ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញជម្រុញអោយអភិបាលខណ្ឌទាំង១២ និងមន្ទីរជំនាញ បន្តចុះពិនិត្យមើលផ្លូវជង្ហុកសម្បុកមាន់ និងឃើញផ្លូវខូច ធ្វើការជួសជុលបន្ទាន់

146

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញលោក​ ឃួង ស្រេងបានជម្រុញអោយអភិបាលខណ្ឌទាំង១២ និងមន្ទីរជំនាញ ពិសេសមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវបន្តចុះពិនិត្យមើលផ្លូវជង្ហុកសម្បុកមាន់ និងជួសជុលជាបន្ទាន់ ដើម្បីសម្រួលចរាចរដល់បងប្អូនប្រជាពលរដ្ឋ និងដើម្បីទប់ស្កាត់ការខូចខាតធ្ងន់ធ្ងរ និងកាត់បន្ថយការចំណាយថវិកាជាតិផងដែរ​។

    ការជម្រុញបែបនេះរបស់លោកអភិបាលរាជធានីភ្នំពេញ​បានធ្វើឡើងកាលពីព្រឹកថ្ងៃទី៣១ មករា ២០១៩ក្នុងប្រជុំពិភាក្សាបញ្ពាក់ព័ន្ធរឿងជួសជុលផ្លូវសំបុកមាន់នៅក្នុងរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌទាំង១២និងមន្ទីរជំនាញចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ។

  ក្នុងកិច្ចប្រជុំពិភាក្សាបញ្ហាជួសជុលផ្លូវខូច ​ជង្ហុកសំបុកមាន់លើដងផ្លូវនៅរាជធានីភ្នំពេញ ជាមួួយអភិបាលខណ្ឌទាំង១២​ និងមន្ត្រីជំនាញពាក់ព័ន្ធ នៅសាលារាជធានីភ្នំពេញ នាថ្ងៃទី៣១ ខែមករា នេះ

លោក​ ឃួង ស្រេង ក្នុងឱកាសនោះបានណែនាំថា អភិបាលខណ្ឌទាំង១២ ត្រូវចុះមើលផ្លូវជាប្រចាំ និងធ្វើការជួសជុលផ្លូវ បន្ទាប់ពីផ្លូវបានខូចខាត ក្រោយរដូវវស្សាកន្លងផុតទៅនេះ ពោលគឺបើផ្លូវណាដែលខណ្ឌមិនមានលទ្ធភាពជួសជុល ខណ្ឌត្រូវធ្វើរបាយការណ៍ឡើងមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយជាបន្ទាន់។ ដោយឡែកមន្ត្រីជំនាញមន្ទីរសាធារណៈការ​និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវចូលរួមត្រូតពិនិត្យជាប្រចាំផងដែរ ។

 លោក បានបញ្ជាក់ថា គោលបំណងនៃការចុះពិនិត្យ និងជួសជុលផ្លូវខូច ជង្ហុកសំបុកមាន់នេះ ដើម្បីបង្កភាពងាយស្រួលជូនប្រជាពលរដ្ឋធ្វើដំណើរ និងចូលរួមកាត់បន្ថយការចំណាយការចំណាយថវិកាជាតិ និងជាការទប់ស្កាត់កុំអោយមានការខូចខាតដល់គ្រឹះខាងក្រោមផ្លូវផងដែរ។​​ 

   ជាមួយគ្នាលោក​​ ឃួង ស្រេង ក៏តម្រូវអោយខណ្ឌត្រូវជូនដំណឹងដល់ម្ចាស់រថយន្តដឹកដី ដឹកខ្សាច់ ត្រូវតែចូលរួមជួសជុលផ្លូវ ដោយសារតែរថយន្តដឹកធ្ងន់នេះហើយ ដែលបណ្តាលអោយមានការខូចខាតផ្លូវជាទម្ងន់នោះ។

  ពាក់ព័ន្ធនឹងការជួសជុលផ្លូវខាងលើនេះ លោក សាំ​ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងថា ការជួសជុលផ្លូវខូច ជង្ហុកសំបុកមាន់ ខណ្ឌ៤ក្នុងក្រុង មានខណ្ឌ៧មករា ចំការមន ដូនពេញ និងខណ្ឌទួលគោក​ គឺជួសជុលបាន៩២%ហើយ រហូតមកដល់ចុងខែមករានេះ ចំណែកខណ្ឌ៨ផ្សេងទៀត គឺជួសជុលបានតែ៣០%ទេ​ ដោយសារផ្លូវភាគច្រើន ជាផ្លូវបេតុង​ ដែលត្រូវចំណាយពេល និងថវិកាទំហំធំ។​ 

  លោកប្រធានមន្ទីរ បានលើកឡើងថា រហូតដល់ចុងខែមករានេះ នៅសល់ផ្លូវចំនួន១៤០ខែ្សទៀតមិនទាន់បានជួសជុល ប៉ុន្តែទោះបីជាយ៉ាងណាក្តីយើងនឹងធ្វើអោយបានរួចរាល់​ ក្នុងរយះពេល៤សប្តាហ៍ បន្ទាប់ពីចូលឆ្នាំចិន វៀតណាមរួច៕

អត្ថបទដែលជាប់ទាក់ទង