ករណីភ្លើងឆេះព្រៃ ម្តុំខាងកើតភ្នំដើមផ្កា ផ្លូវចូលវត្តត្រពាំងទឹកត្រជាក់ ស្ថិតនៅភូមិអណ្តូងជ្រៃ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
ស្រុករលាប្អៀរ៖ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ២ រសៀល មានករណីភ្លើងឆេះព្រៃ ម្តុំខាងកើតភ្នំដើមផ្កា ផ្លូវចូលវត្តត្រពាំងទឹកត្រជាក់ ស្ថិតនៅក្នុងភូមិអណ្តូងជ្រៃ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ អគ្គីភ័យ បានឆាបឆេះទ្រុងមាន់ចាស់ របស់ក្រុមហ៊ុនកូរេ ដែលមានសាងសង់ទុកចោល តែមិនមានចិញ្ចឹមមាន់នោះទេ និងឆេះព្រៃនៅខាងកើតភ្នំដើមផ្កា អស់មួយចំនួន។
ករណីនេះដែរ លោក សោម វឺន អភិបាលស្រុករលាប្អៀរ បានស្នើសុំឡានទឹកពីស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ហើយលោក ស្នងការរងខេត្ត បានអន្តរាគមន៍ បញ្ជូនឡានទឹកចំនួន ៣គ្រឿង សម្រាប់បាញ់ពន្លត់ រហូតដល់ម៉ោង ៣:៣០ នាទីរសៀល អគ្គីភ័យបានរលត់ស្ងប់ទាំងស្រុង។
ក្នុងករណីឆាប់ឆេះខាងលើនេះមិនបណ្តាលឲ្យមានគ្រោះថ្នាក់ ឬបាត់បង់ជីវិតដល់នរណាម្នាក់ឡើយ ៕