រកឃើញ គ្រាប់ MK-82 នៅការដ្ឋានក្រុមហ៊ុនអានកូ
ព្រះសីហនុ៖ គ្រាប់បែកចាស់ទម្លាក់ពីយន្តហោះមួយគ្រាប់ ប្រភេទ MK-82 មិនទាន់ផ្ទុះ ត្រូវបានគេប្រទះឃើញ ពេលជីកដីរៀបចំបណ្តាញទឹក ក្នុងក្រុងព្រះសីហនុ។ លោកអគ្គនាយកស៊ីម៉ាក់ បានថ្លែងថា ការអភិវឌ្ឍចាំបាច់ ត្រូវតែមានការបោសសំអាត សំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីធានាសុវតិ្ថភាពជាចម្បងចំពោះអ្នកធ្វើការផង និងដើម្បីបញ្ចៀសការខាត់បង់ទ្រព្យសម្បតិ្ត ។
លោកឧត្តមសេនីយ៍ត្រីបួរ សុធី ស្នងការរងនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា មានគ្រាប់បែកចាស់ទម្លាក់ពីយន្តហោះមួយគ្រាប់ មិនទាន់ផ្ទុះ ត្រូវបានក្រុមបច្ចេកទេសតបណ្តាញទឹក របស់ក្រុមហ៊ុនអានកូ ប្រទះឃើញពេលជីកដីរៀបចំ ប្រពន្ធ័បណ្តាញទឹក នៅតាមផ្លូវចូលក្បាលឆាយ ក្នុងក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី២៩ មករា ២០១៩ ហើយនៅរសៀលថ្ងៃទី៣០មករា២០១៩នេះ កម្លាំងនគរបាលការិយាល័យ គ្រប់គ្រង់អាវុធជាតិផ្ទុះ សហការជាមួយកម្លាំង ស៊ីម៉ាក់ បានចុះយកគ្រាប់បែកសំណល់សង់ពីសង្រ្គាម ១គ្រាប់នេះ ដើម្បីទុកកម្ទេចចោល។
លោកឧត្តមសេនីយ៍ត្រីបួរ សុធី មានប្រសាសន៍ថា គ្រាប់បែកនេះ ជាប្រភេទគ្រាប់ទម្លាក់ពីយន្តហោះ ជាយុទ្ធភណ្ឌមិនទាន់ផ្ទុះ សំណល់ពីសមយ័សង្រ្គាម។
លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ បានសរសេរលើផេកហ្វេសប៊ុកថា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះ ក្រុមជំនាញ EOD បានបោសសំអាតគ្រាប់ទម្លាក់ពីយន្តហោះ ប្រភេទ MK-82 ចំនួន១គ្រាប់ ស្ថិតក្នុងការដ្ឋានទឹកស្អាតក្បាលឆាយ ស្ថិតនៅភូមិក្បាលឆាយ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
លោកអគ្គនាយកស៊ីម៉ាក់ បានថ្លែងថា ការអភិវឌ្ឍចាំបាច់ ត្រូវតែមានការបោសសំអាត សំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីធានាសុវតិ្ថភាពជាចម្បងចំពោះអ្នកធ្វើការផង និងដើម្បីបញ្ចៀសការខាត់បង់ទ្រព្យសម្បតិ្ត នៃការវិនិយោគផងដែរ។ ដូចករណីនេះប្រសិនជាការផ្ទុះកើតឡើង ទំនប់និងសម្ភារសំណង់ ព្រមទាំងជីវិតអ្នកធ្វើការនៅទីនោះ អាចត្រូវខូចខាតនិងបាត់បង់៕