ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកាសលុបចោលកាំសាប

149


ភ្នំពេញ៖សម្ដេចហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសលុបចោលស្ថាប័នកាំសាប (ភ្នាក់ងារកម្ពុជានាវាចរ (Kampuchea Shipping Agency &amp and Brokers កាំសាប) ដើម្បីធ្វើកំណែទម្រង់ និងសម្រួលការនាំចេញនាំចូល។

ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករកម្មការិនីរោងចក្រកាត់ដេរ នៅខេត្តកំពត នាព្រឹកថ្ងៃទី២៥ខែមករានេះ សម្តេចតេជោ បានថ្លែងថា កាំសាបបង់ចូលរដ្ឋកន្លះលានដុល្លារ គឺមិនស្កៀបមាត់ទេ។ មិនស្មើប្រាក់ខែរោងចក្រ បើកឲ្យកម្មករមួយខែផង។

ចំពោះអង្គភាពកាំសាប់ សម្តេច បានសម្រេចប្រកាសលុបអង្គភាពនេះចោលហើយ ដើម្បីសម្រួលដល់ការរស់រាន និងការប្រកួតប្រជែងសេដ្ឋកិច្ច។ រីឯតម្លៃស្គែទំនិញ នៅតាមកំពង់ផែក៏ទម្លាក់តម្លៃឲ្យបានទាបដែរ ដើម្បីសម្រួលពាណិជ្ជ ក្នុងការប្រកួតប្រជែង នាំចេញនាំចូល។ អង្គភាព​មួយ​នេះ មិនមាន​ភាពចាំបាច់​ទៀតឡើយ ទាក់ទង​នឹង​ការងារ​ពាណិជ្ជកម្ម​តាម​នាវា ជាពិសេស​នៅ​សម័យ​បច្ចេកវិទ្យា​។​

​កាំសាប ជា​អង្គភាព​ស្វ័យ​តរបស់​រដ្ឋ ​ដែល​ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ​១៩៧៩ ដើម្បី​សម្រួល​ដល់​ពាណិជ្ជកម្ម​តាម​នាវា​។ បើតាម​ការលើកឡើងរ​បស់​សម្តេច ហ៊ុន សែន ក្នុង​តំបន់​អាស៊ាន អង្គភាព​បែបនេះ នៅសល់តែ​កម្ពុជា និង​មី​យ៉ាន់​ម៉ា ប៉ុណ្ណោះ​។​

អង្គភាពនេះ មានការិយាល័យ​កណ្តាល​នៅរាជធានីភ្នំពេញ ហើយមានសាខានៅ​ខេត្តព្រះសីហនុ ស្រែអំបិល ខេត្តកោះកុង និងផែឧកញ៉ាម៉ុង។ សម្រាប់​មន្ត្រីរាជការ​ទាំ​ង​អស់​នៅក្នុង​អង្គភាព​នេះ ត្រូវ​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខេត្តកំពត ជាខេត្តពិសេសមួយ ដែលខេត្តដទៃមិនមាន គឺឧស្សាហកម្មធន់ធ្ងន់ រួមមានរោងចក្រស៊ីម៉ងត៍ និងវារីអគ្គិសនី ព្រមទាំងកសិដ្ឋានដំណាំកសិ-ឧស្សាហកម្ម រួមមានដំណាំម្រេច និងចេក។ ចំណុចពិសេសមួយទៀត របស់ខេត្តកំពត គឺជាខេត្តផលិតអំបិលតែមួយគត់នៅក្នុងប្រទេសកម្ពុជា ហើយសង្ឃឹមថា ការផលិតអំបិលនៅឆ្នាំនេះមិនខ្វះដូចឆ្នាំកន្លងទៅ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដែលកំពុងប្រកបរបរដំណាំកសិកម្ម ដើម្បីធ្វើពាណិជ្ជកម្មអាចជាឱកាសមួយ ព្រោះរដ្ឋាភិបាលចិន បានប្រកាសទិញកសិផលរបស់កម្ពុជាជាច្រើន នៅក្នុងដំណើរដំណើរទស្សនកិច្ចរបស់សម្តេចនៅដើមសប្តាហ៍នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដំណាំកសិផលកម្ពុជាមានទីផ្សារនៅក្រៅប្រទេសច្រើនណាស់ តែត្រូវដោះស្រាយឲ្យស្របស្តង់ដារកំណត់ផ្នែកគុណភាពរបស់ប្រទេសដែលនាំចូល។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា កម្ពុជាមិនមែនចង់បានត្រឹមវិស័យឧស្សាហកម្មធន់ស្រាលនោះទេ តែក៏កំពុងទាក់ទងការវិនិយោគ លើវិស័យឧស្សាហកម្មធុនធ្ងន់ ដូចជាការផលិតគ្រឿងបង្គំរថយន្ត ឬការកែច្នៃសម្បកកង់ពីកៅស៊ូរបស់កម្ពុជា ឧស្សាហកម្មបែបបច្ចេកវិទ្យាផលិតគ្រឿងអេឡិកត្រូនិក ឧស្សាហកម្មបែបសកល ជាឧស្សាហកម្មផលិតគ្រឿងក្បាលម៉ាស៊ីនជាដើម។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចំណូលពីគយក្នុងមួយខែ ទទួលបានតិចបំផុត ២០០លានដុល្លារ ហើយការដកកាំកុងត្រូលពីតាមច្រកព្រំដែន ធ្វើឲ្យរដ្ឋបាត់ប្រាក់ចំណូល៣០លានដុល្លារ។ តែសម្តេចសុខចិត្តបាត់បង់ចំណូលនេះ ដើម្បីកាត់បន្ថយភាពសាំញ៉ាំស្មុគស្មាញ ក្នុងការធ្វើធុរកិច្ច។
សម្តេចតេជោ ហ៊ុន សែន សម្រេចលុបស្ថាប័នកាំសាប ដើម្បីកាត់បន្ថយភាពសាំញ៉ាំនិងស្មុគស្មាញក្នុងការធ្វើធុរកិច្ច។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានឲ្យដឹងថា ការលុបស្ថាប័នកាំសាបធ្វើឲ្យកម្ពុជាបាត់ចំណូលតែ ៥០ម៉ឺនដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវដល់ធុរជន និងអ្នកវិនិយោគទាំងអស់ សូមមានជំនឿចិត្តចំពោះការរកស៊ីនៅកម្ពុជា ជាមួយការកំពុងធ្វើកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន រួមមានការបញ្ចុះតម្លៃថាមពលអគ្គិសនី ដកស្ថាប័នកាំកុងត្រូលនៅតាមមាត់ច្រក ដើម្បីកាត់បន្ថយភាពសាំញ៉ាំក្នុងការធ្វើធុរកិច្ច និងលុបចោលស្ថាប័នកាំសាប។ ការសម្រេចទាំងនេះគឺជាការធ្វើកំណែទម្រង់ ដើម្បីដង្ហើមនៃការវិនិយោគនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃខាងមុខ ការិយាល័យនៅតាមស្រុក របស់ក្រសួងមួយចំនួន នឹងត្រូវលុបចោល ទុកការិយាល័យប្រតិបត្តិការកងទ័ព នគរបាល សុខាភិបាល អប់រំ និងរៀបចំដែនដី ជាដើម។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់កម្មករ កម្មការិនី ពិចារណាឲ្យបានច្បាស់លាស់ មុនធ្វើចលនាទាមទារណាមួយ ដូចជាការទាមទារបើកប្រាក់បំណាច់អតីតភាពការងារ នៅត្រឹមឆ្នាំ២០១៨ជាដើម។ កម្មករ កម្មការិនី ត្រូវប្រឹងប្រែងបង្កើនសមត្ថភាពរបស់ខ្លួន ដើម្បីបង្កើនការផលិត។ កបើប្រាក់ឈ្នួលកាន់តែឡើង តែផលិតភាពនៃការផលិតមិនកើនឡើង ក៏មិនកើតនោះដែរ៕

អត្ថបទដែលជាប់ទាក់ទង