ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រូបសំណាក ព្រឹទ្ធាចារ្យភិរម្យវោហារប្រាជ្ញឈួន កាត់ខ្សែបូសម្ពោធនៅវត្តសម៉

122


តាកែវ៖ លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រីអញ្ជើញជាអធិបតី និងកាត់ខ្សែបូសម្ពោធរូបសំណាក លោកតាព្រឹទ្ធាចារ្យភិរម្យវោហារប្រាជ្ញឈួន នៅវត្តសម៉ ភូមិសម៉ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ នាព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ។

ការ​សាងសង់​រូបសំណាក​របស់​លោក​តាប្រាជ្ញ ឈួន​ធ្វើ​ឡើង​តាម​សំណូមពររបស់​លោក តា​កាលនៅមាន​ជន្មាយុ​ ដោយសារ​លោក​តា​ចង់​បាន​រូប​សំណាក​​​មួយទុកឱ្យគ្រាន់​កូនចៅ​ជំនាន់ ក្រោយ​ស្គាល់ និង​គោរពបូជាទុក​ជា​អ្នក​ប្រាជ្ញ​មួយរូប​ផ្នែក​វោហារ​ស័ព្ទចម្រៀងចាប៉ីដងវែង របស់ខ្មែរយើង​។ ដោយ​យោងទៅតាម​សំណូមពររបស់លោកតា​ចំពោះ​លោក​ ខៀវ កាញារីទ្ធ ​​​ហើយលោករដ្ឋមន្រ្ដីក៏បាន​យល់ព្រមសាងសង់​រូបសំណាក​មួយ ដើម្បី​ដាក់​តាំង​តម្កល់​​នៅក្នុង ទីអារាមវត្តសម៉​ ហើយ​រូបសំណាកនេះ ​គឺ​ឆ្លាក់ធ្វើអំពីថ្មភក់​ ទំហំទទឹង​០,៨ម៉ែត្រ និង​កម្ពស់​១,២០ ម៉ែត្រ​ អង្គុយ​កាន់​ចាប៉ីដងវែង ជាសកម្មភាពកំពុង​តែសម្តែង​ចម្រៀង​​ចាប៉ី ជូន​មហាជន​ស្តាប់​កម្សាន្ត​។

រូបសំណាកនេះ​ត្រូវបាន​ចាប់ផ្តើម​កសាងពីថ្ងៃ​ទី​១១ ខែកញ្ញា រហូត​ដល់​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៨ ទើប​រួចរាល់ជាស្ថាពរ​ ដែលមានរយៈ​ពេល​ជាង​៣ខែ ដោយ​ចំណាយ​ថវិកាផ្ទាល់​របស់​លោក​រដ្ឋមន្ត្រី​ និង​លោកស្រី សរុប​ទាំង​ឈ្នួល​ជាង​ថ្លៃ​ដឹកមកដល់ទីនេះ​អស់ចំនួន​២.២៥០​ដុល្លារ​។​ សូមរម្លឹកថា ​កាលពី​​លោក​ព្រឹទ្ធាចារ្យ​នៅមាន​ជន្មាយុ​ ​ត្រូវបានលោក​រដ្ឋមន្ត្រី​ និង​លោកស្រី​បាន​ឧបត្ថម្ភផ្ទះ​មួយខ្នង​ និង​ផ្តល់ថវិកាក្នុង​មួយ​ខែ១០០​ដុល្លារ​ជូន​លោក​តា​ប្រាជ្ញ ឈួន ជាបន្ត​បន្ទាប់។ លោក​ព្រឹទ្ធាចារ្យភិរម្យវោហារ ​ប្រាជ្ញ ឈួន បានទទួលមរណ ភាព កាលពី​ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងជន្មាយុ ៨២ឆ្នាំ ដោយជរាពាធ។

​លោក​ព្រឹទ្ធាចារ្យ​ត្រូវបាន​រាជរដ្ឋាភិបាល និង​ព្រះមហាក្សត្រ​នៃ ព្រះ រាជាណាចក្រកម្ពុជា​ផ្តល់គោរម្យងារ​ថា​ លោក​ព្រឹទ្ធាចារ្យភិរម្យវោហារ ​ប្រាជ្ញ ឈួន​ និង​ទទួលបាន​គ្រឿង​ឥស្សរិយយស​ជាបន្តបន្ទាប់​។

លោក ខៀវ កញ្ញារីទ្ធ បានថ្លែងថា រូបសំណាករបស់លោកតា ប្រាជ្ញ ឈួន ត្រូវបានធ្វើឡើង ដើម្បីបំពេញបំណងលោកតា កាលនៅរស់ គឺកាលលោកនៅឈឺតិចៗ ដែលលោកតាចង់បានរូបសំណាកមួយទុកជាតំណាង។ លោក ខៀវ កញ្ញារីទ្ធ បានបញ្ជាក់ថ បើទោះបីជាលោកតា ប្រាជ្ញ ឈួន មិនបានសុំ ឬផ្តែផ្តាំ ក៏ត្រូវតែកសាងរូបសំណាកនេះដែរ។

លោក ខៀវ កញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងកោតសរសើរយ៉ាងដល់សមត្ថភាព លេងចាប៉ីដងវែងរបស់លោកតាព្រឹទ្ធាចារ្យភិរម្យវោហារ ប្រាជ្ញ ឈួន មានទេពកោសល្យខ្ពស់ខាងការចងចាំ និងតែងនិពន្ធភ្លាមៗ។ លោកតា ប្រាជ្ញ ឈួន ជាអ្នកប្រាជ្ញខាងចាប៉ី ដ៏កម្ររបស់កម្ពុជា។

រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងបញ្ជាក់ថា៖ «អានឲ្យគាត់មួយចប់ហើយ គឺគាត់ចាំតែម្តង។ អ៊ីចឹងគាត់ដឹងទាំងអស់ ប្រធានបទគោលនយោបាយ ដែលសម្តេចតេជោ ហ៊ុន សែន លើកមកគាត់ចាំបានតែម្តង ច្រៀងបានទាំងអស់អត់មានភ្លេចទេ ហើយបើប្រាប់ថាតាច្រៀង២ម៉ោង គាត់ច្រៀង២ម៉ោងគត់ អត់ខ្វះអីទាំងអស់។ គាត់ចាំហើយ គាត់ដឹងម៉ោងទៀតថាលេងប៉ុន្មាន និយាយទៅពិបាករកណាស់មនុស្សអ៊ីចឹង»។

លោក​ ប្រាជ្ញ​ ឆាត​ កូនប្រុសរបស់លោកតា ប្រាជ្ញ ឈួន បានប្រាប់ឲ្យដឹងថា រូបសំណាករបស់ឪពុករបស់លោក ត្រូវបានធ្វើអំពីថ្មដែលយកពីប្រសាទព្រះវិហារ ហើយចំពោះថវិកាកសាងវិញ​ គឺជាការឧបត្ថម្ភទាំងស្រុង របស់លោក ខៀវ កញ្ញារីទ្ធ។ កូនប្រុសលោកតា ប្រាជ្ញ ឈួន ក៏បានសម្តែងសេចក្តីត្រេកអរយ៉ាងខ្លាំង ដែលឃើញរូបសំណាក របស់ឪពុក ត្រូវបានសម្ពោធដាក់ជាតំណាង ឲ្យអ្នកប្រាជ្ញខាងចាប៉ីនៅស្រុកខ្មែរ។ លោកក៏មិនបានភ្លេចថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសជូនចំពោះលោក ខៀវ កញ្ញារីទ្ធ ដែលបានរ៉ាប់រងឧបត្ថម្ភយ៉ាងពេញទំហឹង ចំពោះការកសាងរូបសំណាក របស់លោកតា ប្រាជ្ញ ឈួន ផងដែរ។

សូមជំរាបថា ព្រឹទ្ធាចារ្យចាប៉ីដងវែងដ៏ល្បាញល្បីរបស់កម្ពុជា លោកតា ប្រាជ្ញ ឈួន បានទទួលមរណភាពនៅម៉ោងប្រមាណ ១៖៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងជន្មាយុ៨២ឆ្នាំ ដោយជរាពាធ។

លោក​តាកើតនៅថ្ងៃទី​១៥​ ខែ​តុលា ឆ្នាំ​១៩៤៣ នៅភូមិសម៉ ឃុំ​ខ្វាវ ស្រុកទ្រាំង ខេត្ត​តាកែវ​ ដោយ​ចាប់ងងឹតភ្នែក​តាំង​ពីអាយុ៩ឆ្នាំ​​ ដោយសារជំងឺ​កញ្ជ្រិល ហើយ​លោកតា​បាន​ហាត់​រៀន​ច្រៀង​ចាប៉ី​តាំងពីនៅ​កុមារភាពជាមួយ​លោក តាឌុក (ហៅចង្កូម៨) ដែល​ត្រូវ​ជា​ពូ​របស់​លោកតា​។ ការ​ហាត់រៀននេះ​ កុមារាប្រាជ្ញឈួន​ មាន​ប្រាជ្ញាវាងវៃណាស់​ដោយ​អាច​ច្រៀង​ចោទឆ្លើយបាន​យ៉ាងស្ទាត់​ជំនាញ​ជាមួយ​តាចង្កូម​៨។

​ដោយ​ភាពប៉ិនប្រសប់​របស់​លោកតា​ លោកតាមានភាពល្បីល្បាញរហូត​ប្រឡងជាប់​ជា​បន្តបន្ទាប់​ ហើយ​ក៏បានចូលច្រៀង​នៅវិទ្យុជាតិ​ក្នុង​អំឡុង​ឆ្នាំ​១៩៦០រហូត​មក។ បន្ទាប់ពី​កម្ពុជា​បានធ្លាក់ក្នុង​របបប៉ុលពត​ គេឱ្យគាត់​ដេរស្លឹកត្នោត​នៅស្រុកកំណើត​របស់គាត់​។ ក្រោយ​ពី​ប្រទេស​រំដោះ​ពីពួកខ្មែរក្រហម​ លោកតា​ ប្រាជ្ញ ឈួន ក៏បាន​ចូល​បម្រើការងារ​នៅ​វិទ្យុ​ជាតិ​ជារហូត​ដល់ថ្ងៃចូលនិវត្តន៍។​​

ជាមួយគ្នានេះដែរ ដោយសារ​ចម្រៀង​ចាប៉ី​ដងវែងមាន​ភាព​វ័យចំណាស់ជាងគេ​ និង​ជា ចម្រៀងឯក​របស់ប្រទេសកម្ពុជា បាន​ល្បីល្បាញ​លើពិភពលោក​ ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​ស្នើ​ទៅអង្គការយូណេស្កូ​ ដើម្បី​បញ្ចូលសិល្បៈចាប៉ីដងវែងនេះ ​ជា​សម្បត្តិ​បេតិកភណ្ឌ ពិភពលោក​ ហើយ​អង្គការយូនីស្កូ​ក៏ទទួល​ស្គាល់ និង​បញ្ចូល​សិល្បៈចាប៉ីដងវែងនេះ​ចូលក្នុង បញ្ជី​បេតិកភណ្ឌ​​ពិភពលោក កាលពីថ្ងៃទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៦​។

ព្រឹទ្ធាចារ្យភិរម្យវោហារប្រាជ្ញឈួន ​មាន​កូន​ចំនួន​៥​នាក់​ ក្នុង​នោះ​មាន៣​នាក់​ ដែល​រស់​នៅ​ជាមួយ​គាត់។​ មួយ​ជីវិត​របស់​លោក​កាន់​ដង​ចាប៉ី​ជា​ប្រចាំ។ ​ដោយ​សារ​ភាព​ល្បី​ល្បាញ​របស់​គាត់ លោកតា​ត្រូវ​បាន​គេ​អញ្ជើញ​ទៅ​ច្រៀង​នៅ​តាម​ខេត្ត និង​រាជធានី​មួយ​ចំនួន​។​
​លោក​តា​ក៏​ធ្លាប់​ទៅ​បញ្ចេញ​សំនៀង​ នៅ​ឯ​បរទេស​ផង​ដែរ​ ដូចជា​នៅ​សហ​រដ្ឋ​អាមេរិក​២​ដង ​ប្រទេស​បារាំង​បាន​៣​ដង​ និង​ទៅ​ប្រទេស​សឹង្ហ​បុរីបាន​ម្តង។​ ចម្រៀង​របស់​លោកតា ​មាន​ជា​កំប្លែង​ខ្លះ​ ហើយ​ភាគ​ច្រើន​គឺ​ផ្តល់​ជា​ការ​អប់រំ។​ លោក​តាចូលចិត្ត​ច្រៀង​រៀបរាប់​ច្បាប់​ស្រី ​ហើយ​លោក​តា​ចេះ​ច្រៀង​ច្បាប់​ក្រម​ង៉ុយ​ដល់​ទៅ​៤​ច្បាប់។ ​មិនតែ​ប៉ុណ្ណោះ ​លោកតានៅ​ចេះ​តែង​បទ​ចម្រៀង​ភ្លាមៗ ​ស្រប​ពេល​នឹង​កំពុង​ច្រៀង​ទៀត​ផង ​ហើយ​ឃ្លា​ឃ្លោង​ក៏​ជួន​គ្នា​បាន​ល្អ​ទៀត៕

អត្ថបទដែលជាប់ទាក់ទង