កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រង់ចំណុចអន្លង់កាំពី
ក្រចេះ៖ កូនផ្សោតទើបកើតថ្មីមួយក្បាល ដែលមានអាយុកាលប្រហែលជាបីថ្ងៃ ត្រូវបានប្រទះឃើញ នៅក្នុងក្រុមហ្វូងផ្សោតធំ ដែលមានចំនួនប្រមាណជា ៥ក្បាល ត្រង់ចំណុចអន្លង់កាំពី។
បើតាមមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តក្រចេះ បានឲ្យដឹងថា កូនផ្សោតទើបកើតថ្មីមួយក្បាល ដែលមានអាយុកាលប្រហែលជាបីថ្ងៃ ត្រូវបានប្រទះឃើញកាលពី ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ នៅវេលាម៉ោងប្រមាណជា១០:៣០នាទី ព្រឹកនៅក្នុងក្រុមហ្វូងផ្សោតធំ ដែលមានចំនួនប្រមាណជា ៥ក្បាល ត្រង់ចំណុចអន្លង់កាំពី ដែលមានចំណុចនិយាមការ ៤៨P ០៦១០៣៧៨ និង UTM ១៣៩២៩៧៤ ក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ដោយក្រុមអ្នកចម្លងទូកទេសចរណ៍ មើលសត្វផ្សោតនៅរមណីយដ្ឋានអន្លង់ផ្សោតកាំពី បន្ទាប់មកបានរាយការណ៍ ជូនមន្រ្តីប៉ូលីសទេសចរណ៍ ប្រចាំការនៅរមណីយដ្ឋានអន្លង់ផ្សោតកាំពី មន្រ្តីរបស់អង្គការ WWF ប្រចាំខេត្តក្រចេះ។
បន្ទាប់មកនៅព្រឹកថ្ងៃទី២៨ ខែ មករា ឆ្នាំ ២០១៩ ក្រុមការងារអង្គការ WWF ប្រចាំខេត្តក្រចេះ និងលោក តាន់ សុមេធប៊ុនវឌ្ឍន៍ ជានាយរងខណ្ឌរដ្ឋបាលជលផលក្រចេះ បានចុះទៅពិនិត្យ និងស្វែងរកកូនផ្សោតទើបកើតថ្មីនោះ ហើយក៏បានប្រទះឃើញ កូនផ្សោតនោះនៅក្នុងអន្លង់ផ្សោតកាំពី បន្ទាប់មកក្រុមការងារ ក៏បានព្យាយាមធ្វើការថតរូបកូនផ្សោតទើបកើតថ្មី និងមេរស់វា ព្រមទាំងធ្វើការអង្កេតជាក់ស្តែង ទៅលើសកម្មភាពក្នុងក្រុមផ្សោតធំ ដែលមានកូនតូច នៅជាមួយរយៈពេលប្រហែលពីរម៉ោង។
កូនផ្សោតដែលបានប្រទះឃើញថ្មីនេះ គឺជាកូនផ្សោតទីមួយ ហើយដែលបានកត់ត្រាថា បានកើតនៅក្នុងឆ្នាំ ២០១៩ នៅក្នុងខែ មករា នេះ ។
អង្គការ WWF-Cambodia អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ កាលពីថ្ងៃទី៣០ខែមករាឆ្នាំ២០១៩ បានឲ្យដឹងថា “គួរតែដាក់ឈ្មោះអ្វី ឱ្យកូនផ្សោតទើបកើតថ្មីមួយនេះ?
កូនផ្សោតទន្លេមេគង្គ ទើបកើតថ្មីមួយក្បាល ត្រូវបានគេប្រទះឃើញ ជាលើកដំបូង ក្នុងដើមឆ្នាំ២០១៩! តោះ! ជួយដាក់ឈ្មោះឱ្យកូនផ្សោតថ្មីរបស់យើង!”
អង្គការ WWF បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ក្រុមការងារអង្គការ WWF-កម្ពុជា បានចុះទៅពិនិត្យ និងស្វែងរកកូនផ្សោតទើបកើតថ្មីនោះ ហើយក៏បានប្រទះឃើញកូនផ្សោតទើបកើតថ្មីនោះ។ បន្ទាប់មក ក្រុមការងារក៏បានផ្តិតយករូបថតរបស់កូនផ្សោត ដែលទើបកើតថ្មីនោះ និងមេរបស់វា ព្រមទាំងធ្វើការអង្កេតដោយផ្ទាល់។
អង្គការ WWF បានបន្ថែមថា តាមរយៈការអង្កេតជាក់ស្តែង បានបង្ហាញថា កូនផ្សោតថ្មី ស្ថិតនៅក្នុងក្រុមហ្វូងផ្សោតធំចំនួន ប្រមាណជាប្រាំមួយក្បាល។ កូនផ្សោតទើបកើតថ្មីនេះ បានឆ្លុះបញ្ជាំងពីភាពវិជ្ជមាន នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការងារអភិរក្សសត្វផ្សោតទន្លេមេគង្គ រវាងអង្គការ WWF-កម្ពុជា និងដៃគូអភិរក្សដូចជា រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងទេសចរ ប្រជាសហគមន៍នេសាទ ភ្នាក់ងារទេសចរធម្មជាតិ និងអាជ្ញាធរថ្នាក់ខេត្ត ស្រុកឃុំ និងដៃគូអភិរក្សនានា៕