ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់៣នាក់ ដែលប្រើល្បិចបបួលម្ចាស់ផ្ទះសំណាក់ ផឹកស្រាបៀរ លាយថ្នាំសណ្តំ ហើយលួចយកទ្រព្យសម្បត្តិ

100

បាត់ដំបង៖ សមត្ថកិច្ចនគរបាល បានឃាត់​ខ្លួនជនសង្ស័យចំនួន៣នាក់ ដែលប្រើល្បិច បបួលម្ចាស់ផ្ទះសំណាក់ ផឹកស្រាបៀរ លាយថ្នាំសណ្តំ ហើយលួចយកទ្រព្យសម្បត្តិ។

ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃទី​ ២៨​ខែ​ មករា​ ឆ្នាំ​ ២០១៩​ នេះដោយអនុវត្តនូវបទបញ្ជារបស់លោក​ឧត្តមសេនីយ៍​ទោ​ អ៊ុច​ សុខុន​ ​ស្នង​ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ និងដោយបាន​ការ​សម្របសម្រួល លើនីតិវិធី​ពីលោក​ នួន​ សាន​ ​ព្រះរាជអាជ្ញាអម​សាលាដំបូងខេត្តបាត់ដំបងផងនោះ​ លោកឧត្តមសេនីយ៍ត្រី​ ជេត​ វណ្ណនី​ ស្នងការ​រងទទួលផែន​ការ​ងារព្រហ្មទណ្ឌ បានដឹកនាំកម្លាំងនគរបាលជំនាញ​ ក្នុងផែនសហការ ជាមួយសមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យ​ធ្វើការស្រាវជ្រាវករណី (ដាក់ថ្នាំសណ្តំលួចយកទ្រព្យសម្បត្តិ) មួយ​កណីឃាត់​ខ្លួនជនសង្ស័យចំនួន៣នាក់រួមមាន៖ 1-ឈ្មោះ ជា ចិន្តា ភេទ ស្រីម អាយុ៥៤ឆ្នាំ
2-ឈ្មោះ ឡុង ស្រីយ៉ា ភេទ ស្រីអាយុ១៦ឆ្នាំទាំងពីររស់នៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរី​សោ​ភ័ណ្ឌ ខេត្តបន្ទាយមានជ័យ 3- ឈ្មោះ ឆេង សីហា ភេទប្រុស អាយុ២៤ឆ្នាំ ភូមិតាសិត ឃុំពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ ដកហូតវត្ថុតាងបានទូរស័ព្ទដៃចំនួន១គ្រឿង នាឡិកាដៃចំនួន២គ្រឿង ជារបស់ជនរងគ្រោះ។

សូមជម្រាបជូនថា កាលពីថ្ងៃទី ២៧​ ខែ​ មករា​ ឆ្នាំ២០១៩​ ម៉ោង២១និង​៣០នាទី ចំណុចក្រុមទី១៧ ភូមិពោធិ៍១ ឃុំគារ ស្រុកមោងឫស្សី ខេត្តបា​ត់ដំ​បង មានករណីដាក់ថ្នាំសណ្ដំ លួចយកទ្រព្យសម្បត្តិ បង្កដោយជនសង្ស័យជាស្រ្តីចំនួន២នាក់ បានធ្វើសកម្មភាព បបួលជនរងគ្រោះ ឈ្មោះសោរ យឹម ភេទប្រុស អាយុ៦៣ឆ្នាំ (ម្ចាស់ផ្ទះសំណាក់ យីហោសោរយឹម) ផឹកស្រាបៀរ ABC ជជែកគ្នាលេង​​ ​ហើយក្នុងពេលឈ្មោះ​សោរ​ យឹម​ បាត់ការប្រុងប្រយ័ត្ន ជនស័ង្សយខាងលើបានយកថ្នាំ​ងងុយដេក លាយជាមួយស្រាបៀរ របស់ជនរងគ្រោះ ​ហើយបន្តផឹកជជែកគ្នា លែងបន្តទៀត ប៉ុន្តែដោយ​សារឥទ្ធិពលស្រាបៀរ លាយជាមួយថ្នាំងងុយដេក ម្ចាស់ផ្ទះសំណាក់ បានដេកដួលសន្លប់បាត់ស្មារតី​ ហើយខណៈនោះជនស័ង្សយ បានលួចប្រមូល​យកទ្រព្យសម្បត្តិមួយចំនួន រួមមាន ប្រាក់ខ្មែរចំនួន៦០​ម៉ឺនរៀល ខ្សែកផ្លាក​ទីន​ចំនួន​១ខ្សែទម្ងន់​២តម្លឹង បន្តោងមាស់ទម្ងន់៥ជី ទូរ​ស័ព្ទដៃម៉ាកអាយហ្វូនX ចំនួន​១គ្រឿង នាឡិកាដៃចំនួន២គ្រឿង) រួចគេច​ខ្លួនបាត់ ។

នៅចំពោះមុខករណីខាងលើនេះ លោកឧត្តមសេនីយ៍ត្រី​ ជេត​ វណ្ណនី​ បានមានប្រសាសន៍ ផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ក្នុងមជ្ឈដ្ឋានទូទៅ សូមមេត្តាយកចិត្តទុកដាក់ ប្រុងប្រយ័ត្ន ចំពោះករណីខាងលើ ​ព្រោះពួកជនល្មើសដែលមានជំនាញមួយនេះ​ ​តែងតែឆ្មក់ធ្វើសកម្មភាព នៅក្នុងពេលណា​មួយ ដែលជនរងគ្រោះ បាត់ការប្រុងប្រយ័ត្ន​ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង នគរបាលកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង​ចាត់ការតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង