ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វៀតណាម នឹងរៀបចំកិច្ចប្រជុំបន្ទាន់មួយ ជាមួយពាណិជ្ជករវៀតណាម ជួយប្រមូលទិញស្រូវ-អង្ករពីកម្ពុជា

96


ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតវៀតណាម បានទទួលយកសំណើរបស់រដ្ឋមន្រ្តីកសិកម្មកម្ពុជា ដោយបញ្ជាក់ថា ភាគីវៀតណាម នឹងរៀបចំកិច្ចប្រជុំបន្ទាន់មួយ ជាមួយពាណិជ្ជករវៀតណាម ប្រមូលទិញស្រូវ-អង្ករពីកម្ពុជា ឱ្យបានសមស្រប ទៅនឹងតម្លៃលើទីផ្សារនៅប្រទេសវៀតណាម

លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងលោក Vu Quang Minh ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានបើកកិច្ចប្រជុំពិភាក្សា អំពីស្ថានភាពការប្រមូលទិញស្រូវ ពីកសិករកម្ពុជា ក្នុងពេលបច្ចុប្បន្ន និងបា​នដាក់ចេញ នូវយន្តការ នៃការប្រមូលទិញស្រូវ-អង្ករពីកម្ពុជា ឱ្យបានសមស្រប ទៅនឹងតម្លៃលើទីផ្សារនៅប្រទេសវៀតណាម។

បើតាមការផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលកិច្ចប្រជុំនោះ ធ្វើនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០១៩ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកថ្នាក់ទឹកនាំក្រសួង លោកឧកញ៉ា លោកអគ្គនាយកធនាគារ AGRI BANK តំណាងក្រុមហ៊ុនដែលធ្វើអាជីវកម្មស្រូវ-អង្ករវៀតណាម មន្ត្រីស្ថានទូត និងមន្រ្តីជំនាញក្រោមឳវាទមួយចំនួនទៀត។

ក្រសួងកសិកម្ម បានបញ្ជាក់ថា គោលបំណងនៃកិច្ចប្រជុំពិភាក្សានេះ គឺទី១-ធ្វើការពិនិត្យ និងវាយតម្លៃជារួម លើស្ថានភាពតម្លៃស្រូវ ក្នុងពេលបច្ចុប្បន្ន និងទី២-រួមគ្នាដោះស្រាយ និងដាក់ចេញ នូវយន្តការ នៃការប្រមូលទិញស្រូវ-អង្ករពីកម្ពុជា ឱ្យបានសមស្រប ទៅនឹងតម្លៃលើទីផ្សារនៅប្រទេសវៀតណាម។

បន្ទាប់ពីភាគីទាំងពីរ បានពិភាក្សាគ្នាយ៉ាងល្អិតល្អន់រួចមក កិច្ចប្រជុំបានដាក់ចេញ នូវយន្តការដោះស្រាយ នូវបញ្ហាតម្លៃស្រូវ ក្នុងេយៈពេលខ្លី មធ្យម និងវែងចំនួន៦ចំណុច ៖ ១- ភាគីវៀតណាម នឹងរៀបចំកិច្ចប្រជុំបន្ទាន់មួយ ជាមួយពាណិជ្ជករវៀតណាម បន្ទាប់មកនឹងធ្វើរបាយការណ៍លម្អិត ជូននាយករដ្ឋមន្រ្តីវៀតណាម ដើម្បីជំរុញឱ្យពាណិជ្ជករវៀតណាម ជួយប្រមូលទិញស្រូវពីកម្ពុជា ក្នុងតម្លៃសមរម្យ។ ២- ធនាគារ AGRI BANK នឹងពិនិត្យលទ្ធភាព និងធ្វើការសម្រួលបែបបទផ្សេងៗ ដើម្បីផ្តល់កម្ចីឥណទាន ដល់ពាណិជ្ជករវៀតណាម សម្រាប់ជាទុនប្រមូលទិញស្រូវ ក្នុងរដូវប្រមូលផលនេះ ព្រមទាំងគាំទ្រ ដល់ការផ្តល់ឥណទាន ដល់ពាណិជ្ជករ កម្ពុជាដែលខ្វះទុន ក្នុងការប្រមូលទិញកសិផល។ ៣- ភាគីទាំងពីរ នឹងបន្តពង្រឹង និងពង្រីក ការអនុវត្តផលិតកម្មកសិកម្ម តាមកិច្ចសន្យា ឱ្យបានទូលំទូលាយ និងមានប្រសិទ្ធភាព ដើម្បីរក្សានិរន្តរភាព នៃភាពជាដៃគូរវាងអ្នកផលិត និងអ្នកទិញ។ ៤- ភាគីទាំងពីរ បានឯកភាពគ្នា ថានឹងសហការគ្នាដោះស្រាយ បញ្ហាប្រឈម ដែលមានឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។ ៥-ទូរទស្សន៍វៀតណាម នឹងចុះទៅកន្លែងប្រមូលផល ធ្វើការផ្សព្វផ្សាយ ពីវិធានការ នៃប្រជុំនេះ ជូនដល់ពាណិជ្ជករវៀតណាម ឱ្យជួយទិញស្រូវក្នុងតម្លៃ សមរម្យ។ ៦- ភាគីវៀតណាម បានបញ្ជាក់ជូនថា នឹងជំរុញឱ្យមានការចុះអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពី ការធ្វើពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ជាពិសេសលើផលិតផលថ្នាំជក់ និងស្រូវ-អង្ករ ដោយអត្រាពន្ធសូន្យ ក្នុងរយៈពេលដ៏ខ្លីខាងមុខ។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អះអាងថា វិស័យកសិកម្មកម្ពុជា មិនមានបញ្ហាអ្វីនោះទេ ប៉ុន្តែ ដោយសារតែមានការបំផុសបំផុល ពីអ្នកប្រឆាំងនៅក្រៅប្រទេសឲ្យសហគមន៍អន្តរជាតិ ដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជា ទើប បណ្តាលឲ្យការលក់ស្រូវ – អង្ករ កម្ពុជាជួបបញ្ហាតិចតួច ។

លោក វេង សាខុន លើកឡើងក្នុងជំនួបនោះយ៉ាងដូច្នេះថា ខ្ញុំទទួលព័ត៌មានពីបណ្តាខេត្តថា តម្លៃលក់ចេញគឺល្អ ប៉ុន្តែចង្រៃប៉ុន្មានថ្ងៃនេះវា មានបញ្ហាពីសម្ពាធខាងក្រៅ តាមរយៈគណបក្សប្រឆាំង ដែលបំផុសបំផុលថា អឺរ៉ុបដាក់សម្ពាធមកលើរដ្ឋាភិបាលកម្ពុជា ។ ដល់អ៊ីចឹងទៅប្រជាពលរដ្ឋមាត់តៗគ្នា ក៏ទៅដល់ឈ្មួញ ឈ្មួញក៏ចាប់ធ្វើក ធ្វើស៊ី ប្រជាជនខ្មែរវាក៏ច្របូកច្របល់ប៉ុន្មានថ្ងៃនេះ ពាក់ព័ន្ធនឹងស្រូវ – អង្ករ ។

លោករដ្ឋមន្ត្រីបង្ហាញជំនឿចិត្តថា ភាគីវៀតណាម នឹងអាចជួយកម្ពុជាបានចំពោះបញ្ហានេះ ។ ខ្ញុំមានសេចក្តីទុកចិត្តមែនទែនចំពោះមិត្ត វៀតណាមថា អាចជួយខ្ញុំបានជួយចែករំលែកទុក្ខលំបាកនេះ ពេលមានគ្រោះអាសន្ននេះ តែ២-៣សប្តាហ៍ទេ ស្បើយវិញហើយ ។ ខ្ញុំ សង្ឃឹមថា ឯកអគ្គរដ្ឋទូតជួយខ្ញុំជួយជ្រោមជ្រែងបញ្ហាហ្នឹង ដោយសារយើងធ្លាប់រួមសុខទុក្ខ ជាមួយគ្នាជាយូរមកហើយ ។

សហភាពអឺរ៉ុបប្រកាសយកពន្ធលើអង្ករកម្ពុជា ក្នុងរយៈពេល ៣ ឆ្នាំជាប់គ្នា ( ឆ្នាំ ២០១៩- ឆ្នាំ ២០២១) ។ ពន្ធដែលត្រូវបង់នោះគឺ ប្រមាណ២០០ដុល្លារ ក្នុង១តោន នៅឆ្នាំទី១ ប្រមាណ ១៧០ ដុល្លារ ក្នុង១តោននៅឆ្នាំទី២ និងប្រមាណ ១៥០ ដុល្លារក្នុង១តោននៅឆ្នាំទី៣ ។

ចំណែកមិត្តចិន ក៏ប្រកាសជួយទិញអង្ករកម្ពុជា ឲ្យលើសទ្វេដងក្នុង ឆ្នាំ២០១៩ នេះ គឺប្រមាណ៤០ម៉ឺនតោន ៕

អត្ថបទដែលជាប់ទាក់ទង