គណៈកម្មការផ្សារអូរឫស្សី សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ច រៀបចំសណ្តាប់ធ្នាប់អនាម័យ មុនពិធីចូលឆ្នាំចិន ខណៈប្រជាពលរដ្ឋសម្រុកចូលផ្សារ
ភ្នំពេញ៖ គណៈកម្មការផ្សារអូរឬស្សី បានសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ច រៀបចំសណ្តាប់ធ្នាប់ អនាម័យ មុនពិធីចូលឆ្នាំចិន ខណៈដែលអាជីវករ និងប្រជាពលរដ្ឋសម្រុកចូល ក្នុងផ្សារ ដើម្បីទិញបន្លែបង្ការ សាច់ និងសម្ភារផ្សេងៗទៀត ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាម នៅប៉ុន្មានថ្ងៃទៀតនេះ។
មន្ត្រីដែលបម្រើការងារឲ្យគណៈកម្មការផ្សារអូរឫស្សី បានរាយការណ៍ឲ្យដឹងថា សម្រាប់សកម្មភាពការងារ ប្រចាំថ្ងៃសុក្រ ទី១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ គណៈកម្មការផ្សារអូរឫស្សី បានសហការនិងបំពេញការងារ បានមួយចំនួន ដូចជា បន្តពង្រឹងការងារសន្តិសុខតាម គោលដៅ ល្បាតចល័ត ការពារសុវត្ថិភាពជាប្រចាំ ទាំងវេនថ្ងៃនិងវេនយប់។
គណៈកម្មការផ្សារអូរឫស្សី បានដឹកនាំកម្លាំងចុះរៀបចំ សណ្ដាប់ធ្នាប់តាមតូប អគារ និងតាមដងផ្លូវជុំវិញបរិវេណផ្សារ (ផ្លូវលេខ ១១១ . ១៦៦ .១៣៩. ១៤១ . ១៨២) និងណែនាំដល់ម្ចាស់ការ៉ាសម៉ូតូ ឲ្យដាក់តាមការកំណត់ ដែលគណៈកម្មការផ្សារ បានកំណត់ឲ្យ ហើយបានណែនាំ ឲ្យអាជីវករដាក់តាំងទំនិញ លក់ដូរ តាមការកំណត់របស់គណៈកម្មការផ្សារ និងបានណែនាំឲ្យប្រុងប្រយ័ត្ន ពីបញ្ហាភ្លើងផ្សែង ហាមមិនឲ្យមានការលក់គ្រឿងផ្ទុះ (ផាវ.រំសេវ) បញ្ហាចាក់សោតូប ត្រូវវេចខ្ចប់ ទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ។ បន្តសហការជាមួយកម្លាំង ការិយាល័យនគរបាលសណ្ដាប់ធ្នាប់ ខណ្ឌ៧មករា ធ្វើការអប់រំណែនាំ និងឃាត់យានជំនិះ ដែលបើកបរបញ្ជ្រាសទិសចរាចរណ៍ និងបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព សរុបបានចំនួន (១៧គ្រឿង) យកទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីធ្វើការអប់រំណែនាំបន្ត និងផាកពិន័យតាមផ្លូវច្បាប់។ បន្តសហការជាមួយនគរបាលប៉ុសិ៍្តរដ្ឋបាលអូរឫស្សីទី១ និងនគរបាលប៉ុសិ៍្តរដ្ឋបាលអូរឫស្សីទី៣ ធ្វើការអប់រំណែនាំ ដល់អ្នកបើកបរ និងឃាត់យានជំនិះ ដែលបើកបរបញ្ជ្រាសទិសចរាចរណ៍ និងបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព សរុបបានចំនួន (៩គ្រឿង) យកទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីធ្វើការអប់រំណែនាំបន្ត និងផាកពិន័យតាមផ្លូវច្បាប់។
កម្លាំងការិយាល័យសណ្ដាប់ធ្នាប់រាជធានីភ្នំពេញ សហការជាមួយកម្លាំងប្រចាំការ នៅចំណតបេនឡាន ឃាត់កង់បីឥណ្ឌា១គ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 1HG – 9801 ដែលចតទុកចោល នៅលើផ្លូវ១១១ ធ្វើឲ្យកកស្ទះចរាចរណ៍ យកមករក្សាទុកនៅទីស្នាក់ការ ហើយបានរងចាំម្ចាស់ មកធ្វើការអប់រំណែនាំរួចឲ្យត្រឡប់ទៅវិញ។ ថ្ងៃនេះ ចរាចរណ៍នៅជុំវិញបរិវេណផ្សារ(ផ្លូវលេខ ១១១ .១៣៩ . ១៤១ .១៦៦ .១៨២) មានការកកស្ទះបន្តិចបន្តួច តែកម្លាំងគ្រប់គោលដៅនៅជុំវិញ បរិវេណផ្សារជួយសម្រួលចរាចរណ៍ កុំឲ្យមានការកកស្ទះ ដើម្បីឲ្យប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើដំណើរ។
ពាក់ព័ន្ធនឹងការងារអនាម័យ បរិស្ថាន នៅថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០១៩ ប្រធានគណៈកម្មការផ្សារអូរឫស្សី បានអញ្ចើញប្រធានអនាម័យ និងភ្នាក់ងារអនាម័យ ក្នុងផ្សារអូរឬស្សី មកចូលរួមប្រជុំ ដើម្បីពង្រឹងការងារអនាម័យ ឲ្យបានល្អបន្ថែមទៀត។ ភ្នាក់ងារអនាម័យបន្កការបោសសម្អាត ប្រមូល សំរាមនៅជុំវិញបរិវេណផ្សារ ជារៀងរាល់ពេលព្រឹក។
ភ្នាក់ងារអនាម័យបានបន្តការ បោសសម្អាត ប្រមូលសំរាមជុំវិញបរិវេណផ្សារ រាល់ពេលល្ងាច និងសហការជាមួយក្រុមហ៊ុន ស៊ីនទ្រី ដឹកជញ្ជូនកាកសំណល់ ឲ្យបានស្អាតជាប្រចាំ។ ភ្នាក់ងារអនាម័យធ្វើការចាក់ទឹក ដុស លាង សម្អាតទ្រុងមាន់ជាប្រចាំរៀងរាល់ពេលយប់។ នាយប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ ប្រធានគណៈកម្មការផ្សារអូរឫស្សី បានដឹកនាំកម្លាំង ចុះយុទ្ធនាការធ្វើការចាក់ទឹកដុស លាង បោសសម្អាតអនាម័យ នៅក្នុងផ្សារ១សប្តាហ៍ ហើយ ដើម្បីឲ្យទីផ្សារមានអនាម័យស្អាតល្អបន្ថែមទៀត។
ពាក់ព័ន្ធនឹងការងារភាស៊ី គណៈកម្មការផ្សារ បានបន្តពង្រឹង និងណែនាំម្ចាស់អាជីវកម្មភាស៊ី មិនឱ្យទទួលផ្ញើយានជំនិះ ប៉ះពាល់សណ្តាប់ធ្នាប់ ព្រមទាំងយកតម្លៃ ឱ្យបានត្រឹមត្រូវ តាមសៀវភៅបន្ទុក។
មន្ត្រីកាំកុងត្រូល មកប្រចាំការនៅផ្សារអូរឫស្សីចំនួន២នាក់ (ស្រី២នាក់) ចុះពិនិត្យសាច់ក្រក នៅតូបលេខ (ខ.១៥ តូបលេខ ១៩ . ៩៧ . ៩៩) ជាលទ្ធផល មិនមានសារធាតុគីមី ហាមឃាត់ នៅក្នុងចំណីអាហារទេ។
ប្រធានគណៈកម្មការផ្សារអូរឫស្សី សហការជាមួយប៉ូលីសពន្លត់អគ្គិភ័យ ដើម្បីពិនិត្យបំពង់ពន្លត់អគ្គិភ័យ នៅក្នុងផ្សារអូរឫស្សី សរុបទាំងអស់ចំនួន ១២៨បំពង់ (ធំចំនួន៩៨ តូចចំនួន៣០) ខូចអស់ចំនួន២៤បំពង់ (ធំចំនួន១៩ តូចចំនួន៥) ហើយបានយកបំពង់ខូចទាំងនោះ ដើម្បីយកទៅបញ្ចូលសារជាថ្មី។
គណៈកម្មការផ្សារអូរឫស្សី សហការជាមួយទូរទស្សន៍ BTV ចុះសម្ភាសន៍អាជីវករ លក់ជ្រូកខ្វៃ នៅតូបលេខ (៣៩.៤៩) ពីបញ្ហានៃការលក់ដូរនៅឆ្នាំនេះ ធៀបទៅនឹងឆ្នាំមុន និងតម្លៃនៃការលក់នៅថ្ងៃធម្មតា ធៀបទៅនឹងថ្ងៃបុណ្យទានថា តើខុសគ្នាដែរឬទេ ? ជាលទ្ធផលការលក់ដូរ របស់អាជីវករនៅឆ្នាំនេះ គឺដាច់ជាងឆ្នាំមុនៗ ព្រោះមានបងប្អូនចិន និងខ្មែរកាត់ចិន ភាគច្រើនមានជំនឿលើប្រពៃណីចិន ក្នុងការសែន ដើម្បីឲ្យរកស៊ីមានបាន ហើយរដូវនេះ គឺជារដូវដែលលក់ដាច់ជាងថ្ងៃបុណ្យទានផ្សេងៗ ។ ចំណែកតម្លៃនៃការលក់ដូរ នៅថ្ងៃធម្មតា និងថ្ងៃបុណ្យទានវិញ មិនខុសគ្នាច្រើនទេ គឺខុសគ្នាបន្តិចបន្តួចតែប៉ុណ្ណោះ។
ប្រធានគណៈកម្មការផ្សារអូរឫស្សី សហការជាមួយមន្ត្រីអគ្គិសនីកម្ពុជារាជធានីភ្នំពេញ និងក្រុមហ៊ុនអគ្គិសនី ប្រចាំនៅផ្សារអូរឫស្សី ចុះពិនិត្យកុងទ័រ តាមតូបនៅក្នុងផ្សារអូរឫស្សី។ ប្រធានគណៈកម្មការផ្សារ បានសហការជាមួយជាងធ្វើទ្វារ ដើម្បីធ្វើការជួសជុលទ្វារ នៅច្រកទី១១ ឲ្យបានល្អឡើងវិញ៕