ខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន បដិសេធសេចក្តីណែនាំក្លែងក្លាយ
ភ្នំពេញ៖ នាពេលថ្មីៗនេះ មានការចែកចាយនូវសេចក្តីណែនាំ ដោយចោទថា ជារបស់ខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ក្នុងការបែងចែកមុខតួនាទី បណ្រាក្រសួងមួយចំនួន ក្នុងដាក់ឯកសារចូលទៅកាន់សម្តេចតេជោ បានបណ្តាលឱ្យមានការភាន់ច្រឡំដល់សាធារណជន។
ករណីនេះ នាយកខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លោក ហូ សិទ្ធី បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះ ថា សេចក្តីណែនាំនោះ គឺក្លែងក្លាយដែលផ្សព្វផ្សាយនៅលើសារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គម អំពីការកំណត់ឱ្យមានក្រសួងសំខាន់ៗតែ៥ប៉ុណ្ណោះ អាចបញ្ជូនឯកសារត្រង់ ទៅកាន់នាយករដ្ឋមន្រ្តី។
លោក ហូ សិទ្ធី បានបញ្ជាក់ថា លិខិតដែលហៅថា សេចក្តីណែនាំនោះគឺជាលិខិតក្លែងក្លាយសុទ្ធសាធ មិនមែនជាលិខិតខុទ្ទកាល័យឡើយ ដែលត្រូវបានគេបន្លំក្លែងជាលិខិតរបស់ខ្ញុំ។ លោក ហូ សិទ្ធី បានបញ្ជាក់បន្ថែមថា៖ នៅមានចំណុចច្រើនទៀត ដែលខ្ញុំសម្គាល់ថា មិនមែនជារបស់ខុទ្ទកាល័យ តែខ្ញុំមិនប្រាប់ទៅមនុស្សល្ងើទេ ទុកឱ្យមនុស្សនោះចាស់ស្លាប់ទាំងល្ងើទៅចុះ។ ការព្យាយាមធ្វើបន្លំរបស់ក្រុមក្លែងនេះមិនមែនធ្វើលើកទី១ទេ គឺធ្វើច្រើនដងរួចទៅហើយ។
លោក ហូ សិទ្ធី ថ្លែងឲ្យដឹងថា ចំណុចដែលបញ្ជាក់ថា សេចក្តីណែនោះពិតជាលិខិតក្លែងក្លាយគឺរួមមានដូចជា ខុទ្ទកាល័យមិនដែលចេញនូវសេចក្តីណែនាំទេ។ កាលណាទទួលបានអនុសាសន៍ពីសម្តេចនាយករដ្ឋមន្រ្តី ខុទ្ទកាល័យត្រូវធ្វើលិខិតទៅទីស្តីការគណៈរដ្ឋមន្រ្តី ដែលជាអ្នកចេញសេចក្តីណែនាំ។ សេចក្តីណែនាំក្លែងក្លាយដែលសរសេរនេះ គឺអត់មានសរសេរដាក់ថា ជូនទៅបុគ្គលណាមួយនោះទេ ធម្មតាគេណែនាំគេជូនទៅចំពោះស្ថាប័ននេះស្ថាប័ននោះ បុគ្គលនេះបុគ្គលនោះ តែលិខិតនេះអត់ទទេ។ ចំពោះលិខិតពិត ខុទ្ទកាល័យតែងប្រើក្រដាសពណ៌លឿងជាផ្លូវការ ។ ក្នុងលិខិតក្លែងក្លាយនោះ អត់មានត្រាខុទ្ទកាល័យទេ បើជាលិខិតផ្លូវការរបស់ខុទ្ទកាល័យ គឺត្រូវតែជាក្រដាសពណ៌លឿង និងមានត្រាខុទ្ទកាល័យលើហ្នឹង ផងដែរ នងត្រង់ចំណុចហត្ថលេខា បើលិខិតផ្លូវការលោកសរសេរហើយ ត្រូវបោះត្រាឈ្មោះរបស់លោក មិនមែនសរសេរដៃនោះទេ៕