បញ្ចូលបច្ចេកវិទ្យាថ្មីៗ ក្នុងការធ្វើទំនើបកម្មវិស័យកសិកម្ម
ភ្នំពេញ៖ លោករដ្ឋមន្រ្តីកសិកម្ម បានធ្វើការណែនាំដល់ក្រុមការងាររបស់អង្គការ UNIDO ក៏ដូចជាមន្ត្រីជំនាញ របស់ក្រសួង ឱ្យពិនិត្យ ពិចារណាជាសំខាន់ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលជួយគាំទ្រដល់វិស័យកសិកម្ម ការបញ្ចូលបច្ចេកវិទ្យាថ្មីៗ ការធ្វើទំនើបកម្មកសិកម្ម និងការធ្វើយន្តូបនីយកម្មកសិកម្ម។
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃព្រហស្បត្តិ៍ ទី២៤ ខែមករា ឆ្នាំ២០១៩ លោករដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឱ្យលោក Michele Clara មន្ត្រីជាន់ខ្ពស់ផ្នែកសម្របសម្រួលអញ្ជើញមកពីអង្គការ United Nations Industral Development Organization (UNIDO) និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការ UNIDO ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មប្រកបដោយចីរភាព។
លោករដ្ឋមន្ត្រី បានសម្តែងអំណរគុណ ជូនចំពោះអង្គការ UNIDO ដែលកន្លងមកបានជួយឧបត្ថម្ភគាំទ្រ ដល់វិស័យកសិកម្មនៅកម្ពុជា ហើយសាទរចំពោះកិច្ចខិតខំប្រឹងប្រែង និងការសហការជាមួយសហភាពអ៉ឺរ៉ុប ក្នុងគម្រោងអភិវឌ្ឍន៍វិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន ហើយលោកសង្ឃឹមថាអង្គការ UNIDO នឹងបន្តជួយដល់វិស័យជលផល និងវិស័យផ្សេងៗទៀតដូចជា វិស័យកែច្នៃផលិតផលកសិកម្ម និងការវិចខ្ចប់ប្រកបដោយគុណភាព និងសុវត្ថិភាពចំណីអាហារ ឱ្យកាន់តែមានការរីកចម្រើន សមស្របតាមកំណើនសេដ្ឋកិច្ច ប្រជាជន ការប្រកួតប្រជែងទីផ្សារ។
នាឱកាសនេះ លោក Michele Clara បានឯកភាពចំពោះការលើកឡើងរបស់លោករដ្ឋមន្ត្រី ហើយបានបញ្ជាក់បន្ថែមផងដែរថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានតួនាទីសំខាន់ ក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម ជាពិសេសជម្រុញ ការកែច្នៃផលិតផលកសិកម្មនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងធ្វើការនាំចេញ។ ដោយឡែក ភាពជោគជ័យនៃវិស័យកែច្នៃ គឺមិនអាចរំពឹងតែក្រសួងមួយដើម្បីសម្រេចបានតែប៉ុណ្ណោះនោះទេ គឺត្រូវការការសហការ និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដូចជា រដ្ឋ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងប្រជាកសិករ រួមជាមួយហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗគាំទ្រផងដែរ។ ហើយលោក Michele Clara បានបន្តថាទស្សនកិច្ចរបស់លោក និងសហការីនាពេលនេះ ពាក់ព័ន្ធនឹងវិស័យកសិកម្ម គឺដើម្បីសិក្សា រៀបចំគម្រោង និងផ្តល់កិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើយ៉ាងណាអភិវឌ្ឍន៍វិស័យកសិកម្ម នៅកម្ពុជាឱ្យមានការរីកចម្រើន ថែមមួយកម្រិតទៀត។
ពាក់ព័ន្ធនឹងការសិក្សារៀបចំគម្រោងថ្មី លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ផងដែរថា ក្រសួងនឹងផ្តល់កិច្ចសហការឱ្យអស់លទ្ធភាព ហើយលោកក៏បានធ្វើការណែនាំដល់ក្រុមការងាររបស់អង្គការ UNIDO ក៏ដូចជាមន្ត្រីជំនាញរបស់ក្រសួងឱ្យពិនិត្យ ពិចារណាជាសំខាន់ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធដែលជួយគាំទ្រដល់វិស័យកសិកម្ម ការបញ្ចូលបច្ចេកវិទ្យាថ្មីៗ ការធ្វើទំនើបកម្មកសិកម្ម និងការធ្វើយន្តូបនីយកម្មកសិកម្ម ដែលសកម្មភាពទាំងនេះ គឺជាការឆ្លើយតបយ៉ាងសមស្រប ក្នុងសម័យបដិវត្តឧស្សាហកម្មទី ៤ និងឌីជីថលរូបនីយកម្ម ដែលពិភពលោកកំពុងជួបប្រទះ៕