អាជ្ញាធរជំរុញ ការយកចិត្តទុកដាក់ លើផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងការបោះឆ្នោត
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានចាត់ទុកការពង្រឹងសន្តិសុខ សណ្តាប់ធា្នប់សាធារណៈ ក្នុងរាជធានីភ្នំពេញ សម្រាប់ឱកាសបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រនីតិកាលទី៦ នៃរដ្ឋសភា ថ្ងៃទី២៩កក្កដា ឆ្នាំ២០១៨ ជាបញ្ហាចាំបាច់ដែលត្រូវតែពង្រឹង និងរក្សាឲ្យបានសម្រាប់ ដំណើរការឃោសនា, ពេលបោះឆ្នោត និងក្រោយការបោះឆ្នោតរាប់សន្លឹកឆ្នោត។
កិច្ចប្រជុំស្ដីពីការពង្រឹងសន្តិសុខ សណ្តាប់ធា្នប់ សាធារណៈ ក្នុងរាជធានីភ្នំពេញស ម្រាប់ឱកាសបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៃរដ្ឋសភា ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក លុន ឆេងកៃ ជាប្រធានក្នុងគោលដៅ ផ្លាស់ប្តូរព័ត៌មានពីការងារសន្តិសុខ សណ្តាប់ធ្នាប់, ការគ្រប់គ្រងដំណើរការឃោសនាបោះឆ្នោត និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត នៅរដ្ឋបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៧ ខែមិថុនានេះ។
ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ បានជួបប្រជុំជាមួយ គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ដែលមានលោកលុន ឆេងកៃ ជាប្រធាន ក្នុងគោលដៅផ្លាស់ប្តូរព័ត៌មាន ពីការងារសន្តិសុខ សណ្តាប់ធ្នាប់ ការគ្រប់គ្រងដំណើរការ ឃោសនាបោះឆ្នោត និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត ទាក់ទងនឹងការងារបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៃរដ្ឋសភាជាតិ នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់ទុកការងារពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ គឺជាការងារចាំបាច់សម្រាប់ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដែលត្រូវតែអនុវត្តន៍ ឲ្យបានល្អប្រសើរបម្រើ ឲ្យយុទ្ធនាការឃោសនា, ការបោះឆ្នោត និងក្រោយការបោះឆ្នោត និងធានាថាការបោះឆ្នោតនេះ ប្រព្រឹត្តប្រកបដោយសន្តិសុខសណ្តាប់ធ្នាប់ ស្ងប់ស្ងាត់ តម្លាភាព ត្រឹមត្រូវយុត្តិធម៌ តាមគោលការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស៕