ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងអភិវឌ្ឍន៍ជនបទ ចុះផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ បង្ការក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន

116


ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមការងារសុវត្ថិភាពចរាចរណ៍ នៃគម្រោងកែលម្អផ្លូវជនបទជំហាន២ សហការគ្នាចុះផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ជូនប្រជាពលរដ្ឋនៅខេត្តចំនួនពីរ គឺខេត្តកំពង់ស្ពឺ និងខេត្តកំពង់ធំ ក្នុងគោលបំណងបង្ការទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៏ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ខាងមុខនេះ។
លោក ផាន់ សុជាតិ ទីប្រឹក្សាសុវត្ថិភាពចរាចរណ៍របស់គម្រោងអភិវឌ្ឍន៏ជនបទបានឲ្យដឹងនៅថ្ងៃទី០២ មករាថា យុទ្ធនាការនេះ បានរៀបចំឡើងស្របពេលគ្នាជាមួយនឹងយុទ្ធនាការ ដែលរៀបចំដោយគណកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សំដៅរួមគ្នា ធ្វើយ៉ាងណាឲ្យអ្នកបើកបរគ្រប់រូប បង្កើនការប្រុងប្រយ័ត្នខ្ពស់ឮគោរពនិងអនុវត្តច្បាប់ចរាចរណ៍​ឲ្យបានខ្ជាប់ខ្ជូនគ្រប់ៗគ្នា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ព្រោះវាជាកំឡុងពេលមួយ ដែលមនុស្សម្នាជាច្រើនប្រារព្ធពិធី ដោយមានការជួបជុំហូបចុកសប្បាយនៅតាមគេហដ្ឋាននីមួយៗ ព្រមទាំងធ្វើដំណើរនៅតាមដងផ្លូវត្រូវចេះការពារខ្លួន។ ព្រោះថា ក្នុងកំឡុងពេលបុណ្យទានធំៗ កំណើននៃអត្រាគ្រោះថ្នាក់ចរាចរណ៍ មានអ្នកស្លាប់ និងរបួស គឺមានការកើនឡើងខ្ពស់គួរឲ្យព្រួយបារម្ភហើយដែលភាគច្រើនគឺបង្ករឡើងដោយការបើកបរហួសល្បឿនកំណត់ និងការបើកបរក្រោយពេលទទួលទានគ្រឿងស្រវឹង ពិសេសមិនគោរពច្បាប់ចរាចរណ៏តែម្តង។
លោកបន្តថា ជាទំលាប់នៅមុនបុណ្យទានធំៗក្រុមការងារសុវត្ថិភាពចរាចរណ៍នៃគម្រោងកែលម្អផ្លូវជនបទជំហាន២ របស់ក្រសួងអភិវឌ្ឍន៍ជនបទ តែងតែ សហការគ្នាជាមួយ អាជ្ញាធរដែនដី មន្ត្រីនគរបាល ព្រះសង្ឃ តាជីយាយជី អ្នកស្ម័គ្រចិត្ត លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស បានរៀបចំធ្វើ យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស ក៏ដូចជាអ្នកប្រើប្រាស់ផ្លូវគ្រប់រូបនៅតាមបណ្តាដងផ្លូវ ដើម្បីឲ្យចេះបង្ការគ្រោះថ្នាក់នៅពេលធ្វើដំណើរ។
លោក យុទ្ធនាបញ្ជាក់ថា ការអប់រំផ្សព្វផ្សាយនេះ បានប្រារព្ធធ្វើឡើងរយៈពេល២ថ្ងៃ ក្នុងខេត្តចំនួន២គឺ កំពង់ធំ និង កំពង់ស្ពឺ ដោយបានប្រើប្រាស់នូវបដា ឧគ្ឃោសនស័ព្ទ ខិតប័ណ្ណអប់រំ មួកសុវត្ថិភាព ការដាក់ស្តង់អប់រំសាធារណៈ ជាមួយនងដំណើរក្បួនយានយន្តផ្សព្វផ្សាយសារ ព្រមទាំងការដើរប្រោះព្រំមន្តដោយព្រះសង្ឃតាមបែបសាសនា តាមដងផ្លូវរបស់គម្រោងដែលមានអ្នកចូលរួមសរុបចំនួន ៨២៦នាក់ ក្នុងនោះមានស្រ្តីចំនួន៤១០នាក់។ ជាមួយគ្នាផងដែរ សារក៏បានក្រើនរំលឹកនៃយុទ្ធនាការនេះ ក៏ត្រូវបានដាក់ផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមរយៈ វិទ្យុ ទូរទស្សន៍ កាសែត និងបណ្តាញសង្គម ដើម្បី ក្រើនរំលឹកដល់អ្នកបើកបរគ្រប់រូបទាំងអស់ ទាំងនៅតាមបណ្តាខេត្តគោលដៅ របស់គម្រោងនិងខេត្ត/ក្រុងមិន មែនស្ថិតក្នុងគោលដៅគម្រោងបានស្វែងយល់អំពីផលវិបាក និងទម្លាប់ខុសឆ្គងទាំងឡាយដែលអាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង នឹងបង្វែឲ្យមកគោរពច្បាប់ចរាចរណ៍ដោយខ្ជាប់ខ្ជួន និងចូលរួមចំណែកកាត់បន្ថយចំនួន អ្នកស្លាប់ របួសធ្ងន់ធ្ងរ និងពិការភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ។

យោងតាមរបាយការណ៍ នៃប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឆ្នាំ២០១៧ បង្ហាញថាការ​ប៉ះទង្គិចគ្នាតាមដងផ្លូវ កើនឡើងនៅក្នុងកំឡុងពេលពិធីបុណ្យសំខាន់ៗ ដូចជាបុណ្យចូលឆ្នាំប្រពៃណីជាតិ បុណ្យភ្ជុំបិណ្ឌ បុណ្យអុំទូក ពិសេស បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ។ ដូចនេះ ​បានជាយុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍នេះ ត្រូវបានរៀបចំឡើង ដោយមានការចូលរួមពីមន្ត្រីជំនាញ របស់​មន្ទីរ​អភិវឌ្ឍន៍ជនបទ ជំនាញផ្នែកខាងសុវត្ថិភាពចរាចរណ៍ គ្រូបង្គោលសុវត្ថិភាពចរាចរណ៍សហគមន៍ អាជ្ញាធរមូលដ្ឋាន នគរបាល អ្នកស្ម័គ្រចិត្ត លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ដើម្បី ឲ្យពលរដ្ឋដែលរស់នៅតាមដងផ្លូវរបស់ គម្រោងឲ្យបានជ្រាបច្បាស់ ពីហានិភ័យផ្សេងៗ មុន និងក្នុងកំឡុងពេលស្ថាបនាផ្លូវ ក៏ដូចជាក្រោយពេលដែលផ្លូវត្រូវបានសាងសង់រួចរាល់ផងដែរ។
ដោយឡែក យោងតាមប្រភពទិន្នន័យ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណ នៃ​អគ្គស្នងការនគរបាលជាតិ នាឆ្នាំ២០១៨ បានបង្ហាញឲ្យដឹងថា មានករណីគ្រោះថ្នាក់ទូទាំងប្រទេសកម្ពុជាចំនួន ៣,២៦៧ករណី បណ្តាលឲ្យមានអ្នកស្លាប់១,៧៦១ និងរបួសរហូតដល់៤,៧៧០។ ចំនួននេះ មានការថយចុះបន្តិចបន្តួតិចតួច ប៉ុន្តែនៅមិនទាន់ស្របទៅតាមទឹសដៅ នៃផែនការជាតិកាត់បន្ថយចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ២០១១-២០២០ សំដៅសង្គ្រោះជីវិតមនុស្សឲ្យបាន៧,៣៥០នាក់ ត្រឹមកំឡុងពេល១០ឆ្នាំ នៅឡើយ។

លោក បញ្ជាក់ថា បន្ទាប់ពីយុទ្ធនាការផ្សព្វផ្សាយនេះទៅ ប្រជាពលរដ្ឋ ពិសេស​អ្នក​បើកប​រគ្រប់​រូបនឹង ងាកមកគិតគូរអំពីសុវត្ថិភាពផ្ទាល់ខ្លួន និងរបស់អ្នកដទៃ។ គ្រោះថ្នាក់ចរាចរណ៍​ កើតមានជាហូរហែរមិនដែលលោះពេលនោះទេ ព្រោះតែការធ្វេស ប្រហែស មិនយោគយល់អធ្យាស្រ័យ និងល្មើស ច្បាប់ចរាចរណ៍នោះឯង ដែលមានដូចជា ការបើកបរហួសល្បឿនកំណត់ បើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងវ៉ាជែង​ក្នុង​ស្ថានភាពគ្រោះថ្នាក់ មិនគោរពសិទ្ធិអាទិភាព ជិះម៉ូតូមិនមានពាក់មួក និងមិនដាក់ខ្សែក្រវាត់សុវត្ថិភាពពេលជិះរថយន្ត ជាដើម ។ល។ ដូចនេះយើងត្រូវប្រឹងប្រែងរួមគ្នា សំដៅធ្វើយ៉ាងណាឲ្យផ្លូវដែលយើងបានសាងសង់ នេះពោរពេញទៅដោយសុវត្ថិភាពនិង​ផ្តល់ជាប្រយោជន៍ក្នុងការបង្កភាពងាយស្រួលជូនដល់ប្រជាពលរដ្ឋក្នុងសហគមន៍ លើកស្ទួយសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋ​​កិច្ចសង្គមជាតិទាំងមួល នៅក្នុងកម្ពុជា។

សូមបញ្ជាក់ថា; កម្មវិធីសុវត្ថិភាពចរាចរណ៍សហគមន៍នេះ គឺជាផ្នែកមួយ នៃគម្រោងកែលម្អផ្លូវជនបទជំហាន២ ដែល​ត្រូវ​អនុវត្ត ក្នុងបណ្តាខេត្តចំនួន១០ រួមមាន ខេត្តកំពង់ចាម ត្បូងឃ្មុំ តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិសាត់ បាត់តំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ ដែលមានផ្លូវចំនួន៧០ខ្សែ និងចម្ងាយផ្លូវសរុបជាង១២០០គីឡូម៉ែត្រ៕ ០២​ ០២​​ ១៩ អត្ថបទ កូឡាប

អត្ថបទដែលជាប់ទាក់ទង