ដាក់ឲ្យដំណើរប្រព័ន្ធត្រួតពិនិត្យស្វ័យប្រវត្តិ សម្រាប់លិខិតឆ្លងដែនកម្ពុជា គ្រប់ប្រភេទ E-Gate
ភ្នំពេញ៖ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានដាក់ឲ្យដំណើរប្រព័ន្ធត្រួតពិនិត្យស្វ័យប្រវត្តិ សម្រាប់លិខិតឆ្លងដែនកម្ពុជា គ្រប់ប្រភេទ E-Gate ដែលចាប់អនុវត្តន៍ពីថ្ងៃទី១ ខែកុម្ភៈឆ្នាំ២០១៩ តទៅ។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រកាសថា នៅព្រឹកថ្ងៃសុក្រ ទី១ ខែកុម្ភៈ ឆ្នាំ២០១៩ លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញជាអធិបតី ក្នុងពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធ E-Gate សម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលប្រើប្រាស់ E-Passport (លិខិតឆ្លងដែនប្រភេទថ្មី សុពលភាព ១០ឆ្នាំ) នៅប៉ុស្តិ៍អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ការដាក់ដំណើរការប្រព័ន្ធថ្មីបែបទំនើបនេះ លើកដំបូងនៅកម្ពុជា គឺបានជួយសម្រួលច្រើន ដូចជាកាត់បន្ថយពេលវេលា សន្សំទំព័រ និងមិនបាច់បំពេញទម្រង់បែបបទជាដើម។ នីតិវិធីងាយៗ៣យ៉ាងប៉ុណ្ណោះ ដែលអ្នកប្រើប្រាស់លិខិតឆ្លងដែនត្រូវយល់ដឹង គឺ ដាក់ស្គែន សំបុត្រឡើងយន្តហោះចូលម៉ាស៊ីនស្គែន រួចសកទំព័រទិន្នន័យនៃលិខិតឆ្លងដែន ដែលមានរូបថតក្នុងម៉ាស៊ីនស្គែន មើលការណែនាំ ដែលមាននៅលើអេក្រង់ រួចស្គែនម្រាមដៃណាមួយ ក៏បានជាការស្រេច។ ករណីមានភាពមិនដំណើរការ ដោយប្រការណាមួយ អ្នកប្រើប្រាស់ អាចស្នើសុំជំនួយ ពីមន្រ្តីនគរបាលអន្តោប្រវេសន៍ ដែលប្រចាំការផ្ទាល់នៅទីនោះ។
ក្រសួងការបរទេស ក៏បានស្នើដល់ឯកអគ្គរាជទូត នៃកម្ពុជាប្រចាំនៅបរទេស ជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដល់អាជ្ញាធរមានសមត្ថកិច្ចបរទេស ពាក់ព័ន្ធនឹងការមិនបោះត្រាចេញ-ចូល លើលិខិតឆ្លងដែនដែលប្រើប្រាស់ច្រកទ្វារ E-gates ខាងលើនេះ ដើម្បីជួយបង្កលក្ខណៈងាយស្រួល ដល់ការចេញ-ចូលរបស់ពលរដ្ឋខ្មែរឲ្យបានរលូន។
យោងតាមមន្ត្រីនគរបាលអន្តោប្រវេសន៍ បម្រើការងារនៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ បានពន្យល់បន្ថែមពីនីតិវិធី នៃការប្រើប្រាស់ច្រក E-gates និងការប្រើប្រាស់លិខិតឆ្លងដែន E-passport។ បើតាមមន្ត្រី E-gates នេះសម្រាប់តែប្រជាពលរដ្ឋខ្មែរណា ដែលប្រើលិខិតឆ្លងដែនខ្មែរតែប៉ុណ្ណោះ និងមាន Chip។
មន្ត្រីនគរបាលអន្តោប្រវេសន៍បានបញ្ជាក់យ៉ាងដូច្នេះថា “នៅពេលដំណើការ E-gates នេះសម្រាប់តែពលរដ្ឋខ្មែរ លិខិតឆ្លងដែនអេឡិចត្រូនិកខ្មែរ E-passport។ អ្នកដែលប្រើលិខិតឆ្លងដែន (E-passport) គាត់ចូលទៅប្រើម៉ាស៊ីនតែម្តង គាត់ដាក់លិខិតឆ្លងដែនហើយ មានការណែនាំលើនឹង ពេលគាត់ដាក់លិខិតឆ្លងដែនហើយ ត្រូវផ្តិតមេដៃ។ បើសិនទទួលស្គាល់ថា ក្រយៅដៃ និងលិខិតឆ្លងដែន របស់អ្នកកាន់កាប់ហើយ ទ្វារថា ត្រឹមត្រូវហើយ បើកឲ្យយើងដំណើរការចេញបាន។ នៅពេលយើងប្រើម៉ាស៊ីនស្គែន យើងលែងបោះត្រាចេញ-ចូលហើយ។ បច្ចុប្បន្ន លិខិតឆ្លងដែន ត្រូវឆ្លងកាត់មន្ត្រីអន្តោប្រវេសន៍ ប្រព័ន្ធរបស់គាត់ ហើយគាត់នឹងបោះត្រាចេញ ហើយត្រឡប់មកវិញគាត់បោះត្រាចូល។ នៅពេលពលរដ្ឋខ្មែរ ចាប់ផ្តើមប្រើ E-gates លែងបោះត្រាទៀតហើយ។ ចំពោះមុខ អនុញ្ញាតពីរ គឺអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ និងសៀមរាប៕