ឆ្នាំស៊ីហ្គេម:ការប្រមូលផ្ដុំកីឡានឹងយកតែអ្នកមាន ពេលវេលាគ្រប់គ្រាន់ដើម្បីហាត់
ភ្នំពេញ:ឆ្នាំ២០១៩នេះជាឆ្នាំនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣០ ដែលនឹងធ្វើនៅប្រទេសហ្វីលីពីននាចុងឆ្នាំនេះ ។
ឆ្នាំនេះជាឆ្នាំយុទ្ធសាស្រ្តរបស់កម្ពុជាក្នុងការត្រៀមខ្លួន ដើម្បីចូលរួមប្រកួតកីឡាថ្នាក់តំបន់ដែលធ្វើរៀងរាល់ឆ្នាំសេសនេះ ។ លោកប៉ុន សុខប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានប្រាប់ឲ្យដឹងថា ពេលនេះក្រសួងអប់រំយុវជន និង កីឡាកំពុងតែពិនិត្យមើល ពីការប្រមូលផ្ដុំឲ្យបានលឿន ដើម្បីព្នលឿនទៅលើការហ្វឹកហាត់ របស់េអត្តពលិក ។
លោកបានបញ្ជាក់ឲ្យដឹងទៀតថាមកទល់ពេលនេះ ការកំណត់ពីចំនួនប្រភេទ កីឡាសម្រាប់ប្រមូលផ្ដុំនៅឡើយទេតែឆ្នាំស៊ីហ្គេមបែបនេះ ការប្រមូលផ្ដុំនឹងធ្វើទៅលើប្រភេទកីឡា ដែលត្រូវចេញទៅចូលរួមកីឡាស៊ីហ្គេមពិសេសប្រភេទកីឡាដែល មានសក្ដានុពលតែម្ដង ។
លោកអ៊ុក សិទ្ធិជាតិអគ្គនាយកកីឡាមានប្រសាសន៍ដែរថា ការប្រមូលផ្ដុំក្រសួងអប់រំយុវជន និង កីឡានឹងពិនិត្យទៅលើគុណភាពអត្តពលិក និង គុណភាពគ្រូបង្វឹក ។ ជាមួយគ្នានោះសីលធម៌ និង វិន័យក៏ត្រូវតែពង្រឹងដែរ ។
ជម្រំប្រមូលផ្ដុំគឺសម្រាប់កីឡាករ-កីឡាការិនី និង គ្រូបង្វឹកដែលមាន ពេលបេលាគ្រប់ដើម្បីហ្វឹកហាត់ និងបង្ហាត់ដោយមិនទទួលយកអ្នកដែលគ្មានពេល សម្រាប់ហ្វឹកហាត់ និង បង្ហាត់នោះឡើយ ។
ក្នុងមួយឆ្នាំៗរដ្ឋបានចំណាយថវិកាអស់ជាច្រើន សម្រាប់កីឡាជម្រើសជាតិហេតុនេះអ្វីៗត្រូវតែធ្វើដោយតម្លាភាព ។
លោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ដែរថាចំនួនប្រភេទកីឡា ដែលត្រូវបញ្ជូនទៅចូលរួមកីឡាស៊ីហ្គេម នៅមិនទាន់បានកំណត់នៅឡើយទេ ។ សម្រាប់កីឡាស៊ីហ្គេមគឺរយៈពេល៦ខែ មុនការប្រកួតមកដល់ទើបគេ កំណត់ឲ្យប្រទេសនីមួយៗកំណត់ពីចំនួន និង ប្រភេទកីឡាដែលខ្លួនត្រូវបញ្ជូន
ទៅចូលរួមប្រកួត ។បន្ទាប់មកទើបកំណត់ពីឈ្មោះអត្តពលិកដែលនោះ ជាការកំណត់ចុងក្រោយ ។
លោកបន្តថាឆ្នាំ២០១៩ និង ២០២១គឺជាឆ្នាំយុទ្ធសាស្រ្តហេតុនេះ កម្ពុជាត្រូវតែបញ្ជូនកីឡាទៅចូលរួមប្រកួតឲ្យបានច្រើន ។ ឆ្នាំ២០២៣ជាឆ្នាំដែលកម្ពុជាធ្វើជា ម្ចាស់ផ្ទះស៊ីហ្គេមដូច្នេះ ការប្រកួតលើកទី៣០ និង ៣១គឺជាការប្រកួតមួយដែលកម្ពុជា ត្រូវតែពង្រឹងខ្លួនឯងដើម្បីឲ្យដឹងថា តើកម្ពុជាពេលនេះកំពុងតែឈរនៅទីតាំងណា ។