ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

” ជាមួយយន្តការរដ្ឋបាល និង បច្ចេកវិទ្យាថ្មី ការចុះបញ្ជីរថយន្តចង្កូតស្ដាំត្រូវបានបញ្ឈប់ទាំងស្រុងចាប់ពីពេលនេះតទៅ ដោយគ្មានលក្ខខណ្ឌ “

100

ថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០១៩ នៅទីស្ដីការ ក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញដឹកនាំកិច្ចប្រជុំ ប្រចាំខែស្ដីពី វឌ្ឍនភាពការងាររបស់ក្រសួងក្នុងខែមករា ឆ្នាំ២០១៩ ដោយមានការចូលរួមពីថ្នាក់ ដឹកនាំ និងមន្ត្រីពីគ្រប់អង្គភាពចំណុះក្រសួង។

កិច្ចប្រជុំនេះ ផ្ដោតជាសំខាន់លើរបៀបវារៈសំខាន់ៗរួមមាន៖ ការជំរុញយន្តការសាងសង់ ជួសជុល ថែទាំផ្លូវថ្នល់ ឱ្យមានគុណភាពស្តង់ដារអន្តរជាតិ ការបិទលែងទទួលចុះបញ្ជីរថយន្តចង្កូតស្ដាំ គម្រោងក្នុងការសាងសង់អាគារដ្ឋបាលថ្មីរបស់ក្រសួង និងបញ្ហាផ្សេងៗ។

លោកទេសរដ្ឋមន្ត្រី បានជំរុញឱ្យមន្ត្រីក្រោមឱវាទខិតខំប្រឹងប្រែងបំពេញការងារទ្វេដងនៅក្នុងអាណត្តិ ទី៦នៃរាជរដ្ឋាភិបាលនេះ ខិតខំរិះរកគ្រប់មធ្យោបាយ និងយន្តការផ្សេងៗដើម្បីជំរុញឱ្យការផ្ដល់សេវាសាធារណៈបានលឿនជាងមុន ពង្រឹងគុណភាពសាងសង់ ជួសជុល និងថែទាំផ្លូវថ្នល់ ដោយធានា ឱ្យបានតាមគុណភាពស្ដង់ដារ ពោលគឺ៖ “ធ្វើផ្លូវឱ្យមាំ មិនមែនធ្វើផ្លូវជាប់រហូតនោះទេ” ។

ជាមួយគ្នានេះផងដែរលោកទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា៖ ជាមួយយន្តការរដ្ឋបាល និង បច្ចេកវិទ្យាថ្មី ការចុះបញ្ជីរថយន្តចង្កូតស្ដាំត្រូវតែបញ្ឈប់ទាំងស្រុង ចាប់ពីពេលនេះតទៅ ដោយគ្មានលក្ខខណ្ឌ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតអប្បបរិមា ស្របតាមប្រសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា “ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍”។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកទេសរដ្ឋមន្ត្រី បានបង្ហាញផែនការរយៈពេល៥ឆ្នាំរំកិលរបស់ក្រសួង ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទាំងអស់ ដើម្បីត្រៀមខ្លួនអនុវត្តផែនការទាំងនោះឱ្យមានប្រសិទ្ធ ភាពខ្ពស់បំផុត ស្របតាមចក្ខុវិស័យរបស់ក្រសួង។

លោកទេសរដ្ឋមន្ត្រី បានសម្ដែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃមហាគ្រួសារក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានខិតខំប្រឹង ប្រែងបំពេញការងារអស់ពីកម្លាំងកាយចិត្ត និងពេលវេលាក្នុងការបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយការ ទទួលខុសត្រូវខ្ពស់ និងបានផ្ដាំផ្ញើឱ្យបន្តវប្បធម៌សហការដ៏ប្រពៃនេះ ដើម្បីរួមចំណែកបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ប្រទេសតាមរយៈវិស័យសាធារណការ និងដឹកជញ្ជូនឱ្យកាន់តែរីកចម្រើនជាលំដាប់៕


អត្ថបទដែលជាប់ទាក់ទង