អង្គការ LICADHO ៖ បាញ់ប្រហារលើអ្នកតវ៉ារឿងដីធ្លី បណ្ដាលឱ្យបុរសម្នាក់ រងរបួសយ៉ាងធ្ងន់ធ្ងរ
ភ្នំពេញ ៖ អង្គការ LICADHO / លីកាដូ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩បានចេញផ្សាយនូវអត្ថបទមួយ ពាក់ព័ន្ធនឹងការបាញ់ប្រហារលើអ្នកតវ៉ារឿងដីធ្លី ជាមួយអ្នកមានលុយមហាសាល មានអំណាច នៅខេត្តព្រះសីហនុ បណ្តាលឲ្យបុរសម្នាក់រងរបួសដោយគ្រាប់កាំភ្លើង និងជាច្រើននាក់ទៀត ត្រូវចាប់ខ្លួន។ អង្គការ LICADHO បានលើកឡើងថា បុរសម្នាក់ត្រូវបានកងកម្លាំងសមត្ថកិច្ចចម្រុះ បាញ់បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីមានកងកម្លាំងនគរបាល កងរាជអាវុធហត្ថនិងយោធា ប្រមាណជាង១០០នាក់ បានបើកការបាញ់ប្រហារ នៅភូមិគគីរ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃព្រហស្បតិ៍ ដើម្បីអនុវត្តសាលដីការបស់តុលាការកំពូល ដែលបានសម្រេចផ្តល់ដីទំនាស់នេះ ទៅឱ្យប្រជាពលរដ្ឋចំនួន៩គ្រួសារ។
អង្គការដដែល បានបន្តថា នៅពេលដែលកងកម្លាំងប្រដាប់អាវុធ ព្យាយាមចូលទៅកាន់ដីទំនាស់ ក្នុងឃុំបិតត្រាំង អ្នកតវ៉ាដែលមួយចំនួនកាន់ដំបង បានដុតកង់ឡាន និងគប់ដុំថ្ម ដើម្បីរារាំងកងកម្លាំងទាំងនោះ។ កងកម្លាំង ដែលរួមទាំងទាហានមកពីភូមិភាគខេត្តព្រះសីហនុ បានដកថយ ហើយប្រមូលផ្ដុំគ្នាម្តងទៀត រួចចូលទៅកាន់ដីទំនាស់ម្តងទៀត។ លើកនេះ កងកម្លាំងទាំងនោះ បានបាញ់កាំភ្លើងគ្រាប់ពិតឡើងលើមេឃ និងទៅកាន់ក្រុមអ្នកតវ៉ា ដែលបង្ហាញពីការប្រើប្រាស់កងកម្លាំងច្រើនលើសលុប។
យ៉ាងតិចណាស់ មានមនុស្សម្នាក់ អាយុ ២៨ ឆ្នាំ ឈ្មោះលោក ពៅ សារ័ត្ន បានរងរបួសដោយគ្រាប់កាំភ្លើង។ គ្រាប់កាំភ្លើង បានបាញ់ចូលទៅក្នុងស្មា ពីផ្នែកខាងក្រោយជាប់នឹងឆ្អឹងខ្នង។ សារ័ត្នដែលជាកម្មករសំណង់ ត្រូវបានទុកចោលមួយរយៈពេលទាំងនៅហូរឈាម មុនពេលបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ភាពធ្ងន់ធ្ងរនៅមុខរបួស ធ្វើឲ្យគ្រូពេទ្យសម្រេចចិត្តបញ្ជូនលោកទៅកាន់មន្ទីរពេទ្យនៅរាជធានីភ្នំពេញ ជាកន្លែងដែលលោកត្រូវបានដាក់នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ដើម្បីរង់ចាំការវះកាត់។ យ៉ាងតិចណាស់ មានប្រជាពលរដ្ឋចំនួន៤នាក់ទៀត ត្រូវបានចាប់ខ្លួន ប៉ុន្តែក្រោយមកដោះលែងវិញ។
ការតវ៉ាកើតមានឡើងដោយសារសាលដីកា របស់តុលាការកំពូលចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលបានសម្រេចផ្តល់ដីទំនាស់ចំនួន ៧១ ហិកតាទៅប្រជាពលរដ្ឋចំនួន ៩ គ្រួសារ ដែលតំណាងដោយដើមបណ្តឹងឈ្មោះ ឆាយ ណារិន និង គង់ វណ្ណា។
តំបន់នៅជុំវិញនោះ គឺជាកម្មសិទ្ធរបស់ឧកញ៉ា ដែលមានឥទ្ធិពលខាងនយោបាយ ដែលធ្វើឲ្យមានភាពមិនច្បាស់លាស់ ថាតើគ្រួសារទាំងនោះ ជាអ្នកទទួលយកដីនោះពិតប្រាកដឬយ៉ាងណា។
តំបន់នៅក្នុងស្រុកព្រៃនប់ ក៏ធ្លាប់មានប្រវត្តិជម្លោះហិង្សា ដែលកើតឡើងដោយការរំលោភយកដីធ្លីផងដែរ។ នៅឆ្នាំ ២០០៧ កងកម្លាំងចម្រុះ បានដុតផ្ទះសំបែង និងបណ្ដេញប្រជាពលរដ្ឋចេញដោយបង្ខំ ចំនួន ១០៥ គ្រួសារ ពីសហគមន៍ស្ពានឆេះ ។ នៅឆ្នាំ២០១៧ថ្មីៗនេះ ប្រជាពលរដ្ឋចំនួន ២៦គ្រួសារ បានប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខ ប្រមាណ ៥០០ ម៉ែត្រ ពីទីតាំងជម្លោះនាម្សិលមិញនេះ។
លោកឧកញ៉ា ស៊ីវ គង់ទ្រីវ ដែលមានអំណាច និងមានទំនាក់ទំនងផលប្រយោជន៍ អាជីវកម្មជាច្រើននៅកម្ពុជា និងភរិយារបស់លោកឈ្មោះ ហុង សួន មានជាប់ពាក់ព័ន្ធនឹងករណីដីធ្លីទាំងពីរនេះ។
កាលពីខែមីនាឆ្នាំមុន ទាហានជាច្រើន កីបានបាញ់កាំភ្លើងទៅលើក្រុមអ្នកតវ៉ា នៅក្នុងចំការកៅស៊ូខេត្តក្រចេះផងដែរ ដែលជាការប្រើប្រាស់ហិង្សាច្រើនលើសលុបរបស់កងកម្លាំងកម្ពុជា៕