ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាកលវិទ្យាល័យមួយរបស់អាមេរិក មានគោលបំណងផលិតស្បៀង កាត់បន្ថយភាពអត់ឃ្លាន ដល់ប្រជាពលរដ្ឋក្រីក្រនៅតាមជនបទ

82


ភ្នំពេញ៖ កិច្ចសហប្រតិបត្តិការរវាង សា កលវិទ្យាល័យភូមិន្ទកសិកម្ម ជាមួយសាកលវិទ្យាល័យរដ្ឋកាន់សាស សហរដ្ឋអាមេរិក បានចាប់ផ្តើមតាំងពីឆ្នាំ ២០១៥ ដែលក្នុងនោះ RUA ទទួលបានទឹកប្រាក់សរុបប្រមាណជា ៤ លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ការងារស្រាវជ្រាវ ការកសាងសមត្ថភាពមន្រ្តី និងនិស្សិត ការលើកកម្ពស់គុណភាពសម្ភារនៅតាមមន្ទីរពិសោធន៍ និងការសកម្មភាពនៃការអនុវត្តគម្រោងផ្សេងៗទៀត។

នៅរសៀលថ្ងៃទី២៤ខែមករាឆ្នាំ២០១៩ លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានទទួលជួបសាស្រ្តាចារ្យ Dr Vara Prasad និងសហការី ដែលអញ្ជើញមកពីសាកលវិទ្យាល័យ Kansas State University សហរដ្ឋអាមេរិក។ ជំនួបពិភាក្សានេះ មានគោលបំណងសំខាន់ទី១- រាយការណ៍ជូនលោករដ្ឋមន្រ្តីជ្រាបពីកិច្ចសហប្រតិបត្តិការរវាងសា កលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) និងកម្មវិធីមន្ទីរពិសោធន៍នវានុវត្តប្រពលវប្បកម្មនិរន្តរភាព (Sustainable Intensification Innovation Lab) នៃសាកលវិទ្យាល័យរដ្ឋកាន់សាស សហរដ្ឋអាមេរិក ដែលបាននិងកំពុងសហការអនុវត្ត ដោយទទួលបានការគាំទ្រហិរញ្ញវត្ថុពីទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍសហរដ្ឋអាមេរិក USAID និងទី២- ស្នើសុំការគាំទ្រពីឯកឧត្តមរដ្ឋមន្រ្តី ដើម្បីបន្តផ្តល់ការគាំទ្រលើគម្រោងនានាដែលកំពុងអនុវត្តជាមួយ RUA។

លោក Dr Vara Prasad បានថ្លែងថាគម្រោងរបស់សាកលវិទ្យាល័យ គឺមានគោលបំណងផលិតស្បៀង ឱ្យបានគ្រប់គ្រាន់ ដើម្បីធានាសន្តិសុខស្បៀង កាត់បន្ថយភាពអត់ឃ្លាន ដល់ប្រជាពលរដ្ឋក្រីក្រនៅតាមជនបទ។ មួយវិញទៀត គម្រោងនេះបានជួយបណ្តុះបណ្តាល យុវជនជំនាន់ក្រោយ ដើម្បីបង្កើនសក្តានុពល និងសមត្ថភាពរបស់ពួកគេក្នុងការស្រាវជ្រាវ និងនវានុវត្តនូវគំហើញថ្មីរួចធ្វើការផ្ទេរឱ្យទៅប្រជាកសិករ ឬអ្នកផលិតធ្វើយ៉ាងណាបង្កើនទិន្នផលកសិកម្ម ធានាគុណភាព និងសុវត្ថិភាព ហើយគម្រោងនេះពិតជាបានចូលរួមចំណែក និងគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងការអភិវឌ្ឍវិស័យកសិកម្មឱ្យមានការរីកចម្រើន។

នាឱកាសនេះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាល សហរដ្ឋអាមេរិក តាមរយៈអង្គការ USAID ដែលបានជួយឧបត្ថម្ភ គាំទ្រដល់ការអភិវឌ្ឍនៅប្រទេសកម្ពុជា ក្នុងនោះក៏មានវិស័យកសិកម្ម និងការបណ្តុះបណ្តាលធនធានមនុស្ស ហើយជាពិសេសបានជួយឧបត្ថម្ភដល់ RUA ក្នុងការអនុវត្តគម្រោងនានាទាក់ទងនឹងវិស័យកសិកម្ម ដែលបច្ចុប្បន្នគម្រោងទាំងនោះ កំពុងមានវឌ្ឍនភាពគួរឱ្យចាប់អារម្មណ៍។ បច្ចុប្បន្នក្រសួងកំពុងជំរុញ និងលើកទឹកចិត្តដល់វិស័យឯកជន (សហគ្រាសខ្នាតតូច និងមធ្យម) ក្នុងការកែច្នៃកសិផលក្នុងគោលបំណង ប្រើប្រាស់ឱ្យអស់លទ្ធភាពនូវវត្ថុធាតុដើម ក្នុងស្រុក លើកកម្ពស់ផលិតភាពផលិតកម្ម កសិកម្មក្នុងស្រុក កាត់បន្ថយថ្លៃដើម និងកាត់បន្ថយការនាំចូល។ ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្រ្តី បានស្នើសុំឱ្យសាកលវិទ្យាល័យពិនិត្យ ពិចារណាជួយធ្វើការបណ្តុះបណ្តាល ដល់និស្សិតជំនាន់ក្រោយ នូវបច្ចេបវិទ្យាទំនើបៗ ថ្មីៗចុងក្រោយ ដើម្បីបង្កើនសមត្ថភាព ដល់ពួកគេចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ឱ្យមានការរីកចម្រើន ឈានទៅសម្រេចចក្ខុវិស័យ របស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និងឆ្នាំ២០៥០៕

អត្ថបទដែលជាប់ទាក់ទង