ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កំណត់យកឆ្នាំ២០១៩ ជាឆ្នាំនៃការពង្រឹង កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងកម្ពុជា និងចិន

89


ភ្នំពេញ ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យ លោក វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ចូលជួបពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម បានមានប្រសាសន៍ទៅកាន់ លោកវ៉ាង វិនធៀន (Wang Wentian) អំពីលទ្ធផលគួរជាទីមោទន នៃដំណើរទស្សនកិច្ច សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិនកាលពីដើមខែមករា ដែលបាននាំមកនូវផលប្រយោជន៍យ៉ាងច្រើន ជាពិសេសសម្ដេច ក៏បានថ្លែងអំណរគុណរដ្ឋាភិបាលចិន ដែលបានផ្ដល់កូតាទទួលទិញ និងនាំចូលអង្ករកម្ពុជា ៤០ម៉ឺនតោនក្នុងឆ្នាំ២០១៩នេះ។
ក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ឡើងវិញ នូវកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈរបស់ចិន ដែលជារៀងរាល់ឆ្នាំ ថ្នាក់ដឹកនាំក្រសួងទាំងពីរ តែងតែប្ដូរគ្នារៀបចំកិច្ចប្រជុំ ហើយតាមរយៈយន្តការនេះ សម្ដេចសូមថ្លែងអំណរគុណភាគីចិន ដែលតែងតែគាំទ្រការបណ្ដុះបណ្ដាលធនធានមនុស្ស សម្ភារៈ និងជំនួយផ្សេងៗ។

លោក វ៉ាង វិនធៀន (Wang Wentian) ក៏បានជំរាបជូន សម្ដេចឧបនាយករដ្ឋមន្រ្តី ភ្លាមៗដែរអំពីលទ្ធផលដ៏ជោគជ័យ នៃដំណើរទស្សនកិច្ចរបស់ សម្ដចតេជោ ដោយលោកបានចាត់ទុកទស្សនកិច្ចនេះ ថាការពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងចិន ឲ្យកាន់តែឈានឡើងមួយកម្រិតទៀត ទាំងទ្វេរភាគី និងនៅលើឆាកអន្តរជាតិ។

លោក ឯកអគ្គរដ្ឋទូត ក៏បានជំរាបជូនសម្ដេចអំពីការកំណត់យកឆ្នាំ២០១៩ ជាឆ្នាំនៃការពង្រឹងកិច្ចសហប្រតិបត្តិការ​ អនុវត្តច្បាប់រវាងកម្ពុជា និងចិន និងការកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា របស់លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងវប្បធម៌ចិន ដើម្បីអបអរសាទរការចាប់ផ្ដើមឆ្នាំ នៃវប្បធម៌រវាងកម្ពុជា ចិនដែរ។

ពាក់ព័ន្ធនឹងការដាក់ចេញដោយថ្នាក់ដឹកនាំប្រទេសទាំងពីរ នូវការកំណត់យកឆ្នាំ២០១៩ ជាឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់នោះ លោក វ៉ាង វិនធៀន (Wang Wentian) បានជំរាបជូនអំពីគម្រោងអញ្ជើញ សម្ដេចក្រឡាហោម ស ខេង ទៅបំពេញទស្សនកិច្ចនៅប្រទេសចិន នាពេលខាងមុខ ដើម្បីចូលរួមកិច្ចប្រជុំ និងពិធីអបអរការចាប់ផ្ដើម អនុវត្តកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់នៅឆ្នាំ២១៩នេះ៕

អត្ថបទដែលជាប់ទាក់ទង