៧២A នេះ អាចបង្កឱ្យពិការក្រោមជង្គង់”។
យោងតាមរបាយការណ៍ពី នគរបាលស្រុកស្រុកសំឡូត បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ សាយ ពៅ ភេទប្រុស អាយុ ៤៥ឆ្នាំ ជាទាហ៊ានសឹករងស្រុកសំឡូត ដែលជាចំណុចឈរជើងការពារព្រំដែន ពេលដែលដូរវេនប្រចាំការ ជនរងគ្រោះបានដើរជាន់មីន បណ្ដាលឲ្យផ្ទុះរបួសកែងជើងធ្ងន់ធ្ងរ។
ក្រោយទទួលដំណឹង សមត្ថកិច្ចបានចុះធ្វើការ ត្រួតពិនិត្យនៅកន្លែងកើតហេតុ និងបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យ ខេត្តបាត់ដំបង៕