ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាល​រាជ​ធានី​ភ្នំពេញ បាននិង​កំពុងជម្រុញអោយអាជ្ញាធរខណ្ឌ ស្ថាប័នពាក់ព័ន្ធនិងក្រុមហ៊ុនឯកជន កាត់​បណ្ដាញ​ខ្សែ​កាប​អាកាស​តាម​ដង​ផ្លូវ​

100

ភ្នំពេញ៖ សកម្មភាពកាត់​បណ្ដាញ​ខ្សែ​កាប​អាកាស​តាម​ដង​ផ្លូវ​ នៅពេលកន្លងមកក៏ដូចជាសព្វថ្ងៃនេះឃើញថា រដ្ឋបាល​រាជ​ធានី​ភ្នំពេញ បាននិង​កំពុងជម្រុញអោយអាជ្ញាធរខណ្ឌ ស្ថាប័នពាក់ព័ន្ធនិងក្រុមហ៊ុនឯកជន ចូលរួមសហការ ដើម្បីធ្វើយ៉ាងណាកាត់​បណ្ដាញ​ខ្សែ​កាបលើ​អាកាស​តាម​ដង​ផ្លូវ​ បញ្ជូនទៅក្រោមដីអោយអស់។

   យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​រដ្ឋ​បាល​រាជ​ធានី​ភ្នំពេញ លេខ​ ០២៥/១៦ ដែលបានចេញកាល​ពី​ពេលកន្លងមកនេះ​ បាន​ឲ្យ​​ដឹង​ថា ក្រុម​ការងារ​ចម្រុះ​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ នឹង​រៀប​ចំ​​សណ្ដាប់​ធ្នាប់​​បណ្ដាញ​ខ្សែ​កាប​អាកាស​តាម​ដង​ផ្លូវ​ ដែល​ត្រូវ​កាត់​ទម្លាក់​​​ជា​ជំហាន​ៗ។ ​​​​សកម្មភាព​នេះ​ គឺ​ដើម្បី​​រៀប​ចំ​សណ្ដាប់​ធ្នាប់ សុវត្ថិភាព​​នៃ​បណ្ដាញ​ខ្សែ​កាប និង​ដើម្បី​លើក​កម្ពស់​​សោភ័ណភាព​រាជធានី​ផងដេរ។

ដើម្បី​អនុវត្ត​ន៍យុទ្ធនាការ​​នេះ​ ឲ្យ​បាន​ប្រសើរ រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​​​បាន​តម្រូវ​ឲ្យ​​អង្គភាព​រដ្ឋ និង​បណ្ដា​ក្រុមហ៊ុន​ឯក​ជន​​ដែល​មាន​បណ្ដាញ​ខ្សែ​កាប​លើ​អាកាស​ទាំង​អស់ ត្រូវ​​ចូល​រួម​សហការ​​ ដើម្បី​​កាត់​ទម្លាក់​ខ្សែ​កាប​មកដាក់​ចូល​បំពង់​​បណ្ដាញ​ក្រោម​ដី​វិញ។ 

      រដ្ឋបាលរាជធានីភ្នំពេញ​ ប្រកាសបញ្ជាក់ថា ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការរៀបចំសណ្ដាប់ធ្នាប់ បណ្ដាញខ្សែកាបអាកាស តាមដងមហាវិថីធំៗ ចំនួន៦ ដោយធ្វើការកាត់ទម្លាក់ជាជំហានៗ ដាក់ចូលក្នុងបំពង់ក្រោមដីវិញ ដើម្បីពង្រឹងសុវត្ថិភាពជូនប្រជាពលរដ្ឋ លើកកម្ពស់សោភ័ណភាពរាជធានី ក៏ដូចជាការរក្សាសណ្ដាប់ធ្នាប់ និងរបៀបរៀបរយ សំដៅកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗ។

      តាមសេចក្ដីប្រកាសបានឱ្យដឹងថា រដ្ឋបាលរាជធានីបានស្នើឱ្យអង្គភាពរដ្ឋ ស្ថាប័ន ក្រុមហ៊ុនឯកជននានា ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមសហការ និងផ្ដល់ភាពងាយស្រួលដល់ក្រុមការងារ ដែលមានក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អគ្គិសនីកម្ពុជា ក្រុមហ៊ុន CFOCN ក្រុមហ៊ុន PPCTV និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត​ ដើម្បីឱ្យដំណើរនេះ ប្រព្រឹត្តទៅបានជោគជ័យ ជៀសវាងមាន បញ្ហាផ្សេងៗ។

      សេចក្ដីប្រកាសបានបញ្ជាក់ថា មហាវិថីធំៗដែលត្រូវអនុវត្តការងារខាងលើ រួមមាន៖ មហវិថីព្រះនរោត្តម, មហាវិថីសហព័ន្ធរុស្ស៊ី, មហាវិថីព្រះមុនីវង្ស, មហាវិថីម៉ៅសេទុង, មហាវិថីកម្ពុជាក្រោម, និងមហាវិថីព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង