ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បារាំង សន្យាតស៊ូមតិ ជាមួយប្រទេស នៅសហភាពអឺរ៉ុប ផ្តល់ភាពយុត្តិធម៌ ដល់កម្ពុជា

84

ភ្នំពេញ៖ ក្រោយពីមានការ​ដាក់​​សម្ពាធ ​មក​លើកម្ពុជា ក្រោមលេសសិទ្ធមនុស្ស និងប្រជាធិបតេយ្យ សមាជិកព្រឹទ្ធសភាបារាំង លោក ហ្វ្រង់ស្វ័រ ហ្គ័រ៉ូសឌីឌីយេ បានជំរាបជូន លោកស្រី កិត្តិសង្គហ​បណ្ឌិត​ម៉ែន សំអន លើកឡើងថា លោក នឹងជួបពិភាក្សាបន្តបន្ទាប់ ជាមួយប្រទេសសមាជិក សហភាពអឺរ៉ុប ដើម្បីឲ្យពិនិត្យឡើងវិញ នៃការ​ដាក់​សម្ពាធមកលើកម្ពុជា ក្រោមលេសចោទប្រកាន់ ពីសិទ្ធមនុស្ស និងការអនុវត្តន៍លទ្ធិប្រជាធិបតេយ្យ។

​តាមការបញ្ជាក់ឲ្យដឹងពី លោក ណុប ចាន់ណារិន្ទ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ នៅក្រោយជំនួប​ ពិភាក្សា​រវាង​លោក​ស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់​ទំនង​ជា​មួយ​រដ្ឋ​សភា-ព្រឹទ្ធសភា និងអធិការកិច្ច ជា​មួយ​ ឯ,ឧ ហ្វ្រង់ស្វ័រ ហ្គ័រ៉ូសឌីឌីយេ សមាជិកព្រឹទ្ធសភា​ និងជាអនុប្រធាន ក្រុមមិត្តភាពព្រឹទ្ធសភា បារាំង-កម្ពុជា កាលពី​ល្ងាច​ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ។

លោក ហ្វ្រង់ស្វ័រ ហ្គ័រ៉ូសឌីឌីយេ បានបញ្ជាក់ថា៖ នេះជាដំណើរទស្សនកិច្ចលើកទី២ របស់លោកនៅ​កម្ពុជា ហើយតាម​រយៈទស្សនកិច្ចនេះ លោក បានមើលឃើញច្បាស់ ពីសភាពការណ៍ពិត នៅកម្ពុជា ទាំងល្បឿននៃការអភិវឌ្ឍ ការរីកចំរើនវិស័យសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា គឺមានភាពធូរធារ ពិសេសឃើញពីភាព​សុខសាន ​របស់​ប្រជាជន​កម្ពុជា ដែល​ផ្ទុយ​ពីការលើកឡើង របស់បុគ្គលមួយចំនួន ជាប្រទេសសមាជិក សហភាពអឺរ៉ុប ថា គ្មានការ​គោរព​សិទ្ធិមនុស្ស និងមិនមាន​លទ្ធិប្រ​​ជាធិបតេយ្យ ។

សមាជិកព្រឹទ្ធសភាបារាំងរូបនេះ បាន​ចាត់​ទុក​ថា៖ ការលើកឡើងទាំងអស់ខាងលើ ជាលេសពិតប្រាកដ ​ដើម្បី​​ដាក់​​​គំ​នាបមកលើប្រទេសកម្ពុជា ក្រោមការជំរុញពីសហរដ្ឋអារិក តាមរយៈការគំរាមដក​ប្រព័ន្ធ​អនុគ្រោះ ​ពន្ធ​(EBA)​​ ដែល​ជាក់ស្តែង នៅចំពោះមុខនេះ គេកំពុងនិយាយពីវិស័យអង្កររបស់កម្ពុជា ។

លោក បន្តទៀតថា៖ បើនិយាយពីប្រជាធិបតេយ្យ និងការគោរព​សិទ្ធ​​មនុស្សនៅកម្ពុជា គឺមានលក្ខណៈល្អប្រសើរជាងប្រទេស នៅអឺរ៉ុប និងនៅប្រទេសប្រជាធិបតេយ្យ មួយ​ចំនួន​ទៅ​ទៀត ដែលប្រទេសខ្លះ មានការឡើងកាន់ អំណាចមិនមានការបោះឆ្នោតផង ហេតុអីគេមិននិយាយ មកនិយាយ​តែ​កម្ពុជា គ្រា​ដែល​ការបោះឆ្នោតគ្រប់អាណត្តិនៅកម្ពុជា មានគណបក្សនយោបាយ ជាច្រើន​ចូលរួម ប្រកួតប្រជែង ពិសេស​ការ​បោះ​ឆ្នោត កាលពី​ឆ្នាំ​២០១៨ ដែលជាការបោះឆ្នោត អាណត្តិទី៦ កម្ពុជាមានគណបក្ស រហូតដល់​​ទៅ២០ចូលរួម និងមាន​ប្រ​ជា​​ពល​រដ្ឋ​ ទៅ​បោះឆ្នោតជាង ៨៣ភាគរយឯណោះ ។

លោក សមាជិកព្រឹទ្ធសភាបារាំងរូបនេះ បាន​ធ្វើ​ការប្រៀបធៀបចំៗ ទៅនឹងប្រទេសអ៊ីតាលី ដែលជា​ប្រ​ទេស​​​​សមាជិកអឺរ៉ុប ដែលមិនបានគោរព អនុវត្តលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធមនុស្ស ពេញលេញនៅឡើយទេ​មក​​​​ដល់​ពេល​នេះ តែបែរជាបណ្តាប្រទេស នៅក្នុងអឺរ៉ុបខ្លួនឯង និងសហរដ្ឋអាមេរិក ធ្វើមិនដឹងមិន​ឮទៅវិញ ។

ជាចុងក្រោយ លោក ហ្វ្រង់ស្វ័រ ហ្គ័រ៉ូសឌីឌីយេ សន្យាជាមួយលោកស្រី ម៉ែន សំអន ថា៖ នឹងបន្ត​ជួប​ពិ​ភាក្សា​​បន្តបន្ទាប់​ជាមួយ​ប្រទេស​សមាជិក​សហ​ភាព​​អឺរ៉ុប ដើម្បីឲ្យពិនិត្យឡើងវិញពីការគំរាមដក​ប្រព័ន្ធ​អនុ​គ្រោះ​​ពន្ធ (EBA)មកលើ​កម្ពុជា ក្រោមលេសប្រជាធិបតេយ្យ និងការគោរពសិទ្ធមនុស្ស។ដូចនេះ សហភាពអឺរ៉ុប គួរតែ​ពិនិត្យ​រួម​គ្នា ដើម្បីបន្ថយកំដៅនយោបាយ ហើយលោកសមាជិក ព្រឹទ្ធសភាបារាំងរូបនេះថា ការរំលាយគណបក្សសង្គ្រោះ​ជាតិ គឺជា​ការ​សំ​រេចរបស់តុលាការ មិនមែនជាការសំរេច របស់រាជរដ្ឋាភិបាលនោះទេ ។

​ជាការឆ្លើយតប លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអរគុណចំពោះ ការយកចិត្តទុក​ដាក់​របស់ភាគីបារាំង ដែលគាំទ្រកម្ពុជា លើយន្តការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ដែលកំពុង​មាន​ភាពល្អប្រសើរ នៅកម្ពុជា ។

លោកស្រីថា៖ អាស្រ័យដោយការខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ធ្វើ​​ឲ្យ​​ប្រទេស​កម្ពុជា ដែលធ្លាប់​ឆ្លងកាត់សង្គ្រាមស៊ីវិល​ដ៏​ជូរចត់អស់ជិតបីទសវត្សរ៍ មកជាប្រទេសមានសន្តិភាព​ និងមាន​ឱ​កាស​​បន្ត ​ការអភិវឌ្ឍ​ផ្នែក​សេដ្ឋ​កិច្ច សង្គម និង​វប្ប​ធម៌របស់ខ្លួនបន្តទៀត ហើយក្នុង​​រយៈ​ពេល​ជាង ​២០​ឆ្នាំ​ចុ​ង​ក្រោយនេះ កម្ពុជាមានកំណើន សេដ្ឋកិច្ចខ្ពស់ និង​​ថេរជាង​៧ភាគ​រយ​ក្នុង​មួយ​ឆ្នាំ និង​​​​បាន​ប្រែក្លាយខ្លួន​ពីសមរភូមិ ទៅជាទីផ្សារដ៏​ទាក់​ទាញ​ និង​ពីប្រទេស​ដែល​មាន​ការអភិវឌ្ឍតិចបំផុត ឬក្រីក្រ​បំផុត ទៅជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កំរិត​ទាប។

លោកស្រី ម៉ែន សំអន បានបន្តថា៖ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំបន្ថែមទៀត ក្នុង​ការ​ពង្រឹង​​សន្តិ​ភាព ការពារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស តាមរយៈការដោះស្រាយ និងបញ្ចប់ទំនាស់ គ្រប់​រូប​ភាព ដើម្បីប្រ​យោជន៍​ជាតិ និងប្រជាជនកម្ពុជា ។ ព្រោះ២០ឆ្នាំចុងក្រោយនេះ ក្រោមយុទ្ធសាស្ត្រ នយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិ មានសន្តិភាពពេញលេញ ហើយកាលពីចុងឆ្នាំ២០១៨ និង ដើមឆ្នាំ ២០១៩ ប្រជាជនកម្ពុជា បានចូលរួមអបអរសាទរ នូវព្រឹត្តិការជាប្រវត្តិសាស្ត្រចំនួន៣ធំៗ ដែលក្នុងនោះមាន ព្រិត្តិការរំលឹកខួប២០ឆ្នាំ នៃនយោបាយឈ្នះ ឈ្នះ និងសម្ភោធវិមានឈ្នះ ឈ្នះពិធីរំលឹក​ខួបលើក​ទី៤០ នៃថ្ងៃបង្កើត​រណៈ​សិរ្ស​សង្គ្រោះជាតិកម្ពុជា និងព្រឹត្តិការខួបលើកទី៤០ឆ្នាំ នៃការរស់ឡើងវិញ របស់ប្រជាជនកម្ពុជា នាថ្ងៃ​ជ័យ​ជំនះ​៧មករា ១៩៧៩ ។

សូមរំលកថា៖ នៅក្នុងដំណើរទស្សនកិច្ច របស់លោក ហ្វ្រង់ស្វ័រ ហ្គ័រ៉ូសឌីឌីយេ សមាជិកព្រឹទ្ធសភា​ និងជា​អនុ​ប្រធាន ​ក្រុមមិត្តភាពព្រឹទ្ធសភាបារាំង-កម្ពុជា នៅកម្ពុជានាពេលនេះ ក៏មានការចូលរួមដំណើរ ដោយ លោក ហ៊ុន ម៉ាណែត ប្រធាន​ក្រុមការងារ យុវជនគណបក្ស ប្រជាជនកម្ពុជា នៅក្រៅប្រទេស លោកសាត វិច្ឆិកា ប្រធានសមាគម​កុមារ​ជ័យ និងលោក Pascal Babin អនុប្រធានសមាគម ហើយប្រតិភូនេះ នឹងទៅទស្សនកិច្ច នៅខេត្តសៀមរាប និងបន្ត​នាំយកមូលនិធិមួយចំនួន របស់សមាគមកុមារជ័យ ដើម្បីផ្តល់ដល់កុមារ នៅខេត្តបន្ទាយមានជ័យផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង