កិច្ចប្រជុំពិភាក្សាស្តីពីវឌ្ឍនភាពនៃការលក់លេខចុះបញ្ជីយានយន្តរបស់គណៈកម្មការអន្តរក្រសួង
ថ្ងៃព្រហស្បតិ៍ ១១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ លោកជំទាវ កុយ សុដានី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្តគ្រួសារ និងរថយន្តធុនស្រាល បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីវឌ្ឍនភាពនៃការលក់លេខចុះបញ្ជីយានយន្តរបស់គណៈ កម្មការអន្តរក្រសួង។
កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិនិត្យមើលរបាយការណ៍វឌ្ឍនភាពនៃការលក់លេខចុះបញ្ជីយានយន្ត និងបញ្ហាផ្សេងៗ សំដៅធានាដល់ការគ្រប់គ្រងការចុះបញ្ជីយានយន្តរថយន្តគ្រួសារ និងរថយន្តធុនស្រាលឱ្យមានប្រសិទ្ធភាព ក៏ដូចជាធានាដល់ការគ្រប់គ្រងចំណូលពីការលក់លេខចុះបញ្ជីយានយន្តឱ្យមានតម្លាភាពផងដែរ។
លោកជំទាវ បានជំរុញឱ្យសមាជិកគណៈកម្មការអន្តរក្រសួងដើម្បីគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្តគ្រួសារ និងរថយន្តធុនស្រាល ផ្តល់ធាតុចូលបន្ថែមដើម្បីធ្វើឱ្យសេចក្ដីព្រាងអនុក្រឹត្យស្តីពីផ្លាកលេខ រថយន្តពិសេសកាន់តែមានភាពរលូន ធានាបានប្រសិទ្ធភាព និងតម្លាភាព។
ជាមួយគ្នានេះផងដែរ លោកជំទាវ ក៏បានក្រើនរំលឹកដល់សមាជិកគណៈកម្មការអន្តរក្រសួង អំពីប្រសាសន៍ណែនាំរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឱ្យបញ្ឈប់ទាំងស្រុងនូវការចុះបញ្ជី រថយន្តចង្កូតស្ដាំចាប់ពេលនេះតទៅ សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតអប្បបរិមា ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា “ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍”។