ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមហ៊ុនបារីវីនីតុនគ្រុប នៅតែផលិតប្រក្រតីទិនផ្សាយពាណិជ្ជកម្មបារី ឆ្នាំ២០១៨ នៅខេត្តសៀមរាប

333


ភ្នំពេញ៖ បើទោះបីជាប្រទេសកម្ពុជាមានច្បាប់ហាមឃាត់ ការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់​ តាំងពីឆ្នាំ២០១៥ យ៉ាងណាក៏ដោយ (ច្បាប់ស្តីពីការគ្រប់គ្រងផលិតផលថ្នាំជក់ឆ្នាំ២០១៥) តែក្រុមហ៊ុនបារីវីនីតុនគ្រុប​ នៅតែផលិតប្រក្រតីទិនផ្សាយពាណិជ្ជកម្មបារីដដែល។ ជាក់ស្តែង គឺប្រក្រតីទិនផ្សាយពាណិជ្ជកម្មបារី ឆ្នាំ២០១៨ ដែលយើងបានរកឃើញ នៅទីក្រុងសៀមរាប ក្នុងអំឡុងពេលនៃការអង្កេត ការអនុវត្តច្បាប់ ស្តីពីការអនុវត្តច្បាប់ ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់​ កាលពីខែធ្នូ ឆ្នាំ២០១៨ថ្មីៗនេះ។

ម្យ៉ាងវិញទៀត បើតាមកម្លាំងចម្រុះ ដែលចុះបង្រ្កាបក្រុមហ៊ុនបារីវីនីតុនគ្រុប ជាលើកទី២ កាលចុងខែធ្នូ ឆ្នាំ២០១៨នេះ សម្ថកិច្ចបានរកឃើញប្រក្រតីទិន ផ្សាយពាណិជ្ជកម្មបារី ដែលបោះពុម្ពថ្មី សម្រាប់ឆ្នាំ២០១៩ និងសម្ភារៈផ្សាយពាណិជ្ជកម្មបារី ជាច្រើនទៀត ដែលក្រុមហ៊ុននេះ ផលិតខុសច្បាប់។

កិច្ចប្រជុំពិគ្រោះយោបល់ លទ្ធផលនៃការអង្កេត វាយតម្លៃលើកទី២ ស្តីពីការអនុវត្តបរិស្ថានគ្មានផ្សែងបារី នៅក្នុងក្រុងសៀមរាប កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្រសួងទេសចរណ៍។

លោកវេជ្ជបណ្ឌិត មុំ គង់ ប្រធានអង្គការចលនាដើម្បីសុខភាពកម្ពុជា បានថ្លែងថា ចំណែកឯលទ្ធផលនៃការអង្កេត ការអនុវត្តច្បាប់ ស្តីពីការអនុវត្តច្បាប់ ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ កាលពីខែធ្នូ ឆ្នាំ២០១៨ ក្នុងក្រុងសៀមរាប បានបង្ហាញ ៣៦ភាគរយ នៃកន្លែងលក់គ្រឿងទេស មានផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់។
គួរកត់សម្គាល់ថា យោងតាមការអង្កេតមួយ ដែលធ្វើឡើងដោយសកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីខែកក្កដា ឆ្នាំ២០១៨ ដដែលនេះ បានឱ្យដឹងថា ៨៥ភាគរយ នៃអ្នកលក់បារី បានទទួលវត្ថុប្រើប្រាស់ និងបារី ជាថ្នូរនឹងការផ្សាយពាណិជ្ជកម្មបារី និងការតាំងកញ្ចប់បារី ឱ្យមានការទាក់ទាញអតិថិជន។ វត្ថុប្រើប្រាស់ទាំងនេះ មានដូចជា ឆ្នាំងដាំបាយ Power Bank ប្រតិទិន និងដែកកេះជាដើម។ អ្នកលក់បារីមួយចំនួនទៀត បានទទួលពី ភ្នាក់ងារក្រុមហ៊ុនថ្នាំជក់ ជាបារី ចាប់ពី២កញ្ចប់ រហូតដល់៤សុង(៤០កញ្ចប់) រីឯអ្នកលក់បារីខ្លះទៀត បានទទួលជាប្រាក់ចាប់ ពី៥ដុល្លារ រហូតដល់៣០ដុល្លារ ជាថ្នូរនឹងការឲ្យពួកគាត់ផ្សព្វផ្សាយ ម៉ាកបារី របស់ក្រុមហ៊ុនពួកគេ​ ដល់អតិថិជន ដែលមកទិញបារី នៅកន្លែងគាត់ផ្ទាល់ ក៏ដូចជាធ្វើយ៉ាងណាឲ្យពួកគាត់ (អ្នកលក់បារី) ព្យាយាមជួយជំរុញ ការលក់បារីរបស់ក្រុមហ៊ុនគេ ឲ្យដាច់ជាងមុនបន្ថែមទៀត។

យោងតាមលទ្ធផលនៃការអង្កេត កាលពីខែធ្នូ២០១៨ ក្នុងខេត្តសៀមរាប ៧៤ភាគរយ នៃភោជនីយដ្ឋាន អាហារដ្ឋាន ហាងការហ្វេ បានបិទស្លាកសញ្ញាហាមជក់បារី។ ភោជនីយដ្ឋាន អាហារដ្ឋាន ហាងការហ្វេ ដែលមិនទាន់បានបិទសញ្ញាហាមជក់បារី អាចប្រឈមនឹងការផាកពិន័យ ៥ម៉ឺនរៀល ឯអ្នកជក់បារីត្រូវផាកពិន័យ២ម៉ឺនរៀល។
លោកវេជ្ជបណ្ឌិត មុំ គង់ បានគូសបញ្ជាក់បន្ថែមថា ក្រុងសៀមរាប គឺជាមុខមាត់របស់ប្រទេសកម្ពុជា ដែលជាក់ស្ដែងកំពុងតែមានកំណើន នៃចំនួនភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ពីមួយឆ្នាំទៅមួយឆ្នាំ។ ការខិតខំប្រែក្លាយទីក្រុងទេសរណ៍ ប្រវត្តិសាស្ត្រមួយនេះ ឲ្យក្លាយជាទីក្រុងគ្មានផ្សែងបារី គឺជាផ្នែកមួយដ៏សំខាន់ថែមទៀត ក្នុងការជំរុញកំណើនភ្ញៀវទេសចរឲ្យមកទស្សនា ហើយការចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តនូវអនុសញ្ញាអន្តរជាតិ ស្ដីពីការត្រួតពីនិត្យផលិតផលថ្នាំជក់ របស់អង្គការសុខភាពពិភពលោក ដែលរដ្ឋាភិបាលកម្ពុជា បាននិងកំពុងមានខិតខំប្រឹងប្រែង ក្នុងការយកចិត្តទុកដាក់ទៅលើសុខភាពប្រជាជន ពីការស្លាប់បាត់បង់ជីវិត ដោយសារការប្រើប្រាស់ថ្នាំជក់ ក៏ដូចជា សុខភាពរបស់ភ្ញៀវជាតិ និងអន្តរជាតិទាំងឡាយដែលចូលមកប្រទេសកម្ពុជា ជាពិសេសទីក្រុងសៀមរាប ឲ្យរួចផុតពីគ្រោះថ្នាក់ដែលបង្ករឡើងដោយថ្នាំជក់។

ថ្នាំជក់បានបង្កឲ្យកើតជំងឺជាច្រើនប្រភេទ ដូចជា ជំងឺមហារីកសរសៃឈាម បេះដូង ជំងឺផ្លូវដង្ហើម ផ្លូវរំលាយអាហារ ។ល។ ហើយថ្នាំជក់មិនមែនជាផលិតផល ធម្មតានោះទេ ជាឃាតកលាក់មុខ វាបានបំផ្លាញសរីរាង្គ និងសម្លាប់អ្នកជក់ និងអ្នកស្រូបផ្សែងបារីយ៉ាងស្ងៀមស្ងាត់បំផុត។

យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក បានបង្ហាញថា ក្នុងមួយឆ្នាំមានមនុស្សទូទាំងពិភពលោកប្រមាណ ៧លាននាក់ បានស្លាប់ដោយសារជំងឺ ដែលបង្កមកពីការជក់បារី ហើយនៅកម្ពុជា មានមនុស្សប្រមាណជាង១៦ពាន់នាក់ បានស្លាប់ដោយសារការជក់បារី ខណៈដែលកម្ពុជា ត្រូវចំណាយថវិកាប្រមាណ១៦៣លានដុល្លារ ក្នុងមួយឆ្នាំដើម្បីព្យាបាលជំងឺ ដែលបណ្ដាលមកពីការជក់បារី ហើយពលរដ្ឋកម្ពុជា ក៏បានចំណាយថវិកាលើការទិញបារីប្រមាណ ២០០លានដុល្លារក្នុងមួយឆ្នាំៗ ផងដែរ។

សូមបញ្ជាក់ថា ទីក្រុងគ្មានផ្សែងបារី គឺមាន ទី១៖ ហាមឃាត់ការជក់បារី ក្នុងអគារនៃកន្លែងធ្វើការ និងកន្លែងសាធារណៈ ទី២៖ ហាមជក់បារីខាងក្នុងមធ្យោបាយធ្វើដំណើរសាធារណៈ ទី៣៖ អាចជក់បារីបាន នៅក្រៅអគារចម្ងាយ ៥ម៉ែត្រពីច្រកចូល ទី៤៖ ហាមជក់បារីក្នុងបរិវេណនៃគ្រឹះស្ថានសិក្សា គ្រឹះស្ថានសុខាភិបាល ទារកដ្ឋាន សួនកុមារ សួនច្បារសាធារណៈ គ្រឹះស្ថានសាសនា សារមន្ទីរ រមណីដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ កន្លែងហាត់ប្រាណ ស្ថានីយ៍ប្រេងឥន្ធៈ និងកន្លែងងាយឆាបឆេះ។

លោកហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា ក្រុងសៀមរាប គឺជាក្រុងទេសចរណ៍ ដូច្នេះត្រូវទាមទារការគិតគូរអំពីបញ្ហាសុខភាព ជាពិសេសផ្សែងបារី ការជក់បារី នៅតាមសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ហើយបញ្ហាផ្សេងបារី មិនបណ្តាលឲ្យស្លាប់ភ្លាមៗទេ ប៉ុន្តែបណ្តាលឲ្យកើតជំងឺរ៉ាំរ៉ៃ។ ក្រសួងទេសចរណ៍ បានបង្កើតក្រុមការងារបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ ដោយបានផ្សព្វផ្សាយនូវបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ នៅតាមរាជធានី ខេត្ត ។

លោកបានបន្តថា នៅក្នុងឆ្នាំ២០១៩នេះ ក្រុងសៀមរាប នឹងត្រូវដាក់ជាក្រុងបរិស្ថានគ្មានផ្សែងបារី ដោយមានការផ្សព្វផ្សាយឲ្យមានការចូលរួមពីម្ចាស់សណ្ឋាការ ផ្ទះសំណាក់ អាជ្ញាធរមូលដ្ឋាន សាលាឃុំសង្កាត់ សមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ ។

លោកបានថ្លែងថា កិច្ចប្រជុំពិគ្រោះយោបល់ លទ្ធផលនៃការអង្កេត វាយតម្លៃលើកទី២ ស្តីពីការអនុវត្តបរិស្ថានគ្មានផ្សែងបារី នៅក្នុងក្រុងសៀមរាប ក្នុងគោលបំណងការពារសុខុមាលភាពរបស់ប្រជាជន ការពារនិងទប់ស្កាត់ការរងផ្សែងផលិតផលថ្នាំជក់ ដែលបង្កឲ្យមានហានិភ័យសុខភាពដល់អ្នកនៅជុំវិញនិងបរិស្ថាន និងកាត់បន្ថយការប្រើប្រាស់ផលិតផលថ្នាំជក់ និងជាពិសេសការចូលរួមចែករំលែកបទពិសោធន៍នានាដែលកើតមានឡើងក្នុងមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ដើម្បីប្រែក្លាយទីក្រុងសៀមរាម ជាទីក្រុងគ្មានផ្សែងបារី។

សូមបញ្ជាក់ថា នៅកម្ពុជា ក្នុងមួយឆ្នាំៗ ប្រជាពលរដ្ឋប្រមាណ១ម៉ឺននាក់ បានស្លាប់ជារៀបរាល់ឆ្នាំ បណ្តាលមកពីជំងឺដែលបង្កដោយការប្រើប្រាស់ ថ្នាំជក់៕

អត្ថបទដែលជាប់ទាក់ទង