បើស្រវឹងកុំបើកបរ! គ្រោះថ្នាក់ចរាចរ ស្លាប់អ្នកជិះម៉ូតូ ១នាក់ រីឯអ្នកបើកបររថយន្តរត់គេចខ្លួនបាត់
ព្រះវិហារ៖ គ្រោះថ្នាក់ចរាចរនៅស្រុកគូលែង ខេត្តព្រះវិហារ នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩ ម្សិលមិញនេះ បានកើតឡើងចំនួន១លើក បង្កដោយរថយន្តដឹកដីបុកជាមួយម៉ូតូលើផ្លូវជាតិលេខ 64 ក្នុងភូមិស្រយ៉ង់ត្បូង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ បណ្ដាលឲ្យមានមនុស្សស្លាប់ម្នាក់ នេះបើយោងតាមរបាយការណ៍របស់ លោក ប៉ាង យៀត អភិបាលស្រុកគូលែន ។
លោក ប៉ាង យៀត អភិបាលស្រុកគូលែន បានរៀបរាប់តាមរយៈប្រព័ន្ធតេឡេក្រាមថា : អ្នកបើកបរម៉ូតូឈ្មោះ ជិន រុំ ភេទប្រុស អាយុ 36ឆ្នាំ មានស្រុកកំណើត នៅខេត្ត តាកែវ ហើយបច្ចុប្បន្ន(មិនទាន់ស្គាល់អាសយដ្ឋាន) បានបើកបរម៉ូតូម៉ាក HONDA Dream C125 ព័ណខ្មៅ ស៊េរីឆ្នាំ2009 ពាក់ស្លាកលេខកំពង់ធំ 1A-9168 បានស្លាប់នៅកន្លែងនឹងកើតហេតុ រីឯអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់។
អភិបាលស្រុកគូលែន បានបញ្ជាក់ថា ចំពោះមូលហេតុបណ្ដាលឲ្យមានករណីគ្រោះថ្នាក់នេះឡើង គឺអ្នកបើកបរម៉ូតូ បើកបរក្នុងស្ថានភាពស្រវឹងស្រា និងបើកបរហួសល្បឿនកំណត់ ហើយដល់កន្លែងកើតហេតុ ក៏រ៉េចង្កូតចូលចំណែកផ្លូវរថយន្ត ក៏បុកជាមួយរថយន្តតែម្ដង។ បច្ចុប្បន្នវត្ថុតាងទាំងពីរបានយកមករក្សាទុកនៅ ប៉ុស្តិ៍នគរបាលស្រយង់ ដើម្បីរងចាំការដោះស្រាយតាមផ្លូវច្បាប់៕