លោក ស្វាយ សំអ៊ាង ចុះពិនិត្យទីតាំងកើតហេតុករណី ផ្ទុះអាវុធបណ្ដាលឲ្យមន្រ្តីឧទ្យានុរក្សចំនួន០១រូបរងរបួស
ខេត្តមណ្ឌលគិរី ៖ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឲ្យដឹងថា លោកស្វា៦ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី កាលពីថ្ងៃព្រហស្បតិ៍ ១១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ បានដឹកនាំគណៈបញ្ជាការឯកភាពខេត្តចុះទៅពិនិត្យទីតាំងកើតហេតុដោយផ្ទាល់ករណីខ្មាន់កាំភ្លើងប្រដាប់ដោយអាវុធអាកាបាញ់រះមកលើក្រុមអនុវត្តច្បាប់នៃដែនជម្រកសត្វព្រៃស្រែពក ហើយបានបណ្ដាលឲ្យមន្រ្តីឧទ្យានុរក្សចំនួន០១រូបរងរបួសត្រូវបានដឹកយកទៅសង្រ្គោះភ្លាមៗនៅមន្ទីរពេទ្យកាល់ម៉ែតក្នុងរាជធានីភ្នំពេញ។
លោក ស្វាយ សំអ៊ាង បានសម្ដែងនូវការសោកស្ដាយចំពោះព្រឹត្តិការណ៍ដែលបានកើតឡើង នៅគ្រាដែលឯកឧត្តមមានភារកិច្ចចូលរួមកិច្ចប្រជុំនៅក្នុងរាជធានីភ្នំពេញ។ ភ្លាមៗបន្ទាប់ពីទទួលដំណឹងនេះ ឯកឧត្ដមអភិបាលខេត្តបានចាត់ក្រុមការងារឲ្យចុះទៅជួយរៀបចំនិងសាកសួរសុខទុក្ខជនរងគ្រោះដោយផ្ទាល់នៅបន្ទប់សង្រ្គោះក្នុងរាជធានីភ្នំពេញ ដ្បិតឯកឧត្ដមផ្ទាល់កំពុងមានភារកិច្ច ហើយក៏បានធ្វើដំណើរមកកាន់ខេត្តមណ្ឌលគិរីវិញភ្លាមៗផងដែរ។
លោក ស្វាយ សំអ៊ាង ក៏ឆ្លៀតយកឱកាសនេះជួបសំណេះសំណាលជាមួយមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក និងកម្លាំងនគរបាលរបស់ស្នងការដ្ឋាននគរបាលខេត្ត កម្លាំងប្រតិបត្តិការសឹករងខេត្ត ភ្នាក់ងារល្បាតសហគមន៍ និងក្រុមការងាររបស់អង្គការ WWF ដែលធ្វើកិច្ចការនិងគាំទ្រទៅលើផ្នែកបច្ចេកទេសនៅក្នុងដែនជម្រកសត្វព្រៃស្រែពកនេះផងដែរ។
លោក អភិបាលខេត្តបានមានប្រសាសន៍សង្កត់ធ្ងន់ថា ក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត គឺឯកឧត្ដមមិនគាំទ្រជាដាច់ខាតនូវក្រុមអនាធិបតេយ្យដែលបង្កជាបញ្ហា និងមានចរិតលក្ខណៈកាចសាហាវដែលបានបាញ់រះមកលើសមត្ថកិច្ច ជាពិសេសមន្រ្តីឧទ្យានុរក្ស និងមន្រ្តីរួមសហការ ដែលកំពុងដើរល្បាត។ ឯកឧត្ដមបន្តថា ជាវិធានការគឺគណៈបញ្ជាការឯកភាពខេត្តបានបង្កើតគណៈកម្មការដើម្បីស្រាវជ្រាវរកជនប្រព្រឹត្ត និងអ្នកពាក់ព័ន្ធនឹងសកម្មភាពផ្ទុះអាវុធនេះដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់ឲ្យខាងតែបាន។
លោក អភិបាលនៃគណៈអភិបាលខេត្ត ក៏បានបង្ហាញអំពីទស្សនៈ និងសុទ្ធិដ្ឋិនិយម រួមទាំងកិច្ចគាំទ្រចំពោះសក្ដានុពលធនធានធម្មជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរ ជាពិសេសគឺកត្តាអំណោយផលទៅលើអាកាសធាតុនៅក្នុងខេត្តមណ្ឌលគិរីនេះ។ លោក បានឆ្លៀតយកឱកាសនេះ ជំរុញនិងលើកទឹកចិត្តដល់មន្រ្តីឧទ្យានុរក្សរបស់មន្ទីរបរិស្ថាន និងកម្លាំងសហការទាំងអស់ ត្រូវមានសាមគ្គីភាពគ្នា និងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីការពារ និងអភិរក្សធនធានធម្មជាតិ និងសត្វព្រៃ។ ឯកឧត្ដមក៏បាននាំយកនូវសម្ភារមួយចំនួនជាគ្រឿងឧបភោគបរិភោគទុកសម្រាប់ចែកជូនមន្រ្តីអនុវត្តច្បាប់ដែលនៅប្រចាំការក្នុងដែនជម្រកសត្វព្រៃស្រែពកផងដែរ៕